បាត់ដំបង:
បុរសម្នាក់ដែលចាប់រំលោភក្មួយស្រីខ្លួនឯងអាយុ
៥ឆ្នាំ នៅក្នុងវត្តព្រៃខ្លូត តែមិនបានសម្រេច
ត្រូវបានសមត្ថកិច្ចនគរបាល
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង
កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២២
ខែមីនា ឆ្នាំ២០១២ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
លោក ស៊ា ធី អធិការនគរបាលស្រុករុក្ខគិរី បានឲ្យដឹងថា បុរសសង្ស័យឈ្មោះ ឆន ប៊ុនរ៉ាន់ អាយុ ៤៣ឆ្នាំ ត្រូវចាប់ខ្លួនកាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ នៅក្នុងបរិវេណវត្តព្រៃខ្លូត ស្ថិតក្នុងភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជននោះមានប្រពន្ធ តែប្រពន្ធរត់ចោល ពេលប៉ូលិសចាប់បញ្ជូនទៅមណ្ឌលអប់រំរយៈពេល ៦ខែ ដោយសារគេប្រើប្រាស់គ្រឿងញៀន។ ចំណែកក្មេងស្រីរងគ្រោះ អាយុ ៥ឆ្នាំ។
ឪពុកកុមារីរងគ្រោះ អាយុ ២៧ឆ្នាំ បានប្រាប់ប៉ូលិសថា ផ្ទះរបស់ខ្លួននៅក្បែររបងវត្តព្រៃខ្លូត កន្លែងកើតហេតុ។ នាយប់កើតហេតុ នៅផ្ទះអ្នកជិតខាងមានរាំធុងបាស់ ក្នុងពិធីមង្គលការកូន។ ពេលនោះក្មួយស្រី និងក្មេងៗមួយចំនួននាំគ្នារត់លេងជិតរោងការ ហើយជនសង្ស័យបានចាប់បីក្មួយស្រី ទំនងជាធ្វើលេង។ ក្រោយមកជនសង្ស័យបានបីក្មេងចូលទៅក្នុងបរិវេណវត្ត ស្រាតខោអាវចេញអស់បម្រុងចាប់រំលោភ។ ពេលនោះក្មេងស្រីអាយុ ៥ឆ្នាំ ភ័យស្រែកយំ ឮដល់យាយជីក្នុងវត្ត។ យាយជីបានដុតចង្កៀងចុះមកមើល ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ ៥ឆ្នាំ បានស្រែកឆោឡោឡើង។ ពេលនោះឪពុកកុមារីរងគ្រោះទៅទាន់ ចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យប៉ូលិសស្រុករុក្ខគិរីតែម្តង។
ជនសង្ស័យបានសារភាពថា ពិតជាមានបំណងបីក្មេងស្រីយកទៅរំលោភ នៅក្នុងបរិវេណវត្តពិតមែន ដោយសារខានរួមភេទជាយូរមកហើយ ព្រោះប្រពន្ធរត់ចោលជាច្រើនឆ្នាំ៕ (cen)