Tuesday, March 20, 2012

កាកា បានតំណែង តួឯកថ្មីក្នុងរឿង “កូនឥតខាន់ស្លា”

Photo by DAP-Newsភ្នំពេញៈ ស្រីស្រស់ ព្រឿង ពេជ្រច័ន្ទ ម៉ូនីកា ហៅកាកា បន្ទាប់ពីបានសម្តែង ខ្សែភាពយន្តជាច្រើនរឿង ដែលបាន ចាក់ផ្សាយ តាមរយៈស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ិន និងខ្សែភាពយន្តក្នុងផលិតកម្ម Classic រួចមក ស្រាប់តែថ្មីៗនេះ កញ្ញា កាកា ត្រូវបានអ្នកនិពន្ធ និងដឹកនាំរឿង គឺលោកស្រីពាន់ ភួងបុប្ផា  បានពេញចិត្ត ជ្រើសរើស រូបនាង ឲ្យដើរតួឯកក្នុងរឿង “កូនឥតខាន់ស្លា” ដោយនាងសម្តែងជាឈ្មោះ កាភេន ។ កន្លងមក កាកា បានសម្តែង ជាតួបន្ទាប់បន្សំ និងជាតួរង តាមរយៈខ្សែភាព យន្តមួយចំនួន រួមមានរឿង ទឹកចិត្តបងស្រី, ល្បិចស្រី, កូនភ្លោះខ្ទើយចម្លែក, ទាយាទអារីយ៉ា, ខ្សែជីវិត និងចុងក្រោយ ដែលនាងដណ្តើមបាន តួឯកនៅពេលនេះ គឺរឿង “កូនឥតខាន់ស្លា” ដែលទើបតែ ចាប់ផ្តើមថត បាន៥ទៅ៦សឺកុង តែប៉ុណ្ណោះ ។
កាកា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា “ចាស…បង រឿងហ្នឹងខ្ញុំពិតជា បានថតមែន ។ ខ្ញុំមិននឹកស្មានថា ខ្លួនឯងបានសម្តែង ជាតួឯកនោះទេ តែមិនដឹងយ៉ាងម៉េច ទើបអ៊ុំ ពាន់ ភួងបុប្ផា គាត់ជ្រើសរើសខ្ញុំ ។ តាមការពិតទៅ ខ្ញុំអត់ទាន់ចង់និយាយទេ រឿងនេះខ្លាចគេថាខ្ញុំអួត តែទោះជាយ៉ាងណា ខ្ញុំបានថតវា បាន៥ទៅ ៦ឈុតហើយ” ។

នៅក្នុងសាច់រឿងតាំងពីដើមរហូតដល់ចប់ ត្រូវបានកញ្ញា កាកា ដែលក្នុងរឿងគេដាក់ឈ្មោះថា កាភេន ថ្លែងសង្ខេប ឲ្យដឹងទៀតថា “រឿងហ្នឹងគេឲ្យខ្ញុំ ដើរជាតួកំសត់ តាំងពីកុមាររហូតដល់ធំ ។ មិនតែប៉ុណ្ណោះខ្ញុំត្រូវបានលោកយាយ យកទៅបោះ បង់ចោល ខណៈដែលម្តាយខ្ញុំ នឹងប៉ាបានឈ្លោះគ្នារហូតដល់ ថ្នាក់ចែកផ្លូវគ្នាដើរ តាំងពីខ្ញុំមិនទាន់កើត សូម្បីតែខ្ញុំ ធំដឹងក្តីឡើង មិនបានស្គាល់មុខគាត់យ៉ាងម៉េចផង ។ ខ្ញុំត្រូវខិតខំប្រឹងប្រែងតស៊ូ ទាំងទឹកភ្នែក តែម្នាក់ឯង ដើម្បីបានរស់ ក្នុងសង្គមមួយ ដ៏ស្រស់ស្អាត ទីបំផុតជិវិតខ្ញុំ នៅតែអភ័ព្វស្ទើរ គ្រប់ឈុតឆាក” ។
នេះគឺជាលើកទី១ សម្រាប់តារាសម្តែងរាងតូចច្រឡឹង ពេជ្រ ច័ន្ទម៉ូនីកា ខណៈដែលកន្លងមក នាងមិនដែលបាន ដំណែង ជាតួឯកដូច្នេះឡើយ ពោលគឺគ្រាន់តែ ដើរជាតួ រាយរង ស្ពាយកាបូបឲ្យ តួឯកតែប៉ុណ្ណោះ  ។ ក្រៅពីសម្តែង កាកា ក៏ជាតារាចម្រៀង ដែលមានទឹកដមសំនៀង ពីរោះមិនចាញ់តារាល្បីៗ ប៉ុន្មានឡើយ ដែលគេតែង សង្កេតឃើញ វត្តមានរបស់នាង នៅក្នុងផលិតកម្ម Classic ។
ងាកមកជីវិតក្រៅសិល្បៈ កាកា ត្រូវបានគេបង្ហើបឲ្យដឹងថា នាងត្រូវបានចាស់ទុំ ផ្គូផ្គងនាងជាមួយនិងបុរស ជាបងប្អូនជីដូនមួយ រស់នៅឯសហរដ្ឋអាមេរិក តែនាងបាន បដិសេធមិនទទួលយកស្នេហាពីបុរសនោះ ខណៈដែល បុរសរូបនោះ តាមស្រលាញ់នាង នឹងចង់រៀបការ ក្នុងពេលឆាប់ៗទៀតផង តែបំណងប្រាថ្នាត្រូវ រលាយ សាបសូន្យ ដោយសារនាង មិនទទួលយក សំណើសុំស្អំបេះដូង ពីបុរសនៅឯនាយសមុទ្រនោះ ព្រោះតាមការដឹង គឺគេចង់ឲ្យនាង លាឈប់ពីសិល្បៈ ដោយគេធានា ចិញ្ចឹមរ៉ាប់រង គ្រប់បែបយ៉ាង និងយកនាងទៅរស់នៅអាមេរិក ក្រោយរៀបការរួច ។
បញ្ហានេះ កាកា និយាយថា “លក្ខ័ណ្ឌនេះខ្ញុំអត់អាចទទួលយកបានទេបង ទើបខ្ញុំគេចពីគេ តែគេចេះតែសួររកខ្ញុំ ខ្ញុំបដិសេធ ម្យ៉ាងត្រូវជាបងប្អូនទៀត ខ្ញុំអត់អាចឈប់ ពីសិល្បៈបានទេ បើមិនយល់ចិត្តគ្នា មិនអាចរស់នៅ ជាមួយគ្នាបានទេ ណាមួយខ្ញុំអត់ចង់ រៀបការទៀត ខ្ញុំលែងគិតហើយបញ្ហានេះ” ។
តាមរយៈដំណែងជាតួឯកលើកនេះ ទស្សនិកជនពិតជាសង្ឃឹម នឹងរង់ចាំទស្សនាយ៉ាងយកចិត្តទុកដាក់ ចំពោះទេពកោសល្យ សម្តែង របស់កាកា ព្រោះកន្លងមក មានអ្នក សិល្បៈជាច្រើន ដែលតែងតែចង់បាន តំណែងជាតួឯក តែមិនងាយ ដូចការគិតនោះទេ ។ ចំណែកកាកា នាងទើបតែប្រឡូកក្នុងវិស័យនេះ រយៈកាលប៉ុន្មានឆ្នាំ តែប៉ុណ្ណោះ តែមានសភាព ឡើងកូដខ្លាំង និងភាពមមាញឹក ស្ទើររកពេលសម្រាកគ្មាន ខណៈដែលវិស័យភាពយន្ត កំពុងតែ រីកចំរើនឡើង ជាលំដាប់ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname