ភ្នំពេញ:
តារាចម្រៀងសិចស៊ី ឆៃលី ដាឡែន
ដែលរងព្យុះភ្លៀងមិនចេះឈប់ឈរ ព្រោះតែភាពសិចស៊ី បានត្អូញត្អែរថា
រូបភាពសិចស៊ី ដែលមានរហូតដល់បញ្ចេញគល់សុដន់ និងក្បាលពោះរបស់នាង
ពេលសម្តែងនៅអាមេរិក កាលពីអំឡុងខែធ្នូ ឆ្នាំ២០១១
ត្រូវបានចុះផ្សាយជាញឹកញាប់ ធ្វើឲ្យនាងធ្លាក់កូដ។ រូបភាពនោះ
បានក្លាយជាស្រមោលអន្ទោរតាមប្រាណ តែងតែតាមលងបន្លាចនាង
នាំឲ្យនាងភ័យព្រួយនូវប្រជាប្រិយភាព ដែលបានធ្លាក់ចុះបន្តិចម្តងៗ។
បន្ទាប់ពីធ្វើការសុំទោសទូរទស្សនិកជនជាច្រើនលើកច្រើនសាររួចមក កញ្ញា
ឆៃលី ដាឡែន បានសង្ឃឹមថា បងប្អូនដែលធ្លាប់តែគាំទ្រកញ្ញា
នឹងលើកលែងទោសឲ្យនាង បន្ទាប់ពីនាងបានសន្យាថា
មិនឲ្យមានភាពសិចស៊ីនេះ កើតឡើងម្តងទៀតបានឡើយ។
កញ្ញា ឆៃលី
ដាឡែន បានឲ្យដឹងថា "ខ្ញុំដូចជាឆ្ងល់ ចំពោះអ្នកសារព័ត៌មានណាស់
ពួកគាត់ហាក់បីដូចជាព្យាយាម យករូបភាពដដែលៗ មកចុះផ្សាយ (
រូបសិចស៊ីពេលទៅសម្តែងនៅអាមេរិក )
ដើម្បីឲ្យអ្នកនិយមគាំទ្ររូបនាងខ្ញុំ អស់ជំនឿចិត្ត
ហើយរឹតតែធ្វើឲ្យទស្សនិកជន ជិនណាយ បន្តិចម្តងៗ
រហូតមិនអាចស្រោចស្រង់បាន”។
តារាដែលមានយីអ៊ុនខាងក្រៅ
ប្រទេសរូបនេះ មិនមានសកម្មភាពនៅលើឆាកតន្ត្រីនានា
ក្នុងស្រុកយូរមកហើយ ចាប់តាំងពីពេលនាង បានស្លៀកពាក់សិចស៊ី
ស្ទើរតែអាក្រាតកាយ នៅពេលសម្តែង នៅអាមេរិករួចមក។
ស្របពេលដែល
មានមតិរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្ររួចមក
នាងបានផ្លាស់ប្តូរឥរិយាបថជាច្រើន
ដូចជាការផ្លាស់ប្តូរស្ទីលតុបតែងខ្លួន ដោយផ្លាស់ប្តូរពីភាពសិចស៊ី
មកភាពរម្យទម្យ។
ជាក់ស្តែង
នាងបានជោគជ័យនៅប្រទេសអូស្ត្រាលី ដែលនាងបានចេញទៅសម្តែងជាមួយតារា
ដែលជាដៃគូ គឺអេឡិចចាន់ត្រា និងលោក រ៉ូលីន កាលពីថ្ងៃទី១៤ ខែមេសា
ឆ្នាំ២០១២ និងចុងក្រោយនាងបានទទួលជោគជ័យក្រៃលេង នៅប្រទេសជប៉ុន
ដោយក្នុងកម្មវិធីនោះ តារាទាំងអស់ សុទ្ធតែបានតុបតែង
កាយជាសម្លៀកបំពាក់បុរាណ។
ឆៃលីដាឡែន បានទទូចអង្វរថា
“សូមបងៗ ផ្នែកសារព័ត៌មានទាំងអស់ មេត្តាឈប់យករូបដែលសិចស៊ី
និយាយរួម គឺរូបភាពចាស់ៗ ដែលខ្ញុំថត ជាមួយក្រុមការងារ
ក៏ដូចជាមិត្តភ័ក្រពីមុនមកនោះ ឈប់យកវាមកចុះផ្សាយទៀតទៅ
ព្រោះរូបទាំងនោះ ខ្ញុំថត ដើម្បីទុកមើល
ហើយចាប់តាំងពីពេលដែលមានកំហុសបែបនោះមក ខ្ញុំក៏មិនដែលហ៊ានថតរូប
ឬក៏ស្លៀកពាក់ មិនសមរម្យទៀតដែរ។ ខ្ញុំសង្ឃឹមថា
ពួកគាត់នឹងមិនបន្តចុះផ្សាយរូបទាំងនោះ ទៀតទេ”៕