Sunday, March 11, 2012

ពី​អ្នក​ជិះកង់​លក់​ម៉ាំល្ហុង​ ក្លាយ​ជា​តារា​ចម្រៀង​រះ​ក្នុង​ផលិតកម្ម​ទើប​បើក​ថ្មី

ភ្នំពេញៈ ជាមួយ​ឈុត​សម្លៀក​បំពាក់​កាលីប ទាន់​សម័យ ពាក់​ស្បែក​ជើង​ឃ្លប់​មុខ​ង​ស្រួច យ៉ាង​របៀប​ជា​អ្នក​ធ្វើ​ការ​នៅ​ការិយាល័យ ​យុវជន​ម្នាក់​ស្ទើរ​តែ​ត្រូវ​បាន​មនុស្សម្នា​ទូទាំង​រាជធានី​ភ្នំពេញ​ ស្គាល់​តាម​រយៈ​ការ​ជិះ​ម៉ូតូ​ពណ៌​ត្រួយ​ចេក​រាង​ចម្លែក ​ស្រែកពពាយនាយលក់​ម៉ាំ​ល្ហុង តាម​បណ្តា​ផ្លូវ​នានា​ក្នុង​ក្រុង​។
បន្ទាប់​ពី​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​រយៈ​ពេល​មួយ​ឆ្នាំ​មក យុវ​ជន​វ័យ​២៥​ឆ្នាំ​ ម៉ៅ បូរ៉ា បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ភ្នំពេញ តែ​គេ​មិន​អាច​មាន​ឱកាស​ទទួល​បាន​ការ​ងារ​ឡើយ ព្រោះ​កម្រិត​ការ​អប់រំ​របស់​ខ្លួន​បាន​ត្រឹម​តែ​ថ្នាក់​ទី​៣​នៃ​បឋម​សិក្សា ​។

ដោយ​សារ​តែ​ភាព​ក្លាហាន បូរ៉ា ដែល​ជាមនុស្ស​មិន​ប្រកាន់​ខ្លួន ក៏​លេច​ចេញ​នូវ​គំនិត​ចេះ​ច្នៃ​ប្រឌិត​ផ្នែក​អាជីវកម្ម នោះ​គឺ ​ការ​ដើរ​លក់​ម៉ាំ​ល្ហុង​ចល័ត​។ របរ​រកស៊ី​របស់​គេ​មួយ​នេះ​មាន​ប្រជា​ប្រិយ​ភាព​គួរ​សម​ជា​មួយ​អតិ​ថិជន​ ទាំង​កម្ពុជា និង​ជន​បរទេស​ ដែល​បាន​ទិញ​ម៉ាំល្ហុង​គេ​យក​ទៅ​ទទួល​ទាន​ ខណៈ​ការ​លក់​ដូរ​របស់​ បូរ៉ា ច្រើន​តែ​នៅ​តាម​មាត់​ទន្លេ និង​នៅ​តាម​បណ្ដា​ផ្សារនានា​។ ទន្ទឹម​នឹង​អាជីព​លក់​ម៉ាំ​ល្ហុង​នេះ ក្ដីស្រមៃ​មួយ​ទៀត​ដែល​តែង​តែ​ដក់​ក្នុង​បេះដូង​របស់ បូរ៉ា ជាប់​ជានិច្ច​នោះគឺ​ការ​ក្លាយ​ខ្លួន​ជាតារា​មួយ​ដួង​ ដែល​អាច​បង្ហើរ​សំនៀង​លក់។
ចាប់​តាំង​ពី​យុវ​ជន​រូប​នេះ​ធ្លាប់​ត្រូវ​បាន​សារ​ព័ត៌​មាន​ភ្នំពេញ​ ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ពី​ប្រវត្តិ​រូប​គេ​កាល​ពី​ខែ​មិថុនា​ម្តង​មក ឃើញ​ថា ​មាន​ទាំង​សារព័ត៌មាន និង​ផលិត​កម្ម​ខារ៉ាអូខេ​ក្នុង​ស្រុក​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​យុវ​ជន​ រូបនេះ ដោយ​បាន​ឲ្យ​គេ​ទៅ​សាក​ល្បង​ថត​សំឡេង​នៅ​ស្ទូឌីយោ​ផ្ទាល់​ទៀត​ផង។
បូរ៉ា បាន​និយាយ​ថា៖ «​ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ត្រេក​អរ និងក្តី​រំភើប​ណាស់​ពេល​បាន​ជួប​ជា​មួយ​បណ្តា​ផលិត​កម្ម​នានា តែ​ក្រោយ​មកក្តី​ប្រាថ្នា និង​ក្តី​សង្ឃឹម វា​ហាក់​ដូច​ជា​បាត់​អស់​​ទៅ​វិញ។ ខ្ញុំ​បាន​ដឹង​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​មើល​ឃើញ​ពី​ការ​ផ្សង​ព្រេង​របស់​ខ្ញុំ​នៅ​ថ្ងៃ​ណា​ មួយ​ជា​មិន​ខាន​។ រហូត​ដល់​ថ្ងៃ​មួយ ខ្ញុំ​បាន​ជួប​ជា​មួយ​អ្នក​គ្រប់​គ្រង​ផលិត​កម្ម​ក្នុង​ស្រុក​«Green Stone»គាត់​បាន​ចាប់​អារម្មណ៍​នឹង​ទេព​កោសល្យ​របស់​ខ្ញុំ»។
យុវ​ជន បូរ៉ា បាន​ប្រាប់​ទស្សនា​វដ្តី 7Days របស់​ភ្នំពេញ ប៉ុស្ដិ៍ អំ​ពី​ពន្លឺ​នៃ​ការ​ឈាន​ចូល​វិស័យ​សិល្បៈ​ និង​ការ​ចេញ​នូវ​បទ​ចម្រៀង​ទី ១ នៃ​អាល់ប៊ុម​ដំបូង​របស់​គេ ដែល​នឹង​ចេញ​នៅ​ដើម​ខែ​មេសា​របស់​ផលិត​កម្ម​ថ្មី​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា «Green Stone» តែ​ម្តង។
បូរ៉ា បាន​បន្ថែម​ថា៖ «​ទោះ​បី​ជា​ចម្រៀង​ដំបូង​របស់​ខ្ញុំ​នៅ​ពុំ​ទាន់​ប្រសូត​​ចេញ​ក៏​ដោយ​ តែ​ខាង​ផលិត​កម្ម​បាន​ចំណាយ​ពេល​ជួយ​បង្ហាត់​បង្រៀន​ខ្ញុំ​ច្រើន​ណាស់ ទាំង​ការ​ច្រៀង និង​ការ​សម្តែង។ ខ្ញុំ​ក៏​ធ្លាប់​បាន​ចូល​សម្តែង​ចម្រៀង​ចំនួន​បួន ឬ ប្រាំ​បទ​ហើយ​ដែរ»។
ឥឡូវ​នេះ បូរ៉ា មាន​ការ​អភិវឌ្ឍ​ខ្លួន​ពី​ជិះ​កង់​លក់​ម៉ាំ​ល្ហុង​ម្នាក់​ឯង​ ដោយ​គេ​បាន​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន ប្រាំ​នាក់​ផ្សេង​ទៀត ដែល​រស់​នៅ​ស្រុក​កំណើត​ជាមួយ​គ្នា ឲ្យ​មក​ជួយ​លក់​ម៉ាំល្ហុង ដោយ​ស្លៀក​ពាក់​ស្រដៀង​គ្នា។
បូរ៉ា បាន​បន្ត​ថា៖ «​យើង​មាន​គ្នា ទាំង​អស់ ៦ នាក់ ដោយ​មាន​ម៉ូតូ​បី​គ្រឿង​សម្រាប់​បម្រើ​សេវាកម្ម​លក់​ម៉ាំ​ល្ហុង​។ ការ​អភិវឌ្ឍ​បែ​ប​នេះ​យើង​ក៏​មាន​ប្រាក់​ចំណូល​កើន​ឡើង តែ​ខ្ញុំ​ក៏​ត្រូវ​ចំណាយ​ប្រាក់​ប្រចាំ​ថ្ងៃ​សម្រាប់​ពួក​គេ​ដែរ​»។
វា​ជា​ជំនួញ​មួយ​ដែល​មាន​លក្ខណៈ​ប្លែក​ពី​គេ ដោយ​អ្នក​លក់​ម៉ាំ​ល្ហុង​រូប​នេះ តែង​តែ​លក់​ម៉ាំល្ហុង​របស់​គេ​រហូត​ដល់​ទៅ​១០០​គីឡូ​ក្រាម​ឯ​ណោះ ដោយ​ពួក​គេ​ចាប់​ផ្តើម​លក់​ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨:៣០​យប់​តែ​ប៉ុណ្ណោះ។
យុវជន​សក់​បះ​ពណ៌​ក្រហម​ទង់​ដែង​រូប​នេះ បាន​និយាយ​ទៀត​ថា៖ «​ក្រៅ​ពី​ពេល​ទំនេរ​​ទៅ​ផ្សារ​ទិញ​ល្ហុង និង​គ្រឿង​ផ្សំ​មក​ធ្វើ​នោះ ខ្ញុំ​ក៏​បាន​ឆ្លៀត​ពេល​ទៅ​សម​ជាមួយ​ផលិត​កម្ម​ចម្រៀង​ដែរ​។ ទោះ​បី​វា​ជា​ផលិត​កម្ម​ថ្មី​បំផុត​នៅ​ក្នុង​ស្រុក​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា មនុស្ស​ម្នា​ពិត​ជាចង់​ឃើញ និង​ចាំ​ស្តាប់​សំឡេង​ច្រៀង​របស់​ខ្ញុំ​ជា​មិន​ខាន​ឡើយ​»។
គួរ​បញ្ជាក់​ថា ដើម​ហេតុ​នៃ​ការ​ប្រកប​របរ​លក់​ម៉ាំ​នេះ ដោយ​សារ​តែ​ បូរ៉ា គិត​ថា​វា​ជា​មុខ​ម្ហូប​ងាយ​ស្រួល​ធ្វើ ហើយ​អាច​ញាំ​ជា​អាហារ​កំដរ​មាត់​ជា​មួយ​បាយ ឬ ជា​គ្រឿង​ក្លែម​ក៏​បាន​ ខណៈ​សារ​ព័ត៌​មាន​ភ្នំពេញ​ ប៉ុស្តិ៍​ធ្លាប់​បាន​សាក​សួរ​គេ​កាល​ពី​ខែ​មិថុនា​។ បូរ៉ា​ បាន​ប្រាប់​សារ​ព័ត៌​មាន​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ «​ជា​រឿយៗ​ខ្ញុំ​ធ្វើ​វា​ញុំា​ពេល​ខ្ញុំ​ខ្ជិល​ចម្អិន​ម្ហូប​តែ​ម្តង​»។ ​
អ្វី​ដែល​ពិសេស​នោះ មុន​នឹង​មក​រស់​នៅ​ភ្នំពេញ បូរ៉ា ក៏​ធ្លាប់​ជា​មេ​ចុង​ភៅ​សម្រាប់​ធ្វើ​ម្ហូប​ការ​នៅ​តាម​ភូមិ​ដ្ឋាន ក្នុង​ស្រុក​កំណើត​ជា​ច្រើន​ឆ្នាំ​ផង​ដែរ។ ទោះ​បី​ជា​មុខ​របរ​នោះ​វា​មាន​ភាព​សម​សួន​ទៅ​ហើយ​ក្តី ក៏​ បូរ៉ា តែង​ប្រាថ្នា​ថា ចង់​ទទួល​បាន​នូវ​កិត្តិស័ព្ទ​ល្បី​ល្បាញ​ផ្នែក​សិល្បៈ​នៅ​ថ្ងៃ​ណា​មួយ ដែល​អាច​ជួយ​លើក​ស្ទួយ​សង្គម​គ្រួសារ​ខ្លួន​បាន។
បូរ៉ា បាន​រំឭក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​រសាត់​អណ្ដែត​មក​ទីក្រុង​ថា៖ «​ជីវិត​រស់​នៅ​ឯ​ខេត្ត​វា​ហាក់​ដូច​ជា​មិន​មាន​អ្វី​ប្លែក ឬ មាន​អ្វី​ថ្មី​សម្រាប់​រូប​ខ្ញុំ​ឡើយ។ ដូច្នេះ​បាន​ខ្ញុំ​ចង់​មក​ផ្សង​ព្រេង​រស់​នៅ​ឯ​ក្រុង​ភ្នំពេញ​ និង​ចង់​ដឹង​ថា​តើ​ខ្ញុំ​អាច​ចិញ្ចឹម​គ្រួសារ​បាន​ទេ​?»។
បូរ៉ា បាន​បញ្ជាក់​ពី​ភាព​ប្រាកដ​ប្រជា ៨០ ភាគ​រយ​ដែរ​ថា បទ​ចម្រៀង​ដំបូង​របស់​ខ្លួន​បាន​ច្រៀង​សម្រាប់​អាល់​ប៊ុម​ទី​១​នោះ នឹង​ចេញ​នៅ​ដើម​ខែ​មេសា​ខាង​មុខ។ តារា​ចម្រៀង មាន​ប្រភព​ជា​អ្នក​លក់​​ម៉ាំល្ហុង​នេះហាក់​ដូច​ជា​មិន​ខ្វាយ​ខ្វល់​ច្រើន​ ឡើយ​ចំពោះ​អ្នក​គាំទ្រ​ខ្លួន​បាន​យូរ​ប៉ុន​ណា តែ​យ៉ាង​ហោច​ណាស់​គេ​ក៏​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​ដែល​និយម​ទទួល​ទាន​​ ម៉ាំ​ល្ហុង​របស់​ខ្លួន​បាន​ទទួល​អារម្មណ៍​ចូល​ចិត្ត និង​រីក​រាយ​ដែរ។
តារា​ចម្រៀង​មាន​ប្រភព​ពី​ការ​លក់​ម៉ាំល្ហុង​ បូរ៉ា លើក​ឡើង​៖ «គ្មាន​បញ្ហា​ទេ​ថា តើ​ខ្ញុំ​នឹង​មាន​ភាព​ល្បី​ប៉ុនណា​ទេ​ ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​នូវ​ក្តី​ប្រាថ្នា​នោះ​ដែរ​។ លើស​ពី​នេះ​ ខ្ញុំ​នឹង​ពង្រីក​មុខ​របរ​លក់​ម៉ាំ​ល្ហុង​នេះ​បន្ថែម​ឲ្យ​គ្រប់​ទិស​ទី ពេញ​ប្រទេស​តែ​ម្តង​នា​ពេល​អនាគត»។
លោក ឈុន លីហ៊ាង ដែល​ចាង​ហ្វាង​ផលិតកម្ម Green Stone ជា​ទ្រនំ​របស់​តារា​ចម្រៀង​ ម៉ៅ បូរ៉ា បាន​ថ្លែង​ប្រាប់​ទស្សនា​វដ្តី 7Days ថា មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ច្រើន​សម្រាប់​តារា​ចម្រៀង​ម៉ៅ បូរ៉ា នេះ​ឡើយ។
ម្ចាស់​ផលិតកម្ម​ទើប​តែ​បង្កើត​ថ្មី​ថ្មោង​រូប​នេះ​បាន​បន្ត​ថា៖ «យើង​មាន​ក្តី​សង្ឃឹម​ច្រើន​ចំពោះ​សំឡេង​ និង​ទេព​កោសល្យ​កំប្លែង​របស់​គេ។ តែ​ពេល​គេ​ផ្តោត​លើ​សំឡេង​ខ្លាំង​ពេក​ គេ​ក៏​ភ្លេច​បញ្ចូល​អារម្មណ៍​ជា​មួយ​នឹង​អត្ថ​ន័យ​នៃ​បទ​ចម្រៀង​ដែរ​ពេល​ ខ្លះ​។ ជួន​កាល​គេ​ហាក់​ដូចជា​មាន​ឥរិយាបថ​ដាក់​ខ្លួន​ពេក​ជា​មួយ​ភ្ញៀវ ពេល​ទៅ​ចូល​រួម​នឹង​ពិធី​ជប់​លៀង​ម្តងៗ។ យើង​ក៏​មាន​ការ​បារម្ភ​ដែរ ព្រោះ​ថា​គេ​ហាក់​ដូច​ភ្លេច​ខ្លួន​ថា គេ​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​ម្នាក់​ទៅ​ហើយ​ដែរ»៕(PK)

Comments system

Disqus Shortname