រាជធានីភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យសុខ អាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា
ក្មួយៗជាជ័យលាភីត្រូវចងចាំថា វិទ្យាសាស្ត្រខ្វះទស្សនវិជ្ជា
នាំឱ្យមនុស្សក្លាយជាឧបករណ៍របស់គ្រឿងយន្ត ។ បានសេចក្តីថា
បើយើងមានតែចំណេះដឹង និងបច្ចេកវិទ្យា
ហើយខ្វះស្មារតីទទួលខុសត្រូវ ពិសេសគុណធម៌ និងសីលធម៌វិជ្ជាជីវៈ
នោះវានឹងធ្វើឱ្យបុគ្គលក្លាយជាបញ្ញវន្តអសកម្មប្រកបដោយគ្រោះ
ថ្នាក់ដល់មនុស្សជាតិរួម ។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ
នាព្រឹកថ្ងៃទី១៩ មីនា ២០១២ ក្នុងឱកាសលោក
និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់
និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់
ចំនួន២.៤៧៧នាក់ ស្រី៨៨១នាក់ ដែលបានបញ្ចប់ការសិក្សា
និងសម្ពោធអគារសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា
ដោយឡែកចំពោះក្មួយៗនិស្សិតជ័យលាភីទាំងអស់
ដែលមានវត្តមាននៅទីនេះវិញ ក្នុងនាមក្មួយៗជាទំពាំងស្នងឫស្សី
និងជាកម្លាំងបន្តវេនក្នុងការការពារ
និងកសាងមាតុភូមិជាទីស្នេហារបស់យើង ចូរក្មួយៗយកសមត្ថភាព
និងចំណេះដឹងដែលក្មួយៗមាន
ទៅប្រើប្រាស់ឱ្យអស់លទ្ធភាពនៅតាមគ្រឹះស្ថានសិក្សា
ក៏ដូចជានៅតាមអង្គភាពនានា ទាំងក្នុងក្របខណ្ឌរដ្ឋបាលសាធារណៈ
សង្គមស៊ីវិល និងផ្នែកឯកជន ជាពិសេសនៅតាមសហគមន៍មូលដ្ឋាន
ដើម្បីអនាគតរុងរឿងរបស់ជាតិយើង ។
សញ្ញាបត្រដែលក្មួយៗទទួលបាននាពេលនេះ
គឺជាមោទនភាពដ៏ធំធេងនៅក្នុងជីវិតរបស់ក្មួយ។
ក៏ប៉ុន្តែក្មួយៗក៏មិនត្រូវភ្លេចខ្លួនរហូតបោះបង់ចោលការសិក្សា
នោះឡើយ ក្មួយៗត្រូវរកឱកាសបន្តការសិក្សាស្រាវជ្រាវថែមទៀត
ហើយត្រូវចាត់ទុកថាការរៀនសូត្រ
គឺជាដំណើរការមួយដែលមិនចេះចប់ដើម្បីដុសខាត់ចំណេះដឹង
ចំណេះធ្វើរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។
ចូរក្មួយៗខិតខំរៀបចំខ្លួនឱ្យស័ក្តិសមជាអ្នកជំនាញប្រកបដោយ
សីលធម៌វិជ្ជាជីវៈ និងជាធនធានប្រកបដោយសក្តានុពល
ដែលជាក្តីសង្ឃឹមរបស់អ្នកជំនាន់ក្រោយ
ជាពិសេសគឺត្រូវកសាងខ្លួនឱ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ស័ក្តិ
សមជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា
ធនធានមនុស្សគឺជាប្រភពធនធានមិនចេះរីងស្ងួតសម្រាប់បម្រើឱ្យការ
អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង
រាជរដ្ឋាភិបាលកម្ពុជាបានរំលេចវិស័យអប់រំជាវិស័យអាទិភាពមួយ
យ៉ាងសំខាន់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២
ក៏ដូចជានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
បច្ចុប្បន្នកម្ម២០០៩-២០១៣ ដើម្បីជំរុញដល់ការកសាងសមត្ថភាព
និងការអភិវឌ្ឍធនធានមនុស្ស។ រាជរដ្ឋាភិបាលនៅតែកត់សម្គាល់ឃើញថា
ការកើនឡើងនូវចំនួនគ្រឹះស្ថានឧត្តមសិក្សានាពេលបច្ចុប្បន្ននេះ
នៅតែពុំទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅឡើយ
ដែលតម្រូវឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់បន្ថែមទៀត
ដើម្បីធានាបាននូវគុណភាពអប់រំប្រដំប្រសងនឹងបណ្តាសាកលវិទ្យាល័យ
នាំមុខមួយចំនួននៅក្នុងតំបន់ ។ ស្ថិតក្នុងចរន្តសាកលភាវូបនីយកម្ម
ការវិវត្តឥតឈប់ឈររបស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ
កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក
តែងប្រឈមនឹងការលំបាកជាច្រើនក្នុងការធានានូវនិរន្តរភាពនៃគុណ
ភាពអប់រំ ក៏ដូចជាធានាឱ្យបាននូវទីផ្សារការងារសម្រាប់ក្មួយៗ
ដែលទើបតែបញ្ចប់ការសិក្សា ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ជាថ្មីទៀតថា
ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យឈានដល់កម្រិតមួយប្រកបដោយសមត្ថភាព
ប្រកួតប្រជែង គឺត្រូវបន្តពង្រឹងទាំងការសិក្សាទ្រឹស្តី
ទាំងការងារស្រាវជ្រាវ
តាមរយៈការអភិវឌ្ឍសមត្ថភាពរបស់សាស្ត្រាចារ្យ គ្រូបង្រៀន
បច្ចេកទេសគរុកោសល្យ ឯកសារស្រាវជ្រាវ កម្មវិធីទាន់សម័យ
សម្ភារសិក្សា បរិក្ខារ និងអគារសិក្សាឱ្យបានសមស្រប ។
លោកអុឹម សិទ្ធី
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងឱ្យដឹងថា
ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលឱ្យមានប្រសិទ្ធភាពខ្ពស់
ស្របតាមនិន្នាការសាកលភាវូបនីយកម្មរបស់ពិភពលោក
ក្រសួងអប់រំយុវជននិងកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិនានា
និងរដ្ឋាភិបាលបណ្តាប្រទេសមួយចំនួនរួមមាន ប្រទេសកាណាដា
សហរដ្ឋអាមេរិក ប្រទេសបារាំង ប្រទេសជប៉ុន សាធារណរដ្ឋប្រជាមានិតចិន
ប្រទេសអូស្រ្តាលី ប្រទេសនូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ
និងប្រទេសជាសមាជិកអាស៊ាន ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ
។ល។ សំដៅធ្វើឱ្យការបង្រៀន ការសិក្សា
និងការស្រាវជ្រាវរបស់សាស្ត្រាចារ្យ
និងនិស្សិតឱ្យកាន់តែមានប្រសិទ្ធភាពឡើង ។
ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពនិស្សិត
លោកអុឹម សិទ្ធី គូសបញ្ជាក់ថា
ក្រសួងបានឯកភាពជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ត្រៀមបង្កើតមហាវិទ្យាល័យវិស្វកម្ម
និងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ប្រកបដោយពហុជំនាញ
ដើម្បីឱ្យនិស្សិតទាំងអស់ក្រោយពីបានបញ្ចប់ការសិក្សាមានជំនាញពិត
ប្រាកដ អាចទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅបរទេស
និងងាយស្រួលស្វែងរកការងារធ្វើ
ម៉្យាងជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផង ។
ក្រសួងបានបង្កើនអាហារូបករណ៍ដល់សិស្ស
ដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិ
រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមការយក
ចិត្តទុកដាក់គិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ
នាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត៕(កោះសនិ្តភាព)