Monday, March 26, 2012

ចាប់​ជំរិត​សិស្ស​បញ្ញា​សាស្ត្រ​២​នាក់​ជា​មេ​ខ្លោង​ជាប់គុក​១ជីវិត​ និង​ម្នាក់​៣០ឆ្នាំ​សង​២០​ម៉ឺន​ដុល្លារ​

រាជធានីភ្នំពេញ ៖ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​​២០១២ លោក​កែវ មុនី ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​​ បាន​សម្រេច​ផ្តន្ទា​ទោស​ក្រុម​ចាប់​ជំរិត​សិស្ស​សាលា​កាល​ពី​ខែ​តុលា​ឆ្នាំ​ ២០១១ កន្លង​មក​ចំនួន​៣​នាក់​គឺ ១-ឈ្មោះ​ឈួរ ឆេង​ប៉ អាយុ​៣២​ឆ្នាំ ២-ឈ្មោះ​ជួរ ប៊ុនហ៊ីម អាយុ​២៨​ឆ្នាំ ​ដាក់​គុក​​ម្នាក់​​ៗ អស់​មួយ​ជីវិត​ និង​៣​-ឈ្មោះ​អ៊ឹង ស្រេង អាយុ​២៩​ឆ្នាំ​ដាក់​គុក​៣០​ឆ្នាំ និង​បង្ខំ​ឱ្យ​សង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​ចំនួន​២០​ម៉ឺន​​ដុល្លារ​ អាមេរិក ។ ជន​ជាប់​ចោទ​៣​នាក់​នេះ​ត្រូវ​ចោទ​ពី​​បទ​​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ជំរិត ​ទា​រ​ប្រាក់​ និង​អំពើ​ប៉ុន​ប៉ង​មនុស្ស​ឃាត​គិត​ទុក​ជាមុន ។

ការ​ជំនុំ​ជម្រះ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​នៅ​ចំពោះ​ មុខ​ជន​ជាប់​ចោទ​ទាំង​បី​នាក់​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ មេធាវី​ការ​ពារ​ក្តី​ជន​​រង​គ្រោះ​ មេធាវី​ការ​ពារ​ក្តី​ជន​ជាប់​ចោទ​ទាំង​បី​នាក់ និង​តំណាង​អយ្យ​ការ​លោក​មាស ពិសិដ្ឋ ។ ក្នុង​បន្ទប់​សវនា​ការ​ជន​ជាប់​ចោទ​បាន​សារភាព​ថា ពួក​គេ​មាន​គម្រោង​ចាប់​ជំរិត​សិស្សសាលា​បញ្ញា​សាស្ត្រ​ស្ថិ​ត​ក្នុង​ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន ឈ្មោះ​អួន អេង​គន្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ មេ​ខ្លោង​ក្នុង​គម្រោង​ការ​ចាប់​ជំរិត​ឈ្មោះ​ជួរ ប៊ុនហ៊ីម បាន​ប្រាប់​តុលា​ការ​ថា ខ្លួន​ និង​បក្ស​ពួក​ពីរ​នាក់​ទៀត​បាន​រៀប​ចំ​គម្រោង​ការ​ចាប់​ជំរិត​ជន​រង​គ្រោះ​ ដែល​មាន​ទី​លំ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ផ្ទះ​ក្បែរ​គ្នា និង​ធ្លាប់​ស្គាល់​កាល​ពី​ថ្ងៃទី​១៣​ តុលា​ ឆ្នាំ​២០១១ នៅ​ពេល​ជន​រង​គ្រោះ​ចេញពី​សាលា​រៀន ។ មុន​ពេល​ធ្វើ​សកម្មភាព​ក្រុម​គេ​បាន​ទៅ​ឃ្លាំ​មើល​ជន​រង​គ្រោះ​នៅ​ផ្ទះ​ និង​នៅ​សាលា​រៀន​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។
ឈ្មោះ​ជួរ ប៊ុនហ៊ីម រៀប​រាប់​​​ទៀត​ថា ពេល​នោះ​រូប​គេ​បា​ន​សុំ​រថយន្ត​ជន​រង​គ្រោះ​ជិះ​ក្នុង​គោល​បំណង​នាំទៅ​កោះ​ ពេជ្រ​ តែ​មក​ដល់​ក្រោយ​កាស៊ីណូ​ណា​ហ្គា​ក៏​បាន​ឱ្យ​ជនរង​គ្រោះ​ឈប់​រថយន្ត និង​ចាប់​ធ្វើ​សកម្មភាព​តែ​ម្តង​។ ដំបូង​ឈ្មោះ​ឈួរ ឆេងប៉ ចាប់​ជន​រងគ្រោះ​ចង​ដោយ​បាន​ប្រើ​ប្រាស់​កាំ​បិត​​គំរាមរួច​​យក​ស្កុត​ចង​ដៃ ​ និង​យក​កាំ​បិត​ភ្ជង់​.ក និង​បាន​ប្រើប្រាស់​ទូរស័ព្ទ​ជន​រង​គ្រោះ​ទូរស័ព្ទ​ទៅ​លេខ​ឪពុក​​ជន​រង​ គ្រោះ​ទារ​ប្រាក់​៥០​ម៉ឺន​ដុល្លារ​អាមេរិក តែ​ការ​ព្រម​ព្រៀង​នៅ​សល់​ត្រឹម​២​ម៉ឺន​ដុល្លារ​អាមរិក ។
ឈ្មោះ​ឈួរ ឆេង​ប៉ បាន​និយាយ​ថា ក្រោយ​ពេល​នោះ​ឈ្មោះ​ជួរ ប៊ុនហ៊ីម បាន​ប្រាប់​ឈ្មោះ​អ៊ឹង​ ស្រេង ឱ្យ​​​​​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ​ដើម្បី​រង់​ចាំ​ទទួល​លុយ​ ហើយ​ពួក​គេ​បាន​បើក​រថយន្ត​ដឹក​ជន​រង​គ្រោះ​ទៅ​លាក់​ទុក​នៅ​ម្តុំ​ព្រែក​ហូរ ​ ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល ។ ពេ​ល​នោះ​​ការ​ចរចា​គ្នា​ជា​មួយ​គ្រួសារ​ជន​រង​គ្រោះ​នៅ​តែ​បន្ត​រហូត​ដល់​ រសៀល​ម៉ោង​ប្រហែល​៣ ទើប​បែក​ការ​ណ៍​ ព្រោះ​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ ។ ឈ្មោះ​ឈួរ ឆេង​ប៉ បន្ត​ថា ឈ្មោះ​ជួរ ប៊ុនហ៊ីម បាន​បើក​រថយន្ត​បន្ត​ទៅ​ខេត្ត​តាកែវ នៅ​តែ​បែក​ការណ៍​ ព្រោះ​ប៉ូលិស​បាន​តាម​ពី​ក្រោយ​​ ពេល​នោះ​រូប​​គេ​បាន​ចាក់​ជន​រង​គ្រោះ​តាម​បញ្ជា​របស់​ឈ្មោះ​ជួរ ប៊ុនហ៊ីម គឺ​ចាក់​ចំនួន​៣​កាំ​បិត​ រួច​រួញ​ទម្លាក់​ចោល​តាម​ផ្លូវ​​ចន្លោះ​ពី​ខេត្ត​តាកែវ ​ទៅ​កំពត​ និង​បាន​បើក​រថយន្ត​មក​រាជធានី​ភ្នំពេញ​វិញ ។ នៅ​ពេលដឹង​ថា​​ប៉ូលិស​ខេត្ត​តា​កែវ​ និង​ប៉ូលិស​រាជ​ធា​នី​ភ្នំពេញ កំពុង​ដេញ​តាម​ពី​ក្រោយ​​ ពួក​គេ​​បាន​ចត​រថយន្ត​​ចោ​​ល​រួច​​គេច​ខ្លួន​ទាំង​ពីរ​នាក់​ តែ​ត្រូវ​ប៉ូលិស​ខេត្ត​តាកែវ ចាប់​បាន​និង​នាំ​ខ្លួន​បញ្ជូន​​មក​រាជធានី​ភ្នំពេញ ។
បន្ទាប់​ពី​បាន​ សួរ​ដេញ​ដោល​អស់​រយៈ​ពេល​ជាង​៣​ម៉ោង​លើ​ជន​ជាប់​ចោទ​ទាំង​បី​នាក់​ម្នាក់​ ម្តង​ៗ រួចមក​​ ក្រុម​អ្នក​ច្បាប់​នៃ​អង្គ​សវនា​ការ​មាន​​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​លោក​ សួស សំអាត បាន​ថយ​ទៅ​ពិចារណា​ ។ ក្រោយមក​បាន​ចេញ​ប្រកាស​​សាល​ក្រុម​ជា​សាធារណៈ​ដោយ​ប្រគល់​ឱ្យ​ចៅ​ក្រម​ ប្រឹក្សា​កែវ មុនី អាន​សាល​ក្រម​សម្រេច​គឺ ១-​សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ​ឈួរ ឆេង​ប៉ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ឈ្មោះជួរ ប៊ុនហ៊ីម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដាក់​គុក​ម្នាក់​ៗ​អស់​មួយ​ជីវិត​ ​២​-​ផ្តន្ទា​ទោស​ឈ្មោះ​អ៊ឹង ស្រេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ ដាក់​គុក​៣០​ឆ្នាំ ជន​ជាប់​ចោទ​ទាំង​បី​នេះត្រូវ​ចោទ​ពី​បទ​បង្ខាំង​​មនុស្ស​ខុស​ច្បាប់ជំរិត​ ទារ​ប្រាក់​ និងអំពើ​ប៉ុនប៉ង​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ។ ៣-​បង្គាប់​ឱ្យ​ជន​ជាប់​ចោទ​ទាំង​បី​រួម​គ្នា​សង​ជំងឺ​ចិត្ត​ដល់​ជន​រង​ គ្រោះ​ចំនួន​២០​ម៉ឺន​ដុល្លារ​ និង​បាន​បើក​ផ្លូវ​ប្តឹង​ឧទ្ធ​រណ៍​ក្នុង​រយៈ​ពេល​១​ខែ ៕(koh)

Comments system

Disqus Shortname