Wednesday, March 14, 2012

ជប៉ុនផ្តល់ជំនួយ ជាង ៩ ម៉ឺនដុល្លារ ដើម្បីបោះពុម្ព ឯកសារ ព័ត៌មាន ស្តីពីការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០១២

www.dap-news.comភ្នំពេញៈ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ជាថវិកាសរុបចំនួន ៩០.៩០០ ដុល្លារអាមេរិក ដល់គណៈកម្មាធិការតស៊ូ មតិ នៃសមាគម-អង្គការ មិនមែនរដ្ឋាភិបាល ដើម្បីបោះពុម្ពឯកសារ ព័ត៌មាន ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១២ ។
ពិធីចុះហត្ថលេខា លើកិច្ចសន្យា ផ្តល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខ មនុស្សជាតិ របស់ប្រទេស ជប៉ុន ត្រូវបានធ្វើឡើង ដោយឧបទូតស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា លោក កាវ៉ាមូរ៉ា
ហ៊ីរ៉ុស៊ី និងលោកប្រធាន គណៈកម្មាធិការតស៊ូមតិ នៃសមាគម-អង្គការ មិនមែនរដ្ឋាភិបាល ម៉ុក ម៉ៃ នៅឯស្ថានទូតជប៉ុន នារសៀលថ្ងៃ អង្គារ ទី១៣ ខែមីនា ឆ្នាំ២០១២ ។
ឧបទូតស្ថានទូតជប៉ុន ប្រចាំកម្ពុជា លោក កាវ៉ាមូរ៉ា ហ៊ីរ៉ុស៊ី បានមានប្រសាសន៍ បន្ទាប់ពីបញ្ចប់ ពិធីចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឱ្យដឹងថា បន្ទាប់ពីការចាប់កំណើតឡើងវិញ ជាព្រះរាជាណាចក្រទី២ ក្នុងឆ្នាំ១៩៩៣ កម្ពុជា បានធ្វើការអភិវឌ្ឍឈានទៅមុខ ជាលំដាប់ និងទទួលបាន ភាពរីកចម្រើន គួរឱ្យកត់សម្គាល់លើគ្រប់ វិស័យជាប្រទេស ប្រជាធិបតេយ្យលេចធ្លោមួយ តាមរយៈការបោះឆ្នោតជាច្រើនលើក ។
លោកបានបន្តទៀតថា ប្រជាជនកម្ពុជាទាំងអស់ ប្រហែលជាបានដឹងហើយថា ការបោះឆ្នោត គឺជាឧបករណ៍ដ៏មានសារៈសំខាន់បំផុតមួយ និងមានអត្ថន័យជាអាយុជីវិត ដើម្បីបញ្ជាក់ពីលទ្ធិប្រជាធិបតេយ្យ និងឆ្លុះបញ្ចាំង ពីសំឡេង របស់ប្រជាពលរដ្ឋសាមញ្ញ នៅក្នុងគោលនយោបាយជាតិ និងមូលដ្ឋាន ។
លោក កាវ៉ាមូរ៉ា ហ៊ីរ៉ុស៊ី បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ ក្នុងការធានាឱ្យបាននូវសេរីភាព និង តម្លាភាព ក្នុងការបោះឆ្នោត ក៏ដូចជាការបង្កើនអត្រា អ្នកចូលរួមបោះឆ្នោត ឱ្យបានខ្ពស់ ដើម្បីធានាប្រសិទ្ធភាពក្នុងការបោះឆ្នោត” ។
ប្រធានគណៈកម្មាធិការ តស៊ូមតិ នៃសមាគម-អង្គការ មិនមែនរដ្ឋាភិបាល លោក ម៉ុក ម៉ៃ បានមានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ គម្រោងដែលយើង ចុះហត្ថលេខាថ្ងៃនេះ មានសារៈសំខាន់ណាស់សម្រាប់បោះពុម្ព ឯកសារព័ត៌មាន ស្តីពីការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ហើយក្នុងអំឡុងពេលឃោសនា បោះឆ្នោត ឯកសារណែនាំដល់អ្នកបោះឆ្នោតនេះ នឹងត្រូវបានចែកជូន នៅតាម មណ្ឌលបោះឆ្នោតទាំង ២៤ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
លោក ម៉ុក ម៉ៃ បានលើកឡើងថា “ឯកសារនេះ គឺជាឧបករណ៍ដ៏មានតម្លៃ ដើម្បីជួយបំភ្លឺប្រជាពលរដ្ឋកម្ពុជា ឱ្យ បានយល់ច្បាស់ អំពីសិទ្ធិរបស់គាត់ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងផ្តល់ព័ត៌មានចម្បងៗ ក្នុងការសម្រេចចិត្ត ដើម្បីជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគាត់ពេញចិត្ត” ។
គួរបញ្ជាក់ ឱ្យដឹងថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានប្រកាសពីលទ្ធផល បណ្តោះអាសន្នថា មាន តែ ១០ គណបក្សនយោបាយប៉ុណ្ណោះ ដែលបានដាក់ពាក្យ សុំចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត ក្រុម ប្រឹក្សាឃុំ-សង្កាត់ ហើយការបោះឆ្នោត ដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រារព្ធឡើង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ៕
www.dap-news.com
www.dap-news.com

www.dap-news.com

Comments system

Disqus Shortname