លោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិការ នេះថា ជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ ស៊ុន ទី ភេទប្រុស អាយុ៥០ឆ្នាំ ប្រកបមុខរបរទាហាន នៅអង្គភាពវរៈសេនាតូច លេខ៥១៣ ចំណុះឲ្យកងពលតូចលេខ៥១ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយមកស៊ីឈ្នួលយាមចំការដូងប្រេង ដែលមានថៅកែជាជនជាតិថៃ។
លោកអធិការបានបន្តថា តាមការត្រួតពិនិត្យលើសព ជនរងគ្រោះត្រូវបានគេសម្លាប់ខណៈដេកក្នុងអង្រឹង ដោយជនដៃដល់ប្រើពូថៅ កាប់ត្រង់ក្បាលបណ្តាលឲ្យរបួស សុះសាច់រួចគេចខ្លួនបាត់។
គួរបញ្ជាក់ថា បើទោះបីជាបែបណានោះ នគរបាលមូលដ្ឋាន កំពុងបើកការស្រាវជ្រាវជុំវិញករណីនេះ ដើម្បីឲ្យដឹងច្បាស់ថា នេះជាគំណុំ ឬជាករណីប្លន់ ព្រោះថា នៅមិនឆ្ងាយប៉ុន្មានម៉ែត្រពីសពជនរងគ្រោះ សមត្ថកិច្ចបានរកឃើញកាបូបប្រាក់ កាតធ្វើការផ្សេងៗរបស់ជនរងគ្រោះ ត្រូវបានគេហែកចោលលើដី៕