Saturday, March 10, 2012

BIG មាឌ​ធំ​ ព្រោះ​​​បញ្ចូល​​ស៊ីរ៉ូម​៧០​​កំប្លោក

លោក BIG ដែល​មិត្ត​យុវវ័យ​ធ្លាប់​ស្គាល់​ថា លោក​គឺ​ជា​​ពិធី​ករ​​ដែល​មាន​ប្រជា​ប្រិយភាព​មួយ​រូប​ របស់​បណ្ដាញ​​ស្ថានីយ​ទូរទស្សន៍ CTN ក្នុង​កម្មវិធី “តន្ត្រី​សម័យ​ទំនើប​A1, សុខគា លក្ខិណ្ណា ប៊ីអាយជី, និង​កម្មវិធី សំណើច​តាម​ភូមិ”។ នៅ​ពេល​នេះ​​ ពិធី​ករ​មាន​មាឌ​ធំ ទម្ងន់​​ យក្ស​រូប​នេះ បាន​ស្ម័គ្រចិត្ត​លាតត្រដាង​ពី​ខ្សែ​ជីវិត​​ពិត របស់​លោក ដើម្បី​ឲ្យ​ទស្សនិកជន​ស្គាល់​កាន់​តែ​ច្បាស់ ខណៈ​ដែល​ប្រជាប្រិយភាព​​របស់​លោក កំពុង​តែ​
ទទួល​បាន​​ការ​គាំទ្រ​ច្រើន មិន​ចាញ់​ពិធី​ករ​​ដទៃ​ទៀត​​នោះ។ លោក​បាន​ប្រាប់​ថា មូល​​ហេតុ​ដែល​នាំ​ឲ្យ​លោក​​មាន​មាឌ​ធំ ទម្ងន់​​យក្ស​បែប​នេះ ក៏​ព្រោះ​តែ កាលពី​លោក​មាន​អាយុ៦ឆ្នាំ លោក​កើត​ជំងឺ​គ្រុន​ពោះវៀន ហើយ​ត្រូវ​បាន​គ្រូពេទ្យ​បញ្ចូល​ស៊ីរ៉ូម​អស់​ជាង ៧០ កំប្លោក បន្ទាប់​ពី​ជា​ពី​ជំងឺ​គ្រុនពោះវៀន​នោះ​​មក ទម្ងន់​របស់​លោក​ចេះ​តែ​​ឡើង​រហូត​មក​ដល់​បច្ចុប្បន្ន។
ស្ថានភាពគ្រួសារ
BIG គឺជាឈ្មោះខាងក្រៅរបស់លោក បន្ទាប់ពីបានបោះ ជំហានធ្វើ​ជា​អ្នកសិល្បៈ​ ឈ្មោះ​ពិតប្រាកដ​របស់លោក​គឺ​ឈ្មោះ​ ហៃ សីហា។ លោក​កើត​នៅ​ថ្ងៃទី២២ តុលា ឆ្នាំ១៩៧៨ នៅ​ភូមិ​សំរោង​ ឃុំ​សំរោង​ក្រោម​​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​ ហើយ​បច្ចុប្បន្ន​មាន​​ទី​លំនៅ​ នៅ​​សង្កាត់ ទឹកល្អក ៣ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ។ ឪពុក របស់លោកឈ្មោះ ហៃ សុវណ្ណ អាយុ៥៩ឆ្នាំ ជាទាហានចូលនិវត្តន៍ និងជាអតីត ជាងកាត់ដេរមួយ រូបក្នុងទសវត្ស៨០។ ម្ដាយរបស់លោកឈ្មោះ ចាប សារុំ អាយុ៥៩ ជាអតីតចៅ សង្កាត់ផ្សារថ្មី២។ លោកគឺជាកូនទី ២ ក្នុងចំណោម បងប្អូន ៣ នាក់ ប្រុស២ ស្រី១។ បងប្រុស របស់លោកឈ្មោះ ហៃ សុវណ្ណរិទ្ធី (ហៅ លោកតាវ៉ិចទ័រ) បច្ចុប្បន្ន ជាអ្នក គ្រប់គ្រង និងផលិតកម្មវិធី ក្នុងស្ថានីយទូរទស្សន៍CTN ។ ប្អូនស្រីពៅរបស់លោកឈ្មោះ ហៃ ដាឡែនធ្វើការនៅក្រុមហ៊ុនឯកជន។
ប្រវត្តិការសិក្សា
លោក​ចូល​​រៀន នៅសាលាបឋមសិក្សា បដិវត្ត (បច្ចុប្បន្ន សាលាបឋមសិក្សា អនុវត្តន៍ ជិតផ្សាតាប៉ាង)។ ចំណែក​កាល​នៅ​  អនុវិទ្យាល័យ លោករៀននៅ អនុវិទ្យាល័យ វត្តកោះ​ ​និង​បន្ទាប់​មក​ចូល​​រៀន​នៅ​វិទ្យាល័យបឹងត្របែក។ លោកបាន​បញ្ចប់ថ្នាក់បាក់ឌុបនៅឆ្នាំ ១៩៩៥ ប៉ុន្តែលោកមិនបានបន្តរៀនមហាវិទ្យាល័យនោះទេ។
ដើមចមក្លាយជា DJ
ជីវិតយុវវ័យចូលមកដល់ លោកបានចាប់អារម្មណ៍ Style DJ ជាខ្លាំង ដែលជាហេតុធ្វើឲ្យលោក​មានបំណង​ចង់ក្លាយ​ជា DJ។ បន្ទាប់​មក លោកបានប្រឡូក ជីវិតជាយុវវ័យដោយលេង Style នៃការតុបតែងខ្លួន និងហាត់សមជាលក្ខណៈDJ។ ​មួយ​ឆ្នាំ​ក្រោយ​ពី​បញ្ចប់ថ្នាក់បាក់ឌុប ​គឺ​នៅ​ឆ្នាំ១៩៩៦ លោក​បាន​ក្លាយ​ជា​ DJ ដូច​ក្តី​បំណង។ ​ការ​ក្លាយខ្លួនជា DJ របស់​លោក​ មិន​​មែន​​បាន​មក​ដោយ​សារ​ ​​​​​​​​​​​​​​​​​​​​​​ទៅរៀន​​​​​​​​​​​ពីសាលាណានោះទេ គឺលោកបានហាត់រៀនដោយខ្លួនឯង ដោយ​គ្រាន់​តែធ្វើ ត្រាប់តាម​ DJ បរទេសតែប៉ុណ្ណោះ។
បន្ទាប់​ពី​បានក្លាយជា DJ មក លោក បានចូលបម្រើការងារនៅក្នុងក្លឹបកម្សាន្តជាច្រើន នៅក្នុងរាជធានី ភ្នំពេញ បាត់ដំបង កំពង់សោម និង សៀមរាប​។ នៅឆ្នាំ ២០០០ លោក​ និងមិត្តភ័ក្ដិ បានសាកល្បងបង្កើតក្រុមរ៉េបមួយ មាន ឈ្មោះ​ថា Phnom Phen Player ដែលមានសមាជិកចំនួន ៤នាក់ ក្នុងនោះមានលោក ជីនិត អិនជីខេ ប៊ីអូ និងរូប​លោក។ នៅឆ្នាំដដែលនោះ ក្រុម Phnom Phen Player​ របស់លោក បានសម្រេច​ចេញ​ជា​ CD ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង ផ្នែកគំនិត និងលុយកាក់ពីមិត្តភ័ក្ដិរបស់លោក។
ក្រុមរ៉េប​ Phnom Penh Player
CD វ៉ុលដំបូងរបស់ក្រុមលោក មានចំនួន ១០​បទ ដែលសុទ្ធសឹងតែជា ចង្វាក់រ៉េប ហើយ​បានដាក់លក់នៅហាង CD World ។ បទដែលធ្វើទស្សនិកជនចាំមិនភ្លេច នោះគឺបទ “អយា“។ បន្ទាប់ពីបានចេញជា CD  នៅលើទីផ្សាររួចមក ក្រុម Phnom Phen Player របស់លោក មិនបានចេញវ៉ុលបន្តទៀតនោះទេ គឺបានចេញតែមួយវ៉ុល​នេះ​ប៉ុណ្ណោះ ដោយ​សារ​តែ សមាជិកនៅក្នុងក្រុមបានចេញ ទៅបើកក្រុមហ៊ុនរកស៊ី​រៀង​ៗ​ខ្លួន​អស់។ ចំណែករូបលោក នៅតែបន្ត​ធ្វើ​ជា​ DJ ​ដដែល។ នៅឆ្នាំ​២០០៣ លោក​បាន​ទទួលការងារពីអង្គការ PSI ដែលតម្រូវឲ្យលោករៀបចំការប្រគំតន្ត្រី​ទូទាំង​ប្រទេសចំនួន ២ឆ្នាំ ស្ដីពីការបង្ការ ការឆ្លងរីករាលដាល​នៃមេរោគអេដស៍។ បន្ទាប់ពី​ទទួល​​​បាន​ការ​ងារ​ពី​អង្គការ PSI បានប្រហែលជាមួយឆ្នាំ​មក​ អ្នកនាង យុគ្គ ចិន្ដា ដែលកាល​នោះ​ ​ជាអ្នក​គ្រប់គ្រងកម្មវិធី​ “តន្ត្រីសម័យ​ទំនើប​A1“​បានទាក់ទងរូបលោក ឲ្យមកធ្វើជាពិធីករនៅ CTN ប៉ុន្តែលោកមិនបានមកភ្លាមៗនោះទេ ព្រោះលោកនៅជាប់កុងត្រា ជាមួយ PSI នៅ​ឡើយ។
ចូល CTN និងភាពជោគជ័យ
BIG បានចូលនៅ CTN នៅឆ្នាំ ២០០៥ បន្ទាប់ពីលោក បានបញ្ចប់ការងារជាមួយអង្គការ PSI។ លោកបាន​​ចាប់​ផ្ដើម​ការងារ​​​ដំបូង​​​ ជាពិធីករក្នុងកម្មវិធី “តន្ត្រីសម័យទំនើបA1″ ជំនួស DJ ស្ដី។ លោកចូល CTN មិនបានប៉ុន្មានផង ដោយមើលឃើញពីសមត្ថភាពរបស់លោក បងប្រុសបង្កើតរបស់លោកគឺ លោក ហៃ សុវណ្ណរិទ្ធី (ហៅ លោកតាវ៉ិចទ័រ) បានបង្កើតកម្មវិធីចំនួនពីរ​ បន្ថែមទៀត ឲ្យលោកកាន់គឺ  កម្មវិធី “សុខគា លក្ខិណ្ណា ប៊ីអាយជី និង ​ កម្មវិធី សំណើច​តាមភូមិ”។ ការងារទាំងបីកម្មវិធីនេះហើយ បានធ្វើឲ្យលោក កាន់តែល្បីខ្លាំង រហូតមកដល់បច្ចុប្បន្ន។ ក្រៅ​ពី​ការងារ ជាពិធីករ នៅក្នុងស្ថានីយទូរទស្សន៍ CTN ​លោក​ក៏​ធ្លាប់​ថត​ ស្ប៉តពាណិជ្ជកម្ម ​ និងបទចម្រៀង​ខារ៉ាអូខេ ​​ជា​ច្រើន​ផងដែរ។
កម្មវិធី “សុខគា លក្ខិណ្ណា ប៊ីអាយជី“​ ទទួល​បាន​ពាន​​អាណាចក្រ​តារា​​ផ្នែក “កម្មវិធី​សំណើច​ប្រចាំឆ្នាំ”
ទទួលបានពានរង្វាន់ពី “កម្មវិធីអាណាចក្រតារា”
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ លោកបានទទួលពានរង្វាន់ជា “DJ ប្រចាំឆ្នាំ២០១១” ពីកម្មវិធី អាណាចក្រតារា ដែលរៀបចំ​ឡើង​ដោយក្រុមហ៊ុន Sabay។ នេះជាពានរង្វាន់លើកទី១ហើយ នៅក្នុងជីវិតរបស់លោក បន្ទាប់ពីលោក​បានក្លាយ​ជាអ្នកសិល្បៈ។
ជីវិតស្នេហា
BIG បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ២០០៨ ជាមួយអ្នកស្រី ហ្វី និច្ច ដែលជាពិធីការនី មួយ​រូប​ដែរ​តែ​មិនសូវល្បីឈ្មោះ​ប៉ុន្មាន​នោះ​ទេ។ ចំណងស្នេហា រវាងលោក និង ភរិយា​ ទទួលបានកូនប្រុសមួយ មានឈ្មោះថា សីហា វិត។ បច្ចុប្បន្នកូនប្រុសរបស់លោក ទើបតែ​មាន​អាយុជាងមួយខួបប៉ុណ្ណោះ។
គោលបំណងទៅថ្ងៃអនាគត
បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីពជាពិធីកររួចមក នៅដើមឆ្នាំ ២០១១ លោកបានបើក​ហាងកាត់ដេរ​មួយ​កន្លែង​នៅ​ជិត​ផ្សារ​ហេងលី ​ដែលមានឈ្មោះថា “ប៊ីអាយជី កាត់សំលៀកបំពាក់”។ ហាងកាត់ខោអាវ ដែលលោកបើកនេះ គឺលោកមានបំណង រក្សា មុខរបរបន្តពីឪពុករបស់លោក កុំឲ្យបាត់បង់ ព្រោះកាលពីទសវត្ស​ឆ្នាំ​ ៨០ ឪពុករបស់​លោក​គឺជា មេកន្ត្រៃ​ល្បីឈ្មោះមួយរូប។ ប៉ុន្តែ​ការបើក ហាងកាត់សំលៀកបំពាក់នេះ មិនទាន់គ្រប់គ្រាន់នោះទេ ទៅថ្ងៃខាងមុខ លោកមាន​បំណង​បើកហាង​បាយមួយ​កន្លែង​បន្ថែមទៀត។ ចំណែកការងារសិល្បៈវិញ លោកបាននិយាយថា លោក នឹងធ្វើរហូត​ដល់ទឹកចុងក្រោយ ប្រសិនបើ​ទស្សនិកជន​នៅតែ​ត្រូវការរូប​លោក៕(ដកស្រង់ទាំងស្រុងពី sabay.com.kh)

Comments system

Disqus Shortname