Monday, March 26, 2012

ត្រៀ​ម​ការ​បង្ហាញ​ម៉ូដ​ដ៏​ធំ​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ

រាជ​ធានី​ភ្នំពេញ​​​​ ៖ តារា​បង្ហាញម៉ូដ​ជាតិ​ប្រមាណ​​ជាង​៥០នាក់ ​ត្រូវ​បាន​គេ​ត្រៀម​រួច​ជា​ស្រេច​​សម្រាប់ការដើរ​បង្ហាញ​ម៉ូដ​ដ៏​ធំមួយ​នៅ​ មជ្ឈមណ្ឌលកោះ​ពេជ្រ​នារាត្រីថ្ងៃ​ទី​៣០ មីនា ខាងមុខ​នេះ ដើម្បី​បង្ហាញ​ម៉ាក​ផលិត​ផល​ល្បីៗចំនួន​៤ ហើយ​​សន្និ​សីទ​សារព័ត៌មាន​​ប្រកាស​អំពី​គម្រោង​ការនេះ ត្រូវ​បាន​ធ្វើឡើង​​កាលពី​ថ្ងៃទី​២៣ មីនា នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ។​
ក្នុងសន្និសីទ​សារព័ត៌មាន​បាន​ឱ្យដឹងថា ​គោលបំណង​​នៃការ​រៀបចំ​កម្មវិធី​នេះឡើង គឺ​ដើម្បី​​ប្រកាស​ជាផ្លូវការនូវគម្រោង​រៀបចំ​ព្រឹត្តិ​ការណ៍បង្ហាញ​មូ៉ដ​ដ៏ ​អស្ចារ្យ​នៃ​ម៉ាក​ផលិត​ផល Fashion
ដ៏មានប្រជាប្រិយភាពបំផុត​ទាំង​៤​ នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​សព្វថ្ងៃនេះ ​រួមមាន ម៉ាក AXARA មកពីប្រទេស​បារាំង, MANGO មកពីប្រទេស​អេស្ប៉ាញ, E.PSE និង​VNC មកពីប្រទេស​ម៉ាឡេស៊ី ។​ កម្មវិធី​ដ៏ធំនេះ ​នឹងត្រូវ​រៀបចំ​ឡើង​នៅរាត្រី​ថ្ងៃទី​៣០ មីនា​២០១២ ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ ក្រោមឈ្មោះ​ Fashion Illumination ដែល​ជា​ការ​ប្រារព្ធ​នូវ​ការ​ចាប់​ផ្តើមរដូវ​កាល​ថ្មី គឺ​រដូវ​ស្លឹក​ឈើ​លាស់​​ និង​រដូវ​ក្តៅ​ឆ្នាំ​២០១២ របស់​ម៉ាក​ផលិត​ផល​សម្លៀក​បំពាក់​​ ស្បែក​ជើង​ទាំង​៤​ខាងលើ ដែល​កម្ម​វិធី​នេះ ត្រូវបានម៉ាក​ផលិត​ផល​ហ្វេ​ស្សិននានា​ពាស​ពេញ​​ពិភពលោក​ប្រារព្ធ​ឡើង​ជារៀង​ រាល់​ឆ្នាំ ។
សម្រាប់​​កម្ពុជា​​ នេះគឺ​ជា​មហា​ព្រឹត្តិការណ៍​ ​ហ្វេ​ស្សិន​មួយ​ដែលមិន​ធ្លាប់​មាន​ពីមុន​មក​ពី​សំណាក់​ម៉ាក​​ហ្វេ​ស្សិន​ អន្តរជាតិ ហើយ​នេះក៏​ជា​សក្ខី​ភាព​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​ពិតជា​មាន​បរិបទ​នៃ​ការ​រស់​នៅ​មាន​ភាព​ជឿន​លឿន​ដូច​បណ្តា​ ប្រ​ទេស​នានា​ដែរ ។ ​ មិន​តែ​ប៉ុណ្ណោះ​គឺរឹតតែ​បង្ហាញ​សហគមន៍ជាតិ និងអន្តរជាតិ​ឱ្យ​ឃើញ​ពី​ភាព​សម្បូរ​បែប​នៃ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ចំពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​​ឆ្នាំ២០១២ ក៏​ដូច​ជា​សមាហរណកម្ម​ទៅ​កាន់​សហគមន៍​សេដ្ឋកិច្ច​នាឆ្នាំ​២០១៥ ខាង​មុខ ។​
កម្មវិធី​បង្ហាញ​ម៉ូដ​ខ្នាត​ធំ​មួយ​នេះ ​នឹង​ត្រូវ​ដើរ​បង្ហាញ​​ដោយ​តារា​បង្ហាញ​ម៉ូដ​ជាតិ​ចំនួន​ប្រមាណ​ជាង ៥០នាក់ ដែល​ម្នាក់ៗ​សុទ្ធ​សឹង​តែ​បាន​ឆ្លង​កាត់​ការ​ជ្រើ​ស​រើស​រួម​ជាមួយ​ការ​ហាត់ ​សម​យ៉ាងល្អិត​ល្អន់​បំផុត ដើម្បី​​គុណភាព​ទាំង​មូល​របស់​ព្រឹត្តិការណ៍​នេះ ។ ឆាក​ដ៏​វែង​ និង​ប្រហែល​ជាវែង​ជាង​គេ​មិន​ធ្លាប់​មាន​ពីមុន​មក​ សម្រាប់​ការ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​ នឹង​ត្រូវ​បាន​គេ​ផលិត​ឡើង​ដែល​មាន​ប្រវែង​៣០ម៉ែត្រ អម​ទៅ​ដោយ​​ទី​កន្លែង​អង្គុយ​សម្រាប់​ភ្ញៀវ​កិតិ្តយស  ៥០០នាក់ ​ដែល​ភាគ​ច្រើន ​គឺជា​សមាជិក​រាជវង្ស​សមា​ជិក​រាជ​រដ្ឋាភិបាល ពាណិជ្ជករជាន់ខ្ពស់​​ពីគ្រប់​​ស្ថាប័ននានា​នៅ​ក្នុងប្រទេស​​ ព្រមទាំង​ភ្ញៀវជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ។
កម្មវិធី​ Fashion Illumination ដ៏ពិសេស មួយនេះ​ នឹង​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Sovereign Retail Group ដែល​ជា​ក្រុមហ៊ុន​​ហ្វេ​ស្សិនដ៏ធំនៅកម្ពុជា ​និង​ចូលរួម​សហការ​ឧបត្ថម្ភពីសំណាក់​ក្រុមហ៊ុន​នានា ៕

Comments system

Disqus Shortname