Monday, February 20, 2012

អាំង​ថ្ងៃ​ជួយឲ្យអាយុវែង

ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស ទើបនឹង​រកឃើញថា ការ​អាំង​ថ្ងៃ​នៅពេល​ព្រឹម​ព្រហាម នឹង​ជួយ​មនុស្ស​ឱ្យមានអាយុ​វែង​ជាង អាស្រ័យ​ដោយ​ការបន្ថយ​បាន​គ្រោះថ្នាក់​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម។​

​    ​ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា មនុស្ស​ខ្វះ​វីតាមីន D ច្រើនតែ​ត្រូវ​ច្របូកច្របល់​ដំណើរការ​បំប្លែង​សារជាតិ​, បង្កើន​ការ​ប្រឈម​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម។ ការស្រាវជ្រាវ​របស់​ម​ហា​វិទ្យាល័យ Warwick បាន​បង្ហាញថា ការ​ឆាប់​ភ្ញាក់​ពី​ព្រលឹម​ចំណាយពេល​អាំង​ថ្ងៃ​ឱ្យបាន​ច្រើន នឹង​ផលិត​បាន​វីតាមីន​ច្រើនជាង។​


​    ​ទំនាក់ទំនង​រវាង​វីតាមីន D និង​ដំណើរការ​បំប្លែង​សារជាតិ​ពាក់ព័ន្ធ​ជិតស្និទ្ធ​ជាមួយគ្នា​។ ពេល​ខ្វះ​វីតាមីន​នោះ ដំណើរការ​នេះ​តែង​ត្រូវ​ច្របូកច្របល់ អាច​នាំ​ដល់​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ ដូច្នេះហើយ អ្នកមាន​អាយុ​ច្រើនត្រូវបាន​ទូន្មាន​គួរ​ចំណាយពេល​ ៥-៣០នាទី ​ដើម្បី​អាំង​ថ្ងៃ មួយ​សប្តាហ៍​ឱ្យបាន​ពីរដង។​

​    ​ការប្រកាស​ថ្មីៗ​នេះ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស ក៏​បង្ហាញថា ប្រសិនបើ​ពេលវេលា​ហាលថ្ងៃ​មិន​គ្រប់ ឬ​ បរិមាណ​វីតាមីន D ស្រូប​ចូលក្នុង​សរីរាង្គ​មិន​គ្រប់គ្រាន់ នោះ​អាច​បណ្តាលឱ្យ​កើត​ជំងឺ​ពើត​ឆ្អឹង​រ៉ាំរ៉ៃ​នៅ​ស្ត្រី។​

​    ​វីតាមីន D ចាំបាច់​យ៉ាងខ្លាំងសម្រាប់​មនុស្ស​ ក្នុងការ​ថែរក្សា​សុខភាព​របស់​គ្រោងឆ្អឹង។ ជាធម្មតា ពេល​យើងអាំង​ថ្ងៃ រាងកាយ​អាច​សំយោគ​បាន​វីតាមីន D​។ ទន្ទឹម​នោះ អាហារ​ទាំងឡាយ​ ដូចជា ត្រី​ ផ្នែក​ក្រហម​នៃ​ស៊ុត ឬ ប៊័រ​សិប្បនិម្មិត សុទ្ធសឹង​ជា​អាហារ​មាន​ផ្ទុក​វីតាមីន D។ ស្ត្រីភេទ ​ក្នុង​មួយថ្ងៃ​ត្រូវការ​វីតាមីន D ពី​ ៧៥-៩៩ mmol/​លីត្រ ទើប​អាច​ធានាបាន​សុខភាព​របស់​គ្រោងឆ្អឹង។ ប្រសិន​ក្នុង​មួយថ្ងៃ​ស្រូបយក​តិចជាង​ ២៥ mmol/​លីត្រ នោះ​នឹង​បង្កើនគ្រោះថ្នាក់​ត្រូវ​ឈឺ​ពើត​រ៉ាំរ៉ៃ។ មនុស្សពេញវ័យ ប្រសិន​ខ្វះ​វីតាមីន D ធ្ងន់ធ្ងរ នោះ​អាច​កើត​ជំងឺ​អំពី​ឆ្អឹង។​

​    ​ភាគច្រើន​នៃ​មនុស្ស​គ្រប់គ្នា អាច​ស្រូបយក​វីតាមីន D ទៅក្នុង​សរីរាង្គ​ តាមរយៈ​ការទទួល​ ឬ ​ប្រាស្រ័យ​ជាមួយពន្លឺព្រះអាទិត្យ។ ប៉ុន្តែ​ចំពោះ​ស្ត្រី​មានគភ៌ ស្ត្រី​ទើប​សម្រាលកូន ឬ​ ស្ត្រី​មាន​អាយុ​ច្រើននោះ​ ក្នុង​មួយថ្ងៃ​ត្រូវ​ស្រូបយកវីតាមីន D ប្រមាណ​ ១០​មីក្រូ​ក្រាម​៕S

Comments system

Disqus Shortname