Thursday, March 22, 2012

វាយ​នឹង​ស្នាប់​កាំភ្លើងបែកក្បាល ប្លន់​យក​ម៉ូតូពី​មន្ត្រី​យោធា​ម្នាក់​

ភ្នំពេញ: ​មន្ត្រី​យោធា​ម្នាក់ ត្រូវ​ចោរ​ថ្មើរជើង វាយ​នឹង​ស្នាប់​កាំភ្លើង​រយះ​ក្បាល ហើយ​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់ កាលពី​ម៉ោង ៨ ព្រឹកថ្ងៃទី​២១​ ខែមីនា ឆ្នាំ​២០១២ នៅមុខ​ផ្ទះ​ផលិត​ទូដែក ផ្លូវលំ ក្រុម​១៥ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​


​យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​ប៉ូលិស​ ប៉ុស្តិ៍​កា​កាប បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ឈ្មោះ ថឺម សំបូរ អាយុ ​៤៤​ឆ្នាំ ជា​មន្ត្រី​យោធា ស្នាក់​សង្កាត់​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ បាត់បង់​ម៉ូតូ​ ម៉ាកហុងដា សេ១២៥-០៩ ពណ៌​ខ្មៅ ពាក់ស្លាក​ ភ្នំពេញ 1AJ-6540​។​

​លោក ​ថឺម សំបូរ បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា នា​ព្រឹក​ថ្ងៃទី​២១​មីនា លោក​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​មកលេង​ផ្ទះ​បងប្អូន នៅ​ចំណុចកើតហេតុ​ខាងលើនេះ ខណៈពេល​ឈប់​ម៉ូតូ​ភ្លាមៗ ស្រាប់​តែមាន​ជនល្មើស​ម្នាក់​ ស្ទុះមកដល់​ដក​កាំភ្លើងខ្លី​វាយ​ក្បាល បែក​ឈាម ព្រមទាំង​គំរាម​បាញ់សម្លាប់ រួច​ដណ្តើម​ម៉ូតូ​ជិះ​គេច​បាត់​ដោយ​សុវត្ថិភាព​៕​

Comments system

Disqus Shortname