Saturday, November 3, 2012

តារាកំប្លែងស្វិតជើងម្ខាង ជីវ៉ាន់ស៊ុយ បានទទួលមរណភាព ដោយរោគាពាធ

ភ្នំពេញ: តារា​កំប្លែង ស្វិតជើង​ម្ខាង ឈ្មោះ រុន សា​រ៉េ​ន ដែល​គេ​ស្គាល់​ថា នាយ ជី​វ៉ាន់ស៊ុយ បានទទួល​មរណភាព ក្នុង​ជន្មាយុ ៥២ ឆ្នាំ កាលពី​វេលា​ម៉ោង ៨ និង ២៦ នាទី ថ្ងៃទី​៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១២ ដោយសារ​ជំងឺ មហារីក​ថ្លើម​។


​សព​ត្រូវបាន​តម្កល់ទុក​នៅផ្ទះ​របស់លោក ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។


​នាយ ជី វ៉ាន់ស៊ុយ បាន​ល្បីឈ្មោះ​បោះ​សំឡេង ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយសារ​ហោ​វា​ស័ព្ទ​ថ្វីមាត់​របស់គាត់ រួមជាមួយ​ក្រ​ម៉ិច​ក្រ​ម៉ើ​ម និង​កំប្លុកកំប្លែង​។ នាយ​ជី​វ៉ាន់ស៊ុយ មាន​ភាពល្បីល្បាញ​ខ្លាំង ដោយសារ​ជើង​ស្វិត​ខាងឆ្វេង​របស់គាត់​។​
​    ​
​ក្រោយ​តស៊ូ​នឹង​ ជំងឺមហារីក​អស់​ពេល​ជាច្រើន​ឆ្នាំ នាយទាហានស័ក្តិ៥ តារា​កំប្លែង ជី វ៉ាន់ស៊ុយ បានទទួល​មរណភាព កាលពី​ព្រឹក​មិញ​នេះ ក្នុង​ជន្មាយុ ៥២​ឆ្នាំ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​ជាង​៧ ខែ​កន្លងទៅ​។

អ្នកកំប្លែង​ ស្វិតជើង​ម្ខាង ជី វ៉ាន់ស៊ុយ ត្រូវជា​ឪពុក​នាង​ឃ្មឹ​ប (​រ៉េ​ន សុធា​រី​) អតីត​ប្រពន្ធ​នាក់​កំប្លែង នាយ ហុងដា បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​៣ វិច្ឆិកា ២០១២ នៅផ្ទះ​នា​ភូមិ​បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​    ​
​ស្ថិតក្នុង​សភាព​អត្តខាត់​ក្រោម​ ទង់ក្រពើ និង​រោង​២​ខ្នង ពិធី​បុណ្យសព​បាន​ប្រព្រឹត្តទៅ​បណ្ដើរៗ​ទាំង​ពុំទាន់​មាន​វត្ត​មានកូនៗ​មក​ ជុំគ្នា​។​
​    ​
​អ្នកស្រី ហ៊ុន សា​វន អាយុ​៥១​ឆ្នាំ ជា​ប្រពន្ធ​ប្រាប់​គេហទំព័រ CEN ថា ប្ដី​ខ្លួន ជី​វ៉ាន់ស៊ុយ (​ឈ្មោះ​ដើម រុន សា​រ៉េ​ន​) ស្លាប់​ក្នុង​អាយុ​៥២​ឆ្នាំ ដោយ​ជំងឺមហារីក​ថ្លើម​។ មុន​ស្លាប់​តារា​កំប្លែង​រូបនេះ ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​ក្នុង​អង្គរក្ស​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​នាំ​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (​ពេទ្យ​យោធា ១-៧៩) ភ្នំពេញ បន្ទាប់ពី​គាត់​ឈឺ​ធ្ងន់ ៦ ខែ​មកហើយ​។ ចេញពី​ពេទ្យ​បានមក​ព្យាបាល​ដោយ​ឱសថ​បូរាណ​ខ្លះ និង​សម័យ​ខ្លះ ហើយ​វិល​ទៅ​ពេទ្យ​ដដែល​បាន​១​ខែ ក៏ត្រូវ​ពេទ្យ​ប្រាប់ថា​ស្ថានភាព​ជំងឺ​ពុំ​អាច​ថយក្រោយ​ទេ​។ គ្រួសារ​បាន​ដឹក​មក​ផ្ទះ​បាន ៣​ថ្ងៃ ក៏​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​៣ វិច្ឆិកា ២០១២​។​
​    ​
​ភរិយា​នៃ​សព​និយាយ​បន្តថា ជី វ៉ានស៊ុយ បាន​ប្រឹង​រស់ក្នុង​សភាព​ពិការភាព តាំងពី​រៀបការ​នឹង​គ្នា​នៅ​ឆ្នាំ​១៩៧៩ ហើយ​គាត់ (​វ៉ាន់ស៊ុយ​) ចេញលេង​ភ្លៀង​ការ និង​កំប្លែង​ក្នុង​វង់​ល្ខោន​ដោយ​លេង​ដូរ​អង្ករ និង​ស្រូវ​។ ឆ្នាំ​១៩៩៤ វ៉ាន់ស៊ុយ បាន​ត្រូវ​ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ​លេខ​៩ ហៅ​ទៅ​សំដែង ព្រោះ​គាត់​ធ្លាប់​ទៅ​រស់នៅ​ជំរំ​ជនភៀសខ្លួន​ខ្មែរ និង​ស្គាល់​អ្នកធ្វើការ​នៅ​ទូរទស្សន៍​នោះ​។ ក្រោយមក​ស្ថានការណ៍​ប្រែប្រួល វ៉ាន់ស៊ុយ បាន ចូលក្នុង​ក្រុម​សិល្បៈ​កង​អង្គរក្ស​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០០៨ ហើយ​បាន​ស័ក្តិ​៤​កន្លះ​យោធា​។​
​    ​
​អ្នកស្រី ហ៊ុន សា​វន និយាយ​បន្តថា ខ្លួន និង​ប្ដី​នេះ មានកូន​៥​នាក់​ជាមួយគ្នា និង​កូនធម៌​ម្នាក់ទៀត ក្នុងនោះ​៥​នាក់​រាប់ទាំង ឃ្មឹ​ប ឬ រ៉េ​ន សុធា​រី អាយុ ២៩​ឆ្នាំ អតីត​ភរិយា​របស់​នាយ​ហុងដា តារា​កំប្លែង​ផង​។ គឺជា​អ្នកកំប្លែង​ដែល​ដំបូង​រៀន​ពី​ឪពុក​នេះ​។ ស្ត្រី​ភរិយា និង​សាច់ញាតិ ក្នុង​ទឹកមុខ​ក្រៀមក្រំ និង​ទឹកភ្នែក​រហាម អំពាវនាវ​ដល់​ប្រិយមិត្ត​អ្នកគាំទ្រ តារា​កំប្លែង​ជី វ៉ាន់ស៊ុយ មេត្តា​អាណិត​មេត្តាជួយ​ផង គឺ​ជួយ​តាម​លទ្ធភាព​មក​ខ្លួន​ប្រពន្ធ ព្រោះតែ​បាន​មើលជំងឺ​អស់ទ្រព្យ​អស់រលីង ដែល​បាន​បន្តិចៗ​ពី​ការសំដែង​។​
​    ​
​ មុននឹង​ស្លាប់ ជី វ៉ាន់ស៊ុយ បាន​លា​ប្រពន្ធ​ទាំង​អាល័យ​ដោយ​និយាយថា "​អស់ពី​ប្ដី​ទៅ​អូន​នៅ​កំព្រា​គ្មាន​ទីពឹង​"​។ តែ​ប្រពន្ធ​តប​ថា "​សូម​ព្រលឹង​បង​បាន​ទៅកាន់​ទី​សុខ​សុគតិភព​ចុះ អូន​មិន​អី​ទេ​នឹង​ខំ​រស់​បន្ត ជាមួយ​កូនៗ ដែល​៤​នាក់​ជា​អ្នកសិល្បៈ និង​២​នាក់​ជា​ពលករ​ស៊ីឈ្នួល​នៅ​ថៃ​៕​​

Comments system

Disqus Shortname