គ្រួសារមួយនេះ នេសាទត្រីជាលក្ខណៈគ្រួសារនៅតាមដងទន្លេមេគង្គ។ |
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ក្នុងស្ថានការណ៍នៃកំណែទម្រង់នយោបាយដាច់ខាតនេះ...ឥឡូវនេះគណបក្ស ប្រជាជនកម្ពុជាកាន់អំណាចត្រូវលុបចោល [ឡូត៍នេសាទ] ហើយគ្មានឡូត៍នេសាទក្នុងបឹងទន្លេសាបនៃព្រះរាជាណាចក្រកម្ពុជា តទៅទៀតទេ ហើយតាងនាមឲ្យគណបក្សកាន់អំណាច ខ្ញុំបានផ្តល់កាដូនេះសម្រាប់លោកយាយ អ្នកមីង បងស្រី ប្អូនស្រី ក្មួយស្រី ក្នុងអំឡុងទិវាសិទិ្ធនារីអន្តរជាតិនេះ»។
លោកនាយករដ្ឋមន្រ្តីក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលបានអនុញ្ញាតទំហំផ្ទៃទឹក ១៧៧ ៨៨១ ហិកតា [ត្រូវជា ៦៥,៦១ភាគរយ] សម្រាប់ប្រជាជននេសាទ ហើយដែនទឹក ៩៣ ២៤៥ ហិកតាត្រូវបានកំណត់ជាតំបន់អភិរក្ស។
ប៉ុន្តែ លោកបានបន្តថា ឡូត៍នេសាទក្នុងខេត្តកំពង់ចាម ព្រៃវែង តាកែវ កណ្តាល និងពីរទៀតក្នុងខេត្តបន្ទាយមានជ័យនឹងពន្យារពេលកំណត់រហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំនេះ។
លោកថា៖ «រដ្ឋាភិបាលយល់ដឹងយ៉ាងច្បាស់ថា ម្ចាស់ឡូត៍នេសាទត្រូវការពេលវេលាសមស្រប ដើម្បីយកគ្រឿងបរិក្ខានេសាទរបស់ខ្លួនចេញ ដូច្នេះ រយៈពេល ១ខែនឹងល្មមគ្រប់គ្រាន់សម្រាប់ម្ចាស់ឡូត៍នេសាទ។
ប្រជាជនប្រហែល ៦ លាននាក់នឹងទទួលអត្ថប្រយោជន៍ពីវិស័យជលផល លើកកម្ពស់ជីវភាពរស់នៅ ធានាសន្តិសុខស្បៀងប្រកបដោយចីរភាព និងជំរុញការរីកចម្រើនសេដ្ឋកិច្ច»។
លោកក៏បានឲ្យដឹងទៀតថា ជនសង្ស័យ និងជនជាប់ទោស ២ ភាគ ៣ បានប្រព្រឹត្តបទល្មើសនេសាទ ដោយពួកគេបង្ខំចិត្តប្រើឧបករណ៍ឆក់ ព្រោះគ្មានផ្ទៃទឹកសម្រាប់នេសាទ [ព្រោះគ្រប់កន្លែងត្រូវបានអះអាងជាកម្មសិទិ្ធដោយម្ចាស់ឡូត៍នេសាទ] ដូច្នេះ គេត្រូវអនុវត្តវិធីសាស្រ្តទាហានវាយលុក និងដកថយឆាប់រហ័ស ដូចជា ចំនួនករណីប្រើឧបករណ៍ឆក់ច្រើនកើតមានក្នុងខេត្តកំពង់ធំ។
លោក ហ៊ុន សែន បានលើកឡើងថា៖ «វាទាមទារឲ្យមានការយោគយល់គ្នាពីស្ថានភាពក្រីក្ររបស់អ្នកទោស ទាំងនោះ ដូច្នេះឧបករណ៍នេសាទស្របច្បាប់ដូចជាទូកនេសាទ ម៉ាស៊ីនភ្លើង ផ្លែសន្ទូច សំណាញ់ ត្រូវប្រគល់ឲ្យពួកគេវិញឲ្យបានឆាប់ ដោយសារយើងលើកលែងទោសពួកគេ។ ខ្ញុំបានស្នើសុំតុលាការហើយ»។
លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យនៃក្រសួងយុតិ្តធម៌ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា អ្នកទោស និងជាប់ឃុំប្រហែល ១៣៧ នាក់ ត្រូវបានកាត់ទោស និងឃុំឃាំងរង់ចាំការជំនុំជម្រះពាក់ព័ន្ធនឹងការនេសាទខុសច្បាប់។ លោក ថា៖ «ខ្ញុំមិនចាំតួលេខអ្នកជាប់ពន្ធនាគារទេ ប៉ុន្តែតុលាការខេត្តនីមួយៗជុំវិញបឹងទន្លេសាប នឹងធ្វើការដោះលែងអ្នកជាប់ពន្ធនាគារ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំមិនដឹងថាតើតុលាការខេត្តនីមួយៗបានដោះលែងពួកគេទាំងអស់ឬយ៉ាងណា នោះទេ»។
លោក ផាន វណ្ណារតន៍ ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ បានថ្លែងថា ជនជាប់ទោសបីនាក់ដោយសារបទល្មើសនេសាទ ត្រូវបានដោះលែងឲ្យមានសេរីភាព កាលពីថ្ងៃទី៧ ខែមីនា កន្លងទៅ។
ដូចគ្នាផងដែរ តុលាការខេត្តកំពង់ធំ បានដោះលែងអ្នកជាប់ពន្ធនាគារ ១១ នាក់ ហើយតុលាការខេត្តសៀមរាបបានដោះលែង១៩ នាក់ក្នុងចំណោម ២០ នាក់កាលពីដើមខែមីនា៕TK