Saturday, March 24, 2012

សមត្ថកិច្ច​ពុំទាន់​ចាប់បាន​ជនដៃដល់ ដែល​បាញ់​ប្លន់​ម៉ូតូ​មុខផ្ទះ

​ចោរ​ម្នាក់​ដែល​អង្គុយ​សំកុក​ចាំ​មុខផ្ទះ បាញ់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១២ សមត្ថកិច្ច​ពុំទាន់​ស្វែងរក​ចាប់ខ្លួនបាន​នៅឡើយ រហូតមកដល់​ថ្ងៃទី​២៤ ខែមីនា បើទោះបីជា​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ចោរ​ហើយ​នោះ​។​

​អំពើ​បាញ់ ​ប្លន់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១២ នៅមុខ​ផ្ទះ​លេខ​៧៩០ ផ្លូវលំ ក្រុម​១៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​


​ជនរងគ្រោះ​ឈ្មោះ ខុម សុខ​នី ភេទ​ស្រី អាយុ ២៥​ឆ្នាំ និង​ឈ្មោះ ញ៉ែម ទិ​ត្យ​តុលា ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ រងរបួស​ធ្លាយ​ភ្លៅ​ស្តាំ សម្រាក​ព្យាបាល​នៅ​ពេទ្យរុស្ស៊ី បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1AW-3751​។​

​ឈ្មោះ ញ៉ែម ទិ​ត្យ​តុលា បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា ដំបូង​ប្អូនស្រី​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ទិញ​កាហ្វេ មកដល់​មុខផ្ទះ ស្រាប់តែ​ជនល្មើស​ម្នាក់​ដែល​អង្គុយ​សំកុក​ចាំ​មុខផ្ទះ ដក​កាំភ្លើងខ្លី​វាយ​កញ្ចឹងក​ពីក្រោយ ហើយ​គាត់​ឃើញ​ដូច្នេះ​ក៏​ស្ទុះ​ចូលទៅ​ជួយ ត្រូវ​ចោរ​បាញ់​មួយ​គ្រាប់​ធ្លាយ​ភ្លៅ​ស្តាំ ដណ្តើមយក​ម៉ូតូ​ទៅ​បាត់​។​

​ ទោះបីជា​សមត្ថកិច្ច​ស្គាល់​ភិនភាគ​ចោរ​ហើយ​ក្តី រហូតមកទល់​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១២ សមត្ថកិច្ច​ពុំទាន់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅឡើយ​៕ K

Comments system

Disqus Shortname