ភាពទន់ភ្លន់របស់ពលរដ្ឋជប៉ុន ដូចជាការគោរព
ការនិយាយស្ដី និងការប្រព្រឹត្តឥរិយាបថផ្សេងៗមិនថា តែក្នុងប្រទេស
ឬក្រៅប្រទេសឬក្នុងសង្គមរបស់ជប៉ុនប៉ុណ្ណោះទេ
ទោះជានៅស្ទើរគ្រប់ទីកន្លែងណាក៏ដោយ គឺជនជាតិជប៉ុន
តែងតែបង្កប់នៅភាពរួសរាយ រាក់ទាក់ និងឲ្យតម្លៃគ្នាទៅវិញទៅមកជានិច្ច
ដែលបានធ្វើឲ្យដក់ជាប់ក្នុងដួងចិត្តមនុស្សរាល់គ្នា។ នេះគឺជាការគោរព
និងឲ្យតម្លៃចំពោះដៃគូសន្ទនារបស់ខ្លួនមិនថា តែជនជាតិជប៉ុនដូចគ្នា
ឬជនបរទេសនោះទេ។
ប្រជាជនជប៉ុន គឺជាមនុស្សដែលគោរព និង
ឲ្យតម្លៃដល់មនុស្សដូចគ្នា មិនថាស្គាល់ ឬមិនស្គាល់គ្នានោះទេ
ហើយថែមទាំងចេះជួយយកអាសាគ្នា ដោយមិនគិតពីការតបស្នងអ្វីត្រឡប់មកវិញទៀតផង។
នេះគឺជាកាយវិការដ៏ទន់ភ្លន់
និងឥរិយាបថថ្លៃថ្នូររបស់ជនជាតិជប៉ុនទៅលើមនុស្សរាល់គ្នា
និងថែមទាំងធ្វើឲ្យអ្នកដែលបានជួបហើយមិនអាចបំភ្លេចបានទៀតផង
និងមិនតែប៉ុណ្ណោះអ្នកទាំងឡាយដែលបានជួបជនជាតិជប៉ុន
នឹងឈានទៅចាប់យកឥរិយាបថទាំងនោះដោយមិនដឹងខ្លួនក៏ថាបាន ។
ចំពោះការនិយាយស្ដី ការអង្គុយ
និងការបរិភោគអាហាររបស់នារីជនជាតិជប៉ុន គឺមានភាពថ្លៃថ្នូរ ទន់ភ្លន់
រហូតដល់មានមតិខ្លះបានលើកឡើងថា ស្រ្តីជនជាតិជប៉ុនមានចរិតសុភាពរាបសារ
និងទន់ភ្លន់ជាងគេនៅលើពិភពលោក។
ភាពលេចធ្លោខាងវប្បធម៌នៃការគោរព និង
ឥរិយាបថទន់ភ្លន់របស់ជនជាតិជប៉ុននេះគឺជាការ
បង្ហាញដល់ពិភពលោកទាំងមូលឲ្យបានឃើញ ពីការផ្លាស់ប្ដូរទាំងស្រុងនៃភាពកាចសាហាវ
និង ការរំលោភដែនដីរបស់ជប៉ុនកាលពីអំឡុងសង្គ្រាមលោក
មកជាការចាប់យកកិច្ចសហប្រតិបត្តិការ ការកសាងសន្តិភាព
និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសាកលលោកទាំងមូល៕(កោះសន្តិភាព)