Saturday, March 10, 2012

តន្ត្រី​ករ​អ៊ី​តាលី​ប្រគំ​តន្ត្រី​រៃ​អង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា​ជប៉ុន

តន្រ្តីករអ៊ីតាលីរាជធានី​ភ្នំពេញ ៖​ តន្ត្រី​ករ​ជន​ជាតិ​អ៊ីតាលី​​ដ៏​​ល្បី​ម្នាក់​ដែល​បាន​ទៅរស់​នៅ​សហរដ្ឋ​ អាមេរិក​ ​ពេល​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ក្លាស៊ិក​ដ៏​ធំ​មួយ​ដើម្បី​រៃ​ អង្គាស​ប្រាក់​យក​ទៅ​ជួយ​កុមារ​កំ​ព្រា​ដែល​ឪពុក​ម្តាយ​ និង​ក្រុម​គ្រួសារ​​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​​ និង​​រលក​យក្ស​ស៊ូណាមី នៅ​ប្រទេស​ជប៉ុន​នា​ពេល​កន្លង​មក​ ។ ការ​ប្រគំ​តន្ត្រី​ក្លា​​
ស៊ិកនោះ​នឹង​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង​៦ល្ងាច​នៅ​ សណ្ឋា​គារ​កុង​ទី​ណង់​តាល់​ រាជ​ធានី​ភ្នំពេញ​ ។
តារា​ចម្រៀង​រូប​នោះ​ឈ្មោះ​JULIAN LAWRENCE GARGIULO ជា​ជន​ជាតិ​អ៊ីតា​លី និង​បាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​កុមារ​ភាព​មក​ម៉្លេះ​ ។ ​គាត់​ជា​តន្ត្រី​ករ​ដ៏​ល្បី​ល្បាញ​ដែល​ចេះ​ប្រគំ​ព្យា៉ណូ​តាំង​ពីអាយុ​១៣​ ឆ្នាំ ហើយ​បច្ចុប្បន្ន​នេះ​ភាព​ល្បី​ល្បាញ​​របស់​លោក​​​គឺ​ទូ​ទាំង​ពិភព​លោក​ ខណៈ​ដែល​ក្នុង​មួយ​ឆ្នាំ​ៗ តន្ត្រី​ករ​រូប​នេះ​បាន​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ធំ​ៗ ពី​៤០​ទៅ​៥០​ដងហើយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង ។
លោក​ JULIAN បាន​និយាយ​ថា លោក​ទើប​តែ​មក​ប្រទេស​កម្ពុជា ជា​លើក​ទី​១ ដើម្បី​ចូលរួម​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​និង​រៃ​អង្គាស​ប្រាក់​ដើម្បី​ យក​ទៅ​ឧបត្ថ​ម្ភ​ដល់​កុមារ​កំព្រា​ជន​ជាតិ​ជប៉ុន​ដែល​ឪពុក​ម្តាយ​បាន​ស្លាប់ ​ក្នុង​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​​ ។
តន្ត្រី​ករ​រូប​នោះ​បាន​បង្ហាញ​ក្តី​រំ​ភើប​ និង​រីក​រាយ​បំ​ផុត​នៅ​ពេល​បាន​មក​ដល់​ប្រទេស​កម្ពុជា ​ដ៏​ស្រស់​ឆើត​ឆាយ​​​គួរ​ឱ្យ​ចង់​រស់​នៅ​ ។ ទោះ​បី​ជា​លោក​ទើប​ម​ក​ដល់​កម្ពុជា ជា​លើក​ដំបូង​ ប៉ុន្តែ​​លោក​​ចង់​មក​ទី​នេះ​ជា​បន្ត​បន្ទាប់​ទៀត​ ។
លោក​JULIAN ​បាន​អំពាវ​នាវ​ដល់​ទស្សនិក​ជន​ទាំង​កម្ពុជា និង​បរទេស​ឱ្យចូល​រួម​ទស្សនា​ការ​ប្រគ​ំ​តន្ត្រី​ក្លា​ស៊ិក ព្រោះ​តន្ត្រី​បែប​នេះ​គឺ​កម្រ​កើត​មាន​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដ៏ធំ​នោះ​ គឺ​តាម​រយៈ​​អង្គ​ការ​អាស៊ី​ណា​ហ្គា​​ដែល​ជា​អង្គ​ការ​ដ៏​ធំ​នៅ​ប្រទេស​ ជប៉ុន ។ អង្គ​អាស៊ី​ណា​ហ្គា​បាន​និង​កំពុង​រួម​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ជប៉ុន​ ចិញ្ចឹម​កុមារ​កំ​ព្រា​ប្រមាណ​៤.០៤០​នាក់ ដែល​កុមារ​ខ្លះ​បាត់​បង់​ឪពុក​ម្តាយ ហើយ​កុមារ​ខ្លះ​ទៀត​បាត់​បង់​ឪពុក ឬ​បាត់​បង់​ម្តាយ ។ អង្គ​ការ​អាស៊ីណាហ្គា​មាន​ភារ​កិច្ច​ចិញ្ចឹម​បីបាច់ថែរក្សា​​កុមារ​កំព្រា​ ទាំង​នោះ​រហូត​ដល់​ពួក​គេ​មាន​អាយុ​២០​ឆ្នាំ ។
អ្នក​រៀប​ចំ​កម្ម​វិធី​ប្រគំ​តន្ត្រី​អំពាវនាវ​​ដល់​ ប្រជា​​ជន​កម្ពុជា និង​ជនបរទេស​​ឱ្យអញ្ជើញ​ចូលរួម​​ក្នុង​ការ​ប្រគំ​តន្ត្រី​ក្លាស៊ិក​ អន្តរជាតិ​នោះ​ឱ្យ​បាន​ច្រើន​កុះ​ករ ។ ការ​​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​​​នោះ​ គឺ​ជា​ការ​បង្ហាញ​​ទឹក​ចិត្ត​គាំ​ទ្រ​ដល់​តន្ត្រី​ករ​ និង​រួម​ចំណែក​មនុស្សធម៌​ដល់​កុមារ​កំព្រា​នៅ​ប្រទេស​ជប៉ុន ។
ចំណែក​សំ​បុត្រ​ គឺ​មាន​ដាក់​លក់​នៅ​កន្លែង​ប្រគំ​តន្ត្រី​តែ​ម្តង ដោយ​សំបុត្រ​មួយ​សន្លឹក​តម្លៃ​៥​ដុល្លារ សម្រាប់​ទស្សនិកជន​អាយុ១៨​ឆ្នាំ​ចុះ និង​តម្លៃ​១០​ដុល្លារ សម្រាប់​អាយុ​១៨​ឆ្នាំ​ឡើង ៕(KOH)

Comments system

Disqus Shortname