Sunday, February 19, 2012

កិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្ត្រី ការបរទេស G២០ នឹងរៀបចំនៅមិចស៊ិក

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ប្រទេសមិចស៊ិកូ នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រៅ ផ្លូវការមួយ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តី ការបរទេស មកពីបណ្តាប្រទេសជាសមាជិករបស់ G២០ ដែលត្រូវបានរៀបចំឡើង ក្នុងទីក្រុង Los Cabos។ ទីក្រុង Los Cabos នេះនឹងក្លាយជាកន្លែង សម្រាប់កិច្ចប្រជុំកំពូលរបស់ G២០ នៅខែមិថុនា ឆ្នាំ២០១២ខាងមុខផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ G២០ នេះ
ត្រូវបានរៀបចំឡើងក្នុងគោលដៅប្រមូលផ្តុំគំនិតទាក់ទង ទៅនឹងបញ្ហាសំខាន់នានាទូទាំងពិភពលោក ព្រមទាំងការដាក់ចេញនូវចក្ខុវិស័យ ក៏ដូចជាការចែករំឡែក បទពិសោធន៍ផ្សេងៗ របស់រដ្ឋមន្ត្រីការបរទេស ដែលមកពីបណ្តាប្រជាជាតិទាំង២០ ជាសមាជិក ក៏ដូច ជាបណ្តាប្រទេសដទៃទៀតទូទាំងពិភពលោក។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ បញ្ហាសំខាន់ៗដែលធ្លាប់បានលើកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលនានា ក្នុង រយៈពេលមួយឆ្នាំមកនោះ នឹងត្រូវបានលើកឡើងជាប្រធានបទក្នុងកិច្ចប្រជុំនេះផងដែរ។ ក្នុងបរិបទ នៃ ការធា្លក់ចុះនូវកំណើនសេដ្ឋកិច្ច និងការរងសម្ពាធបណ្តាលមកពីវិបត្តិនានា បានទាមទារឲ្យពិភពលោក ធ្វើសកម្មភាព ដើម្បីឆ្លើយតបជាបន្ទាន់។
អ្នកចូលរួមដែលជារដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសសំខាន់ៗទាំង២០ទូទាំងពិភពលោក នឹងធ្វើ ការពិភាក្សាដោយសេរី និងបើកចំហក្នុងគោលដៅស្វែងរកភាពប្រសើរឡើងសម្រាប់ពិភពលោកទាំង មូល។ កិច្ចប្រជុំនេះ នឹងធ្វើការពិភាក្សាលើកត្តានានា ដែលបង្កឲ្យមានបញ្ហារាំងស្ទះដល់ការគ្រប់គ្រង ពិភពលោក។ ទាក់ទងបញ្ហានេះ កិច្ចពិភាក្សានឹងភ្ជាប់ជាមួយតួនាទីដែល G២០ ត្រូវទទួលខុសត្រូវក្នុង គោលដៅលុបបំបាត់ឧបសគ្គនានា ដែលតែងតែកើតមានក្នុងកិច្ចសហប្រតិបត្តិការណ៍ពហុភាគី។
ជាមួយគ្នានេះដែរ ពួកគេក៏នឹងពិភាក្សា ដើម្បីរិះរកមធ្យោបាយធ្វើយ៉ាងណាពង្រឹងតួនាទីច្បាប់ ក្នុងទំនាក់ ទំនងអន្តរជាតិឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ក្រៅពីនេះ កិច្ចប្រជុំនឹងស្វែងរកមធ្យោយបាយធ្វើ យ៉ាងណា បង្កើនការធ្វើវិនិយោគទុន ក៏ដូចជាការអភិវឌ្ឍសង្គម និងសន្តិសុខស្បៀងអាហារពិភពលោក ផងដែរ។ រដ្ឋាភិបាលមិចស៊ិក បានបង្ហាញជំនឿថា ការចូលរួមរបស់ភាគីជាសមាជិករបស់ G២០ និង បណ្តាប្រទេសដទៃទៀត នឹងជួយឆ្លុះបញ្ចាំងបញ្ហានានា ដែលពិភពលោកកំពុងប្រឈមមុខពេលបច្ចុប្បន្ន។
ដោយឡែក គោលដៅសំខាន់ នៃកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Cabos នាពេលខាងមុខ នឹងត្រូវបាន រៀបចំឡើងក្នុងគោលដៅស្វែងរកសកម្មភាពថ្មីៗ ដើម្បីជំរុញឲ្យបណ្តាប្រទេសនានាទូទាំងពិភពលោក បំពេញបន្ថែមនូវតួនាទី ទំនួលខុសត្រូវរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាជាតិទាំងអស់ ទូទាំងពិភពលោក៕(DAPNEWS)

Comments system

Disqus Shortname