Saturday, November 3, 2012

ស្ថាប័ន ប្រឆាំង អំពើពុករលួយ បញ្ជូនជនសង្ស័យម្នាក់ ដែលកាងឈើ ទៅតុលាការ ខេត្តពោធិ៍សាត់ បន្ទាប់ពីសួរចម្លើយ

www.dap-news.comភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ បោង ពុទ្ធារិទ្ធ ដែលត្រូវបានគេដឹងថា ជានាយអាវុធហត្ថខេត្តពោធិ៍សាត់ ទៅតុលាការខេត្ត ពោធិ៍សាត់ ចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានបើកការសាកសួរចប់សព្វគ្រប់ពីបទ អំពើ ពុករលួយកាងឈើ។
យោងតាមព័ត៌មានពីស្ថាប័ន ប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ក្រោយបីបានព័ត៌មាន មានរថយន្តមួយចំនួនបើកដឹកឈើគ្រញូង កាត់តាមផ្លូវជាតិលេខ៥ ពីលិចទៅកើត ព្រះរាជអាជ្ញាអមតុលាការខេត្តពោធិ៍សាត់ បានសុំឲ្យរដ្ឋបាលព្រៃឈើធ្វើការទប់ស្កាត់។
លោក ប៉ុល ចន្ថា អនុប្រធានផ្នែកព្រៃឈើ ស្រុកក្រគរ និងកម្លាំងសហការពីផ្នែកនានា បានរួមគ្នាទប់ស្កាត់បទល្មើសនេះ។
ព័ត៌មានពីស្ថាប័នប្រឆាំង អំពើពុករលួយ បានឲ្យដឹងទៀតថា ម៉ោង ២២ និង១៥នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ក្បួនរថយន្តលុចស៊ីស ៤គ្រឿង បានមកដល់ហើយត្រូវបានកម្លាំងចម្រុះរាំងស្ទាក់ស្រាប់ តែលោក បោង ពុទ្ធារិទ្ធ ដែលអាងអំណាចខ្លួន និងបានផលប្រយោជន៍ពីអ្នកដឹកឈើ បានមកគំរាមជេរប្រមាថសមត្ថកិច្ច មិនឲ្យឃាត់រថយន្តលុចស៊ីស ទាំង៤គ្រឿង នោះ ហើយលោក បោង ពុទ្ធ រិទ្ធ បាននាំរថយន្តទាំងនោះចេញទៅ។លោក បោង ពុទ្ធារិទ្ធ បានទទួលផលប្រយោជន៍ (លុយកាក់) ពីអំពើខុសច្បាប់នេះ។
កន្លងមក ផ្លូវជាតិលេខ៥ ជាក់ស្តែងក្នុងទឹកដីខេត្តពោធិសាត់នេះ ការបង្រ្កាបបទល្មើសតែងមានការលំបាក ព្រោះច្រើនមានអ្នកមករារាំងការពារបង្កើត ឧបសគ្គដល់សមត្ថកិច្ច។
អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា ក្រោយស្តាប់ចម្លើយសាក្សី ៧រូប និងក្រោយ ស្តាប់ចម្លើយរបស់ជនសង្ស័យ បោង ពុទ្ធារិទ្ធ និងបានផ្ទៀងផ្ទាត់ភស្តុតាង ចម្លើយនានាមក អង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា ជនសង្ស័យ បោង ពុទ្ធារិទ្ធ ជាប់ពាក់ព័ន្ធ ៖
ទី១. គំរាមកំហែងមន្រ្តីរដ្ឋបាលព្រៃឈើ ឬរារាំងដល់ការបំពេញភារកិច្ច ក្នុងប្រតិបត្តិការរបស់មន្រ្តីរដ្ឋបាលព្រៃឈើ (មាត្រា១០០ នៃច្បាប់ព្រៃឈើ)។
ទី២. ចាត់វិធានការរារាំងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់ នូវអត្ថប្រយោជន៍ (មាត្រា៣៥បទរំលោភអំណាចនៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ)៕

Comments system

Disqus Shortname