Sunday, February 19, 2012

សាលា​ខណ្ឌ​ទួលគោក ​ចាប់​រថយន្ត​ដឹក​សំពីងសំពោង​ និង​រថយន្ត​ដឹក​ខ្សាច់​​ហូរ​ទឹក​ប្រឡាក់​ផ្លូវ​

រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​សំពីង​សំពោង​មួយ​គ្រឿង​​ និង​រថយន្ត​ដឹក​ដី​ខ្សាច់​​​មួយ​គ្រឿង​ដែល​ហូរ​ទឹក​ប្រឡាក់​ផ្លូវ​ត្រូវ​ អាជ្ញា​ធរ​​ខណ្ឌ​ទួល​គោក ​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ ​អភិ​បាល​​រង​ខណ្ឌ​ចាប់​បញ្ជូន​ទៅ​​សាលា​ខណ្ឌ​​ កាលពី​​ព្រឹក​ថ្ងៃទី​​១៨ កុម្ភៈ ដោយ​សារ​​តែ​​រថយន្ត​ទាំង​នោះ​ធ្វើ​ចរាចរណ៍​​ដឹក​ទំនិញ​​ និង​ដឹក​ខ្សាច់​​មិន​គោរព​​ទៅតាម​ការ​ណែ​នាំ​របស់​សាលា​រាជធានី​ភ្នំពេញ ។

រថយន្ត​​ដែលអា​ជ្ញា​​ធរ​​ឃាត់​ទុក​​នោះ​មួយ​គ្រឿង​ ម៉ាក FUSO ពណ៌ស្ករ ​ជា​រថយន្ត​ដឹក​ខ្សាច់​ដែល​មាន​ទឹក​ហូរ​ធ្លាក់​ប្រឡាក់​ផ្លូវ និង​មួយ​គ្រឿង​​ទៀត​ម៉ាក KIA ពណ៌ស ​​ដឹក​សំបក​​ធុង​ទឹក​បរិ​សុទ្ធ ។ ​លោក​សាំង សុភៈ​វិចិត្រ ​បាន​ឱ្យ​ដឹងថា ​ការ​ឃាត់​រថយន្ត​​ដឹក​សំពីង​សំពោង​ និង​ដឹក​ដីខ្សាច់​​នេះ​ធ្វើ​ឡើង​តាម​ការណែ​នាំ​​រ​បស់​លោក​សេង រតនៈ ​អភិ​បាល​ខណ្ឌ​ទួលគោក ព្រោះ​​​រថ​យន្តទាំង​នោះ​​មិន​បាន​ស្តាប់​តាម​ការ​ណែ​នាំ​របស់​​សាលា​រាជ​ ធានីភ្នំពេញ ​ដោយធ្វើ​ឱ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​សាធារណៈ និង​សោភ័ណភាពរាជ​ធានី​ភ្នំពេញ ។
លោក​សាំង ​សុភៈ​វិចិត្រ ​បាន​បន្ត​ទៀតថា ​គ្រប់​រថយន្ត​ដឹក​ធ្ងន់​សំពីងសំពោង​​ត្រូវ​សាលា​រាជ​ធានីភ្នំពេញ ​ហាម​ឃាត់ ។ ចំណែក​រ​ថយន្ត​​ដឹក​ដី​ខ្សាច់​ ទោះ​បី​ជា​មាន​​ច្បាប់​អនុ​ញ្ញាត​ឱ្យ​ចូល​រាជ​ធានី​​ភ្នំពេញ ក៏ដោយ​ក៏ត្រូវ​គោរព​តាម​ការ​ណែនាំ​ដែល​ហាម​ធ្វើ​ចរាចរណ៍​​នៅ​ចន្លោះ​​ម៉ោង​៦ ​និង​៣០​នាទី​ព្រឹក​​ដល់​ម៉ោង​​៨​និង​៣០​នាទី​ព្រឹក និង​ពី​ម៉ោង​​១១​ដល់​១២ ​ឯ​ពេល​​ល្ងាច​ហាម​ពី​ម៉ោង​​៥​ទៅ ៦​ល្ងាច និង​ហាម​ធ្វើ​ចរាចរ​​លើ​កំណាត់​ផ្លូវ​ព្រះ​នរោត្តម​ ផ្លូវ​សហ​ព័ន្ធ​​រុស្សុី ផ្លូវព្រះ​មុនី​វង្ស ​ផ្លូវ​​ម៉ៅ​សេទុង ផ្លូវ​ព្រះ​សីុសុវត្ថិ ​ផ្លូវ​ព្រះ​សុធា​រស់ ​ផ្លូវ​ព្រះ​សីហនុ ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ផ្សារ​ដឺ​ហ្គោល ​ផ្លូវ​​នេហ៍រុ ​និង​ហាម​ឆ្លង​​កាត់​​ស្ពាន​ធំៗ​​ក្នុង​រាជ​ធានី​ភ្នំពេញ ៕

Comments system

Disqus Shortname