Tuesday, March 20, 2012

គណបក្ស​សិទ្ធិមនុស្ស​សុំឲ្យ គ.ជ.ប​ធានា នូវ​បរិយាកាស​បោះឆ្នោត​សេរី-យុត្តិធម៌

ភ្នំពេញៈ គណបក្ស​សិទ្ធិ​មនុស្ស (​HRP​)បាន​អំពាវនាវ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(​គ.ជ.ប​) ធានា​ឲ្យមាន​បរិយាកាស​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដល់​ដំណើរការ​ចុះឈ្មោះ​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ ឃុំ-សង្កាត់ ដែល​គ្រោងធ្វើនៅ​ថ្ងៃ​៣មិថុនា​ខាងមុខ។ លោក អ៊ុក ស៊ុយ តំណាង​ពី​គណបក្ស HRP កាលពី​ថ្ងៃទី​១៦ មីនា ក្នុង​អំឡុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​ជាន់ខ្ពស់​របស់​គ.ជ.ប បាន​រាយការណ៍​ថា មេឃុំ-ចៅសង្កាត់​បច្ចុប្បន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​កំពុង​កាន់អំណាច​បាន​បង្ក​ការលំបាក​សម្រាប់​ការចុះឈ្មោះ​បេក្ខជន​។

លោក អ៊ុក ស៊ុយ បាន​បញ្ជាក់​ថា​៖ «​នៅពេល​បេក្ខជន​របស់​យើងដាក់​ឯកសារ​ដើម្បី​បានភាពស្របច្បាប់​របស់​ពួកគេ មេឃុំ-ចៅសង្កាត់​បច្ចុប្បន្ន តែង​បដិសេធ​បេក្ខភាព​ពួកគេ ដូច្នេះ​បេក្ខជន​របស់​យើង មិនអាច​ប្រកួត​ប្រជែង​ក្នុងការបោះឆ្នោត​បានទេ​។ ករណី​ភាគច្រើន​នៃ​ការ​ច្រានចោល​ទាំងនេះ ត្រូវ​បាន​រកឃើញ​ក្នុងឃុំ-សង្កាត់​ជាច្រើន ដូចជា នៅ​ខេត្ត​តាកែវ ខេត្ត​កណ្តាល ខេត្តរតនគិរី និង​ខេត្ត​កោះកុង​ជាដើម​»​។
លោក គួយ ប៊ុនរឿន តំណាង​មកពី​គណបក្ស​សម រង្ស៊ី (​SRP​) ដែលជា​បក្សប្រឆាំង​មួយថ្លែងថា ការ​បំភិត​បំភ័យ ការ​គំរាមកំហែង និង​ដំណើរការ​ស្មុគស្មាញ​សម្រាប់​ភាពស្របច្បាប់​របស់​បេក្ខជន​នៅតែមាន​ កើតមាន​នៅ​ឃុំ-សង្កាត់​ជាច្រើន ហើយ គ.ជ.ប នៅតែ​មិនទាន់​ចាត់វិធានការ​ប្រឆាំងនឹង​មន្ត្រី​គណបក្ស CPP ណា​ដែល​រំលោភ​ច្បាប់​បោះឆ្នោត និង​គណបក្ស​នយោបាយ​នៅឡើយ​។
លោកអំពាវនាវ​ទៅ គ.ជ.ប កុំឲ្យ​ក្រុមមន្រ្តី​ជាន់ខ្ពស់​របស់​CPP យក​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅ​ឃោសនា​សម្រាប់​គណបក្សខ្លួន​។
លោក ប៊ុនរឿន បានបញ្ជាក់ថា ៖«​គ.ជ.ប​ ត្រូវតែ​ចាត់វិធានការ​តាមផ្លូវច្បាប់​ប្រឆាំងនឹង​ក្រុមមន្រ្តី ជាន់ខ្ពស់ CPP ទាំងឡាយ ដែលមាន​តួនាទី​ក្នុង​រដ្ឋាភិបាល ហើយ​ប្រើប្រាស់​ទ្រព្យសម្បត្តិរដ្ឋ​ឃោសនា និងទិញ​បេក្ខជន​យើងឲ្យបោះបង់​ការឈរឈ្មោះ​ប្រកួត​»​។
លោក អ៊ុក គឹមហាន អ្នក​តំណាង​CPPបាន​ច្រានចោល​រាល់​ការចោទប្រកាន់​ពី​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​។
លោក អ៊ុក គឹមហាន បានបន្ត​ទៀតថា​៖ «​អស់លោក [គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស] ជានិច្ចកាល​តែង​បំផ្លើស​សភាពការណ៍​ជុំវិញ​បរិយាកាស​នយោបាយ​នៅកម្ពុជាថា វា​ខ្មៅ​ងងឹតពេក​។ ខ្ញុំគិតថា ឥឡូវនេះ​ឆ្នាំ​២០១២ហើយ បើ​អស់លោក គំរាមកំហែង ឬ​រំលោភ​សិទ្ធិ​អ្នកដទៃ ជន​រងគ្រោះ​ប្រាកដជា​នឹងមាន​ការតវ៉ា​ជាមិនខាន​»​។
លោក ទេព នីថា អគ្គលេខា​ធិការ​គ.ជ.ប ទទួល​ស្គាល់​ថា ឥទ្ធិពល​របស់​មេឃុំ-ចៅសង្កាត់ កំពុង​កាន់​អំណាច​នៅតាម​ឃុំ-សង្កាត់​ខ្លះ បានធ្វើឲ្យ​ប៉ះ​ពាល់​ដល់​បរិយាកាស​នយោបាយ​សេរីនិង​យុត្តិធម៌ ក្នុង​អំឡុង​ការចុះឈ្មោះ​បេក្ខជន ប៉ុន្តែ​មកដល់នឹង​ពេលនេះ មិនមាន​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ការចុះ​ឈ្មោះ​បេក្ខជន​នៅឡើយ​។
លោកបានបន្តថា​៖ ​«​យើងបើកសិទ្ធិ​ឲ្យអ្នកតំណាង​គណបក្ស​ទាំងអស់​ត្អូញត្អែរ​លើ​ករណី​ពាក់ព័ន្ធ ​នឹង​ដំណើរការ​ចុះឈ្មោះ​បេក្ខជន ប៉ុន្តែ មកដល់នឹង​ពេលនេះ មិនមាន​បណ្តឹង​ផ្លូវការ​ណាមួយទេ​»​។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុម ង្រ្វែល ដែល​ឃ្លាំមើល​ការបោះឆ្នោត​ជាមូលដ្ឋាន​បានថ្លែងថា សមាជិក​មេឃុំ-ចៅសង្កាត់​ខ្លះ កំពុង​កាន់​អំណាច​សព្វថ្ងៃ បារម្ភ​អំពី​បញ្ហា​ប្រឈម​និង​បេក្ខជន​ផ្សេងទៀត នៅក្នុង​ឃុំ-សង្កាត់​ជាមួយ ដូច្នេះ​ពួកគេ​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ធ្វើឲ្យ​បេក្ខជន​ឯទៀត​មិនបាន​ ចុះឈ្មោះ​។
លោក គល់ បញ្ញា បាន​បញ្ជាក់​ថា​៖«​បើមេឃុំ-ចៅសង្កាត់​បច្ចុប្បន្ន​ដឹងថា បេក្ខជន​ខ្លាំងៗ​មកពី​គណបក្ស​ផ្សេង​មកប្រកួត​ប្រជែង​ក្នុងឃុំ-សង្កាត់​គេ ពួក​គេតែង​ព្យាយាម​អស់ពី​សមត្ថភាព​បង្ក​ឧបសគ្គ​ដល់ បេក្ខជន​មកពី​គណបក្ស​ផ្សេងឲ្យ​ខាងតែបាន​»​៕ NR

Comments system

Disqus Shortname