ការថ្លែងបែបនេះ អាចសន្និដ្ឋានបានថា ស្រីស្រស់សិចស៊ី ឆៃ លីដាឡែន នាងមិនបានគេចវេស ក្នុងការទទួល ស្គាល់កំហុស ដែលនាងបានប្រព្រឹត្តដោយអចេតនា ពោល គឺនាងចេះទទួលខុសត្រូវពីអ្វីដែលខ្លួនបានធ្វើ ចំពោះមុខមហាជន ដែលតែងតែ ថ្លែងរិះគន់ ស្ថាបនាទៅលើរូបនាង ។ ជាការពិតមនុស្សគ្រប់រូប តែងតែមាន កំហុស ហើយបើមិនចេះខុស ក៏រកត្រូវមិនឃើញដែរ ។ ជាក់ស្តែងដូចជា ឆៃ លីដាឡែន នេះជាដើម បើមិនបានទទួលការរិះគន់ យ៉ាងចាស់ដៃ ពីក្រសែភ្នែកមហាជ ននោះទេ នាងពិតជាមិនអាចមើលឃើញ ថាខ្លួនឯងខុសនោះទេ ។
ឆៃ លីដាឡែន បានថ្លែង ទទួលស្គាល់កំហុសរបស់នាងថា “រឿងហ្នឹងខ្ញុំទទួលថាខុសបង …តែខ្ញុំមិននឹកស្មានថា រូបភាព នោះត្រូវបានគេបង្ហោះ ពាសពេញផ្ទៃប្រទេស ធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រើត ហើយគិតថាសម្លៀកបំពាក់ ដែលខ្ញុំ ស្លៀកក្នុងកម្មវិធី នៅអាមេរិកនោះ វាមិនបានផ្សាយផ្ទាល់ តាមរយៈស្ថានីយ៍ទូរទស្សន៍ណាមួយឡើយ” ។
ឆៃ លីដាឡែន បន្តទៀតថា “រឿងនេះខ្ញុំសូមសន្យាថា មិនឲ្យមានជាលើកទី២ទៀតទេ ធម្មតាមនុស្សគ្រប់ គ្នាតែងមានកំហុស សូមបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន គ្រប់ស្ថាប័ន ក្រសួងពាក់ព័ន្ធមេតា្តអាធ្យាស្រ័យ យោគយល់ដល់នាងខ្ញុំ ជាអ្នកសិល្បៈ ។ ខ្ញុំគិតថា អ្នកសិល្បៈតែងតែមានអ្នកស្រលាញ់ តែងតែមានអ្នកស្អប់ រាល់ពេល មានសកម្មភាព អ្វីមួយកើតឡើង ដូច្នេះនេះជាកំហុសអចេតនារបស់ខ្ញុំ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ បងប្អូនប្រជាពលរដ្ឋ ក៏ប៉ុន្តែតាមរយៈការរិះគន់នេះ ក៏ជាកញ្ចក់ មួយឆ្លុះបញ្ចាំងឲ្យឃើញ ពីខ្លួនខ្ញុំនិងឃើញពីកំហុស របស់ខ្ញុំ” ។
ទោះបីជាយ៉ាងណា ការទទួលស្គាល់ថា នាងបានស្លៀកពាក់សិចស៊ី ធ្វើឲ្យប៉ះពាល់ដល់តម្លៃ វប្បធម៌របស់ជាតិខ្មែរ ក៏ប៉ុន្តែការបង្ហាញឡើង នូវរូបសិចស៊ី ទី២ ស្តីពីការវះកាត់ ដាក់ ស៊ីលីកូន ក្នុងដើមទ្រូង ដើម្បីបានរីកធំមូលក្បំល្អ នៅលើទឹកដីអាមេរិកនោះ ឆៃ លីដាឡែន បានបដិសេធមិនទទួលស្គាល់ និងបញ្ជាក់ថារូបភាពនេះ គឺជាការកាត់ តសុទ្ធសាទ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនាង ជាពិសេសមានគេចង់ជាន់ពន្លិច កេរ្តិ៍ឈ្មោះនាងបន្ថែមទៀត ខណៈដែលនាងកំពុងតែ ទទួលរងនូវការរិះ គន់ហើយនោះ ។ ឆៃ លីដាឡែន និយាយ “ពេលខ្ញុំអញ្ចឹងហើយនោះ មានអ្នកខិលខូចមួយចំនួន បានកាត់តរូបខ្ញុំ បង្ហោះបន្ថែមទៀត និយាយទៅគេចចង់ជាន់ពន្លិច ខ្ញុំតែម្តង នៅពេលដែលខ្ញុំ កំពុងជួបបញ្ហានេះ ស្រាប់ទៅហើយ ។ ខ្ញុំក៏សូមទទូចដល់ អ្នកដែលចង់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ សូមមេត្តាគួរឈប់ធ្វើ ទង្វើឆ្កូតៗបែបនេះទៀតទៅ ។ ខ្ញុំធ្វើខុសខ្ញុំទទួលកំហុស តែបើគេធ្វើបាបខ្ញុំ ឲ្យខ្ញុំធ្វើយ៉ាងម៉េចវិញ” ។
ជាមួយគ្នានេះដែរ ប្រធានសមាគមន៍សិល្បករខ្មែរ លោក សុះ ម៉ាច ក៏បានថ្លែងព្រមទទួលស្គាល់ ពីការសុំទោសរបស់ ឆៃ លីដាឡែន ដែលនាងបានថ្លែងជាសាធារណៈ ទៅកាន់សាធារណៈជន ។ លោក សុះ ម៉ាច និយាយ “ខ្ញុំយល់ថា វាជាការប្រសើរបំផុត ដែលឆៃ លីដាឡែន ចេះទទួលស្គាល់នូវទង្វើរបស់ខ្លួន ខ្ញុំយល់ស្រប ។ អ្នកណាៗ ក៏មានកំហុសដែរ តែត្រង់ថា មនុស្សម្នាក់នោះ ចេះទទួលស្គាល់ឬមិនចេះទទួលស្គាល់ ។ សម្រាប់ឆៃ លីដាឡែន ខ្ញុំពិតជាសោកស្តាយ ក៏ប៉ុន្តែខ្ញុំក៏សូម អំពាវនាវដល់ជន ខិលខូចមួយចំនួន សូមកុំយកអ្នកសិល្បៈ ធ្វើជាល្បែងលែងសើច កុំចូលចិត្តធ្វើអ្វី ឲ្យខូចឈ្មោះដល់អ្នកសិល្បៈ ជាពិសេស ដូចជាការកាត់តរូបភាពនេះ និងការកាត់ត ជាវីដេអូ ជាដើម ។ ខ្ញុំសូមឲ្យជនខិលខូចទាំងនោះ មេត្តាបញ្ឈប់នូវសកម្មភាពទាំងនោ ដូចជាកាត់តរូប កញ្ញា ឆៃ លីដាឡែន នេះជាដើម” ។
គួរបញ្ជាក់ផងដែរថា ឆៃ លីដាឡែន និងបង្ហាញវត្តមាន ជាលើកដំបូង ក្នុងកម្មវិធី “ជីវិតសិល្បៈ” ដែលរៀបចំឡើង ដោយលោក សុះ ម៉ាច នៅស្ថានីយ៍ទូរទស្សន៍ ខ្មែរប៉ុស្តិ៍លេខ៩ នៅថ្ងៃអាទិត្យ សប្តាហ៍ក្រោយ ដើម្បីបកស្រាយ ជុំវិញបញ្ហារិះគន់ ទៅលើនាងដែលបានបង្ហាញរូបភាព សិចស៊ី បះសក់ កាលពីពេលថ្មីៗនេះ ។ ជាមួយគ្នានេះ ឆៃ លីដាឡែន ក៏នាងកំពុងរៀបចំខ្លួន ត្រៀមចេញទៅសម្តែង នៅក្នុងប្រទេសអូស្រ្តាលី នៅដើមខែមេសា ខាងមុខ រយៈពេល១ខែ ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅឯអូស្រ្តាលី បើទោះបីជានាងមានការរិះគន់បន្តិចក្តី តែការងារសិល្បៈ ពិសេសការចេញសម្តែងក្រៅប្រទេស នៅតែមមាញឹកដដែល ៕(dap)