Sunday, February 19, 2012

៤នាក់ឪពុក-ម្តាយ និងកូន ជិះម៉ូតូទៅការបងប្អូន ត្រូវរថយន្តបុកស្លាប់ ឪពុក និងម្តាយ កូនតូចៗ២នាក់ របួសធ្ងន់ស្រាល

គ្រោះថ្នាក់ចរាចរដ៏សែនអកុសល្យ ទាំងព្រឹក បានបណ្តាលឲ្យប្តី-ប្រពន្ធមួយគូស្លាប់ បន្សល់ ទុកកូនតូចៗ២នាក់ រងរបួសធ្ងន់ស្រាលគួរឲ្យសង្វេគ។ គ្រោះថ្នាក់ចរាចរដ៏គួរឲ្យសង្វេគនេះ បានកើតឡើង នៅវេលាម៉ោង ៧ និង២០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ លើកំណាត់ផ្លូវជាតិ លេខ៥ ក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈដែលជនរងគ្រោះ ៤នាក់ឪពុក-ម្តាយ និងកូនតូចៗ កំពុងធ្វើដំណើរទៅចូលរួមពិធីមង្គលការ បងប្អូននៅខេត្តបាត់ដំបង។
មន្រ្តីនគរបាលចរាចរណ៍បានឲ្យដឹងថា លោក រើន ប៊ុនរឹទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជាប្តី និងស្រ្តីជា ប្រពន្ធ ញ៉ៅ សាំវើត អាយុ ២៥ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ត្រូវបាន រថយន្តបុកផ្លោងជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។ ដោយឡែក កុមារី រឹទ្ធ ស្រីពេជ្រ និង រឹទ្ធ ស្រីពិន ជាកូន
ដែលនៅតូចៗនៅឡើយនោះ បានរងរបួសធ្ងន់ ស្រាល ត្រូវបានបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ។
មន្រ្តីនគរបាលនគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ៤នាក់ឪពុក-ម្តាយ និងកូនតូច ២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-9751 បើកបរលើបណ្តោយផ្លូវជាតិលេខ៥។ លុះដល់ចំណុចកើតហេតុ បុរសជាអ្នកបើកបរម៉ូតូ បានបើកគេចពីរថយន្តក្រុងមួយគ្រឿង ដែលកំពុងតែចាប់ភ្ញៀវតាមផ្លូវ ជាហេតុធ្វើមិនឲ្យឃើញពីខាងមុខ ស្រាប់តែពេលនោះ មានរថយន្តម៉ាក់តូយូតាទេសចរណ៍មួយគ្រឿង ពណ៌ស ៨កៅអី ពាក់ស្លាក លេខបន្ទាយមានជ័យ 2A-1074 បើកបរដោយលោក ហាន វិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ បន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ក្នុងទិសដៅបញ្រ្ចាសគ្នា បានបុកជាមួយម៉ូតូពេញទំហឹង លាន់ឮដូចរន្ទៈខែប្រាំង បណ្តាលឲ្យឪពុក និងម្តាយផ្លោងជាច្រើនម៉ែត្រស្លាប់ភ្លាមៗ រីឯកូនស្រីតូចៗ រងរបួសធ្ងន់ និងស្រាល ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុភ្លាមៗនោះ គេបានឃើញនគរបាលចរាចរណ៍ស្រុក មង្គលបុរីចុះទៅអន្តរាគមន៍ និង រៀបចំសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូជនរង គ្រោះ និងរថយន្តជនបង្កត្រូវបាននគរបាលយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងសោកនាដកម្មទាំងព្រឹកបណ្តាលមកពីគ្រោះថ្នាក់ចរាចរខាងលើនេះ ប្រជាពលរដ្ឋនៅកន្លែង កើតហេតុ បានលើកឡើងថា គ្រោះថ្នាក់កើតឡើងហើយ ភាគីរងគ្រោះទាំងអស់សុទ្ធតែមានចំណែក ខុសទាំងអស់គ្នា ជាពិសេសការបើកបរខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ជាដើម។ តែទោះ ជាយ៉ាងនៅក្នុងហេតុការណ៍នេះ រថយន្តក្រុងក៏មានចំណែកខុសផងដែរ ក្រុមហ៊ុនរថយន្តក្រុងនីមួយៗ សុទ្ធតែមានចំណតរបស់ខ្លួន គួរតែឲ្យភ្ញៀវទៅរង់ចាំនៅចំណត ដើម្បីឡើងរថយន្ត មិនគួរដើរដាក់ភ្ញៀវ តាមផ្លូវសាធារណៈនោះទេ ព្រោះរថយន្តក្រុងជារថយន្តប្រភេទធំៗ គឺវាបង្កនូវការកកស្ទះចរាចរណ៍ និងធ្វើឲ្យអ្នកដំណើរផ្សេងពិបាកក្នុងការធ្វើដំណើរផងដែរ។
ជាក់ស្តែងករណីខាងលើនេះ នៅពេលជនរងគ្រោះបើកម៉ូតូចៀសពីរថយន្តក្រុងដែលកំពុងដាក់ភ្ញៀវ ហើយរថយន្តក្រុងនេះមានទំហំធំ ជាហេតុធ្វើឲ្យបាំងជនរងគ្រោះមិនអាចមើលឃើញរថយន្តផ្សេងទៀត  ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា ក៏បណ្តាលឲ្យមានគ្រោះថ្នាក់ដ៏រន្ធត់នេះតែម្តងទៅ។ ដូច្នេះមន្ត្រីមានសមត្ថកិច្ច ក៏ដូចជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ គួរតែពិនិត្យចំណុចនេះឡើងវិញ ចៀសវាង ដើម្បីប្រយោជន៍ខ្លួនឯង តែបណ្តាលឲ្យអ្នកដទៃរងគ្រោះ ព្រាត់ប្រាស់គ្នា ឬនិយាយឲ្យខ្លីប្រមូល ប្រយោជន៍ លើគំនរទុក្ខរបស់អ្នកដទៃ៕(DAPNEWS)

Comments system

Disqus Shortname