រាជធានីភ្នំពេញ ៖
ចោរប្លន់ប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាពចូលទៅវាយក្បាលជន
រងគ្រោះនឹងស្នាប់កាំភ្លើងដល់ក្នុងផ្ទះប្លន់យកម៉ូតូស៊េរីទំនើប
មួយគ្រឿង រួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព
ឯបុរសម្ចាស់ម៉ូតូបានរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរហូរឈាមគួរ
ឱ្យខ្លាច ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធទាំងថ្ងៃនេះ
បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៦ មីនា
ឆ្នាំ២០១២
ក្នុងផ្ទះប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មគោល
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះចាន់ សុភូ ភេទប្រុស
អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ
រងរបួសបែកក្បាលយ៉ាងដំណំ
ហើយម៉ូតូរបស់គាត់ដែលត្រូវក្រុមចោរប្លន់អូសយកចេញពីក្នុងផ្ទះ
ជិះចេញទៅបាត់នោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ។
ចំណែកក្រុមចោរប្លន់មានគ្នា៣នាក់ស្លៀកពាក់ស៊ីវិល
ជិះម៉ូតូសេ១២៥មួយគ្រឿង មិនចាំស៊េរី
និងប្រើប្រាស់កាំភ្លើង១ដើម
ប៉ុន្តែក្រុមចោរនេះមិនបានបាញ់នោះទេ
គ្រាន់តែគំរាមបាញ់សម្លាប់ប្រសិនបើជនរងគ្រោះមិនព្រមប្រគល់ម៉ូតូ
មិនតែប៉ុណ្ណោះពួកវាបានវាយក្បាលជនរងគ្រោះបណ្តាលឱ្យរងរបួស
មុនពេលយកម៉ូតូជិះចេញទៅ ។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា
នៅមុនពេលកើតហេតុគាត់បានទុកម៉ូតូនៅក្នុងផ្ទះ
ដោយអត់បានដកសោ.កចេញនោះទេ ព្រោះអាងថា នៅក្នុងផ្ទះ
បន្ទាប់មកគាត់បានចងអង្រឹងដេកនៅជិតនោះ
ឯប្រពន្ធរបស់គាត់អង្គុយមើលទូរទស្សន៍នៅជិតនោះដែរ ។
ក្នុងខណៈនោះគាត់បានបិទទ្វារផ្ទះ ប៉ុន្តែមិនបានខ្ទាស់គន្លឹះ
ឬចាក់សោនោះឡើយ
ឯទ្វារផ្ទះនោះកញ្ចក់សមើលពីខាងក្រៅទៅឃើញម៉ូតូច្បាស់ចែស
រីឯក្រុមចោរប្លន់បានជិះម៉ូតូមួយគ្រឿងមកឈប់ខាងមុខផ្ទះរបស់
គាត់នោះ ។
ប្រភពដដែលបានបន្តទៀតថា
ពេលនោះចោរប្លន់ពីរនាក់បានអង្គុយនៅលើម៉ូតូ
ឯបក្សពួកម្នាក់បានចុះដើរសំដៅមកបើកទ្វារផ្ទះចូលក្នុង
ហើយដកកាំភ្លើងខ្លីពីចង្កេះភ្ជង់គំរាមបាញ់សម្លាប់
និងបានវាយក្បាលគាត់ឱ្យរបួសបែកហូរឈាម
រួចប្លន់យកម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ
ជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
នេះគឺជាអំពើប្លន់យ៉ាងព្រហើនបំផុត
ដែលក្រុមចោរបានធ្វើសកម្មភាពទាំងកណ្តាលថ្ងៃមិនខ្លាចញញើត
សមត្ថកិច្ចបន្តិចណាឡើយ
ជាពិសេសប៉ូលិសព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ។
ករណីនេះក៏ចាត់ទុកថា
ជាការស្វាគមន៍យ៉ាងចាស់ដៃចំពោះលោកវង សេរីវុធ
អធិការរងដែលទើបចូលកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ
បានមួយដង្ហើមចង្រឹតប៉ុណ្ណោះ
ហើយគេកំពុងរង់ចាំមើលលោកអធិការរងរូបនេះបញ្ចេញស្នាដៃក្នុងការ
បង្ក្រាបក្រុមចោរប្លន់ទាំងនោះផងដែរ ។ តាមការអះអាងនានាថា
ក្រុមចោរប្លន់ប្រដាប់អាវុធខាងលើ
ពុំមែនធ្វើសកម្មភាពប្លន់មួយមុខប៉ុណ្ណោះទេ
ពួកវាក៏ជាមុខសញ្ញាកាច់សោម៉ូតូផងដែរ ។ នៅពេលដែលមានឱកាស
ពួកចោរនេះ នឹងធ្វើសកម្មភាពកាច់សោ
ប៉ុន្តែបើម្ចាស់ទាន់ពួកវានឹងដកកាំភ្លើងភ្ជង់បាញ់ប្លន់តែម្តង
។ ល្មមដល់ពេលលោកអធិការរងផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ
បញ្ចេញស្នាដៃចាប់ពួកចោរនោះហើយ ៕(kohsantepheap)