Friday, March 9, 2012

ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​ដណ្តើម​ប្រាក់​ក្នុង​ធនាគារ នឹង​ចាប់​ផ្តើម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ ខែ​មីនា ចុង​សប្តាហ៍​នេះ

ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​ចំនួន​៨​នាក់​ត្រូវ​ បាន ​សម្រិត​សម្រាំង​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​ដោយ​ម្ចាស់​ឧបត្ថម្ភ និង​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ប្រដាល់​ប្រចាំ​នៅ​លើ​សង្វៀន​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា នៅ​ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ​ដណ្តើម​ប្រាក់​ក្នុង​ធនាគារ ហើយ​អ្នក​ឈ្នះ​ទាំង​៤នាក់​ នឹង​ត្រូវ​រៀប​ចំ​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​បរ​ទេស​តាម​រូប​មន្ត​ជម្រុះ​ជា​ បន្ត​ទៀត។

ទាក់​ទង​នឹង​កម្ម​វិធី​ប្រកួត​នេះ​លោក ទី រ៉ាណាត នាយក​ផលិត​កម្ម​វិធី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បាន​ប្រាប់​ឲ្យ​ដឹង​ថា យើង​បាន​សម្រិត​សម្រាំង​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ចំនួន​៨​នាក់ ឲ្យ​ឡើង​ប្រកួត​គ្នា ហើយ​អ្នក​ឈ្នះ​៤​នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ នឹង​ត្រូវ​រៀប​ចំ​ឲ្យ​ធ្វើ​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​ចំនួន​៤​នាក់​ ផ្សេង​ទៀត​តាម​រូប​មន្ត​ជម្រុះ ដើម្បី​ដណ្តើម​យក​ជ័យ​លាភី​ នៅក្នុង​កម្មវិធី​ប្រកួត​ដណ្តើម​ប្រាក់​ក្នុង​ធនាគារ ដែល​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ។ ចំណែក​ឯ​សមាស​ភាព​កីឡាករ​បរទេស​ទាំង​៤រូប ​ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​នោះ យើង​កំពុង​សម្លឹង​រក​មើល។
យ៉ាង​ណា​មិញ​សម្រាប់​សមាស​ភាព​កីឡាករ​កម្ពុជា​ទាំង​៨​រូប ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​នោះ បាន​ជ្រើស​រើស​រួច​រាល់​អស់​ហើយ។
កីឡាករ​៤​នាក់ ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​លើក​ទី​១ នៅ​ថ្ងៃ​សៅរ៍​ ទី​១០​ ខែ​មីនា​ ខាង​មុខ​នេះ មាន អ្នក​លេង​ទម្ងន់​ដៃ​មក​ពី​សមាគម​កីឡា​ក្រសួង​ការ​ពារ​ជាតិ ពេជ្រ សីហា ត្រូវ​ជួប​ជាមួយ​ អ្នក​លេង​កម្ពស់ អ៊ុង វិរៈ របស់​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១ ខណៈ អ្នក​ប្រដាល់​ ឡុង សុវណ្ណឌឿន របស់​ក្លិប​សាលវ័ន្ត​កីឡា ត្រូវ​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់ ពៅ ស័ក្តិសិទ្ធិ មក​ពី​សមាគម​ក្រសួង​មហា​ផ្ទៃ។
ចំណែក​សមាស​ភាព​កីឡាករ​៤​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត នៅ​ថ្ងៃ​សៅរ៍​ ទី​១៧ សប្តាហ៍​បន្ទាប់​នោះ គឺ​អ្នក​ជំនាញ​ប្រើ​ក្បាច់​ចម្រុះ ឡៅ ស៊ីណាត របស់​ក្លិប​កងពល​តូច​ឆត្រ​យោង​៩១១ ត្រូវ​ជួប កីឡាករ​អាង​កម្លាំង ឡន លឿប មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០ រីឯ​អ្នក​ប្រដាល់​មុខ​ស្រស់​ក្លិប​ខេមរខ្លា​ហោះ ចាន់ រតនា នឹង​ត្រូវ​ប្រឈម​មុខ​ជា​មួយ​កីឡាករ​កំពុង​សាង​ភាព​ល្បី ប្រាក់ មករា របស់​ក្លិប​រស្មី​កុមារ​កំព្រា។
លោក ទី រ៉ាណាត បាន​គូស​បង្ហាញ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​នេះ​ថា​៖​«​ចំពោះ​កីឡាករ​កម្ពុជា​៤​ នាក់ និង​កីឡាករ​បរទេស​៤​នាក់ ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​គ្នា​ដណ្តើម​ប្រាក់​ក្នុង​ធនាគារ ដែល​ឧបត្ថម្ភ​ដោយ​ស្រាស៊ូប​ភើហ្គោល​លើក​នេះ យើង​នឹង​អនុវត្ត​ការ​ប្រកួត​តាម​រូប​មន្ត​ជម្រុះ​ដូច​សព្វ​ដង ដើម្បី​រក​អ្នក​ឈ្នះ​២​នាក់ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​សម្រាប់​ការ​ចាប់​គូ​ប្រកួត​លើក​នេះ​ វា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ការ​ប្រកួត​លើក​មុន»។
លោក​បាន​បញ្ជាក់​ថា​៖​«​កាល​ពី​មុន យើង​ដាក់​កីឡាករ​ខ្មែរ ឲ្យ​ជួប​កីឡាករ​បរទេស ក្នុង​ការ​ប្រកួត​ជម្រុះ ប៉ុន្តែ​លើក​នេះ យើង​ធ្វើ​ការ​ចាប់​ឆ្នោត​ដោយ​ប្រើ​គ្រាប់​ប៉េងប៉ុង​។ មាន​ន័យ​ថា នៅ​ថ្ងៃ​ឡើង​ប្រកួត​សប្តាហ៍​ទី​១ យើង​យក​កីឡាករ​បរទេស​២​នាក់ និង កីឡាករ​ខ្មែរ​២​នាក់ ដោយ​ឲ្យ​ពួក​គេ​ចាប់​គ្រាប់​ប៉េង​ប៉ុង ហើយ​អ្នក​ចាប់​បាន​លេខ​១ ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​អ្នក​ចាប់​បាន​លេខ​១​ដូច​គ្នា ចំណែក​អ្នក​ចាប់​បាន​លេខ​២ ត្រូវ​ធ្វើ​ការ​ប្រកួត​ជា​មួយ​អ្នក​ចាប់​បាន​លេខ​២ បើ​ទោះ​បី​ជា​ការ​ចាប់​គ្រាប់​ប៉េង​ប៉ុង​នោះ​តម្រូវ​ឲ្យ​កីឡាករ​ខ្មែរ ប្រកួត​ជា​មួយ​កីឡាករ​ខ្មែរ ហើយ កីឡាករ​បរទេស ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ដូច​គ្នា​ក៏​ដោយ​ចុះ។ និយាយ​ឲ្យ​ចំ​ទៅ​ការ​ចាប់​គូ​ប្រកួត​របស់​អ្នក​ទាំង​៤ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ចាប់​គ្រាប់​ប៉េងប៉ុង​តែ​ម្តង»។
កីឡាករ ពេជ្រ សីហា ធ្លាប់​ជួប​ជាមួយ​ អ៊ុង វិរៈ ចំនួន​២​លើករួច​មក​ហើយ។ ការ​ជួប​គ្នា​លើក​ទី​១ ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១​ និង​លេខ​២ ក្នុង​កម្ម​វិធី​ប្រកួត​ប្រដាល់​ជ្រើស​រើស​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០១១ សីហា បាន​ចាញ់​ពិន្ទុ វិរៈ ប៉ុន្តែ​សម្រាប់​ការ​ឡើង​សង​សឹក​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ សីហា បាន​ធ្វើ​ឲ្យ វិរៈ ស្មើ​ពិន្ទុ​ទាំង​ទ្រម​ខ្លួន។
ចំណែក ឡុង សុវណ្ណឌឿន ធ្លាប់​បរាជ័យ​ក្រោម​ទម្ងន់​ជើង ពៅ ស័ក្តិសិទ្ធិ ម្តង​ផង​ដែរ ប៉ុន្តែ​ជំនួប​គ្នា​ពេល​​នោះ ឡុង សុវណ្ណឌឿន នៅ​មាន​បទ​ពិសោធ​ប្រកួត​នៅ​ស្ទើរ​ជាង​បច្ចុប្បន្ន​នេះ​ឆ្ងាយ​ណាស់ ហេតុ នេះ​ការ​ប្រកួត​លើក​នេះ ពៅ ស័ក្តិសិទ្ធិ អាច​នឹង​ជួប​ការ​លំបាក​ច្រើន​ជា​មិន​ខាន​ឡើយ​៕(PK)

Comments system

Disqus Shortname