Wednesday, March 14, 2012

រដ្ឋ​មន្ត្រី​ស្នើ​ឲ្យ​ពលរដ្ឋ​បន្ថយការ​ប្រើ​ប្រាស់​ប្រេង ខណៈ​តម្លៃ​កំពុង​តែ​ហក់​ឡើង​ខ្ពស់​

អ្នក​លក់​សាំង​​តាម​​ដង​​ផ្លូវ​​នៅ​​រាជធានី​ភ្នំពេញ​​កំពុង​​ចាក់​​សាំង​​ រថយន្ត​​ឲ្យ​​អតិថិជន។ តម្លៃ​​សាំង​​បាន​ហក់​ឡើង​​ខ្ពស់ ហើយ​​រដ្ឋ​មន្ត្រី​​ស្នើ​​ឲ្យ​​សន្សំ​សំចៃ​។ B.g
ភ្នំពេញៈ ​លោក​ គាត​ ឈន់ ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ បាន​អំពាវ​នាវ​ឲ្យ​អ្នក​ប្រើប្រាស់ បន្ថយ​ការ​ប្រើប្រាស់​ប្រេង​សាំង ខណៈ​តម្លៃ​ប្រេង​ឡើង​ថ្លៃ ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​បង្កើន​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ ជា​ការ​ឧបត្ថម្ភធន​លើ​ប្រេង​ឥន្ធនៈ​ឡើយ​។
ទោះ​បី​ជា​យ៉ាង​នេះក្តី​ លោក​បញ្ជាក់​ថា អាជីវកម្ម​នៅ​កម្ពុជា គួរ​តែ​រក្សា​តម្រូវ​ការ​ប្រេង​សាំង​នា​ពេល​​បច្ចុប្បន្ន​របស់​ខ្លួន​ឲ្យ​ នៅ​បរិមាណ​ដដែល ​ដើម្បី​លើក​កម្ពស់​ផលិត​កម្ម​សេដ្ឋកិច្ច​ឲ្យ​បាន​កម្រិត​អតិប​រមា។
ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ចន្ទ​លោក គាត ឈន់ បាន​សារ​
ភាព​​ថា តម្លៃ​ប្រេង​សាំង​ពិត​ជា​ឡើង​ថ្លៃ​ខ្ពស់​ជាង​អ្វី​ដែលអ្នក​ប្រើ​ប្រាស់ មាន​ប្រាក់​ចំណូល​ទាប​នៅ​កម្ពុជា​អាច​រ៉ាប់​រង​បាន​ទៅ​ទៀត ប៉ុន្តែ​បញ្ហា​នេះ មិន​មែន​កើត​ឡើង​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ។
លោក​បាន​ថ្លែងថា៖ «វា​ជា​ហេតុការណ៍​មួយ​ដែល​កើត​មាន​នៅ​គ្រប់​ដំណាក់​កាល​ក្នុង​ប្រទេស​ទាំង​អស់​ នៅ​លើ​ពិភពលោក»។
តម្លៃ​ប្រេង​សាំងស៊ុបពែរ​បាន​ឡើង​ថ្លៃ​ដល់ ៥ ៨៥០​រៀល ​មួយ​លីត្រ​នៅ​ពេល​នេះ​។ តម្លៃ​នេះ​បាន​កើន​ឡើង​ខ្លាំង ពោល​កើន​៨,៣​ភាគ​រយ​ពី​ថ្ងៃ​ទី​៣១​ធ្នូ ២០១១។ នេះ​បើ​ផ្អែក​តាម​ស្ថិតិ​របស់​ក្រសួង​ពាណិជ្ជកម្ម។
ស្ថិតិ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ថា អតិផរណា បាន​កើន​ឡើង ៥,៨​ភាគ​រយ កាល​ពី​ខែ​មករា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន​។
លោក ​គាត ​ឈន់ ​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ប្រេង​សាំង​ឡើង​ថ្លៃ​ក៏​ដោយ ​ប៉ុន្តែ​តម្លៃ​នេះ​នៅ​តែ​ទាប​ជាង​​តម្លៃ​ជាក់​ស្តែង​ដដែល ​ដោយ​សារ​រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ធន ដែល​មាន​ចំនួន​សរុប​ពី​ ២០០​លាន ទៅ ៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​អាច​ពិចារណា​លើ​ការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ប្រេង​បាន​ ឡើយ​។ ទន្ទឹម​នឹង​នេះ​ដែរ ​លោក ​គាត ​ឈន់ បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​អាជីវកម្ម​កម្ពុជា​បង្កើន​ការ​ប្រើប្រាស់ ប្រេង​សាំង ដើម្បី​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​កម្ពុជា ទោះ​បី​ជា​ប្រេង​ឡើង​ថ្លៃ​ក៏​ដោយ។
លោក​បាន​មាន​ប្រសាសន៍​ថា៖ «​យើង​គួរ​តែ​ព្យាយាម​សន្សំ ហើយ​បង្កើន​ការ​ប្រើប្រាស់​ប្រេង​សាំង​ឲ្យ​បាន​កម្រិត​អតិបរមា ដើម្បី​បង្កើន​ផលិតកម្ម និង​លើក​កម្ពស់​សមត្ថភាព​របស់​យើង ក្នុង​ការ​ប្រកួត​ប្រជែង​​នៅ​លើ​ទីផ្សារ​អន្តរជាតិ»។
លោក ងួន ម៉េង​តិច​ អគ្គ​នាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា អ្នក​ប្រើ​ប្រាស់ ​គួរ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្រេង​សាំង ដើម្បី​សន្សំ​ប្រាក់ នៅ​ពេល​ទំនិញ​ឡើង​ថ្លៃ​ខ្ពស់។ លោក​បន្ត​ថា៖ «វា​អាច​ជា​ការ​ល្អ ប្រសិន​បើ​ប្រជាជន​របស់​យើង អាច​ធ្វើ​ដូច្នេះ​បាន ដោយ​សារ​ពួក​គេ នឹង​ចំណាយ​ប្រាក់​តិច​លើ​ប្រេង​ឥន្ធនៈ ហើយ​មាន​ប្រាក់​ច្រើន​សម្រាប់​ទិញ​ទំនិញ​ផ្សេង​»​។
ទោះ​យ៉ាង​នេះ​ក្តី​អ្នក​ប្រើប្រាស់​ និយាយ​ថា រដ្ឋាភិបាល ​មិន​ចាត់​វិធានការ​គ្រប់​គ្រង ដើម្បី​ទម្លាក់​ប្រេង​សាំង។
លោក រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​កត់​សម្គាល់​ឃើញ​ថា វា​បាន​ប៉ះ​ពាល់​ដល់​កម្មករ ​ដែល​មាន​ប្រាក់​ចំណូល​ទាប។ លោក​បាន​លើក​ឡើង​ថា៖ «វា​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង។
ការណ៍​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​ទេ»។
លោក រ៉ុង ឈន់ បាន​បន្ថែម​ថា លោក​ឆ្ងល់​អំពី​វិសាលភាព​នៃ​ការ​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​ជា​ខ្លាំង​។ លោក​បាន​សង្កត់​ធ្ងន់​ថា៖ «​អ្នក​ទាំង​នោះ គួរ​តែ​ពិនិត្យ​តាម​ដាន​ឈ្មួញ​ប្រេង ដើម្បី​ធានា​ថា ពួក​គេ​មិន​ក្រឡុក​ទីផ្សារ ហើយ​ពួក​គេ​គួរ​តែ​បន្ទាប​ពន្ធ​នាំ​ចូល​ប្រេង​ផង​ដែរ»។
តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា គឺ ១,១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​លីត្រ​។ នេះ​បើ​តាម​របាយការណ៍​របស់​សារ​ព័ត៌​មាន​វៀត​ណាម ដែល​បាន​ដក​ស្រង់​ចេញ​ពី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ។ កាល​ពី​ម្សិលមិញ​នៅ​ប្រទេស​ថៃ ក្រុម​ហ៊ុន PTT បាន​លក់​ប្រេង​របស់​ខ្លួន​ក្នុង​មួយ​លីត្រ​ថ្លៃ ១,៣​៣​ដុល្លារ​។ បើ​តាម​គេហ​ទំព័រ​របស់​ក្រុម​ហ៊ុន​។
ទន្ទឹម​នឹង​នេះ​ដែរ អាជីវកម្ម​តូច​តាច​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ទទួល​ផល​ចំណេញ​តិច​តួច ដោយ​សារ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់។ ខណៈ​ដែល​អាជីវកម្ម​ទាំង​នោះ នៅ​ថេរ ពួក​គេ​រក​ប្រាក់​ចំណេញ​​បាន​តិច​តួច​ប៉ុណ្ណោះពី​ប្រាក់​ចំណូល​ដែល​ខ្លួន​រក ​ បាន។
លោក សយ ​ប៊ុន​ណាង អាយុ ២៩​ឆ្នាំ អ្នក​រត់​រ៉ឺម៉ក​កង់​បី នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ថ្លៃ​សាំង​ឡើង​ថ្លៃ​ប៉ះ​ពាល់​ដល់​អាជីវកម្ម​របស់​ពួក​គេ។
លោក​បាន​បន្ថែម​ថា​៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ដល់​ពួក​យើង។ បើ​មិន​ដូច្នេះ​ទេ យើង​មិន​អាច​រស់​បាន​ឡើយ»៕

Comments system

Disqus Shortname