រាជធានីភ្នំពេញ ៖ វេលាម៉ោង២ និង៣០នាទីថ្ងៃទី១២
មីនា សាលាឧទ្ធរណ៍ បានប្រកាសសាលដីកាតាមការកំណត់លើសំណុំរឿងក្តី
គួរឱ្យកត់សម្គាល់មួយរវាងឧកញ៉ា កុក អាន និងលោកហេង ឈាង
លោកស្រីទេព កុលាប ជាភរិយា។ សាលដីកាបានប្រកាសផ្តន្ទាទោស
លោកហេង ឈាង និងលោកស្រីទេព កុលាប ដាក់ពន្ធនាគារ
រយៈពេល៣ឆ្នាំម្នាក់ និងរួមគ្នាសងប្រាក់ជាង៥៨លានដុល្លារ
និងជំងឺចិត្ត៥ម៉ឺនដុល្លារទៅលោក ឧកញ៉ា កុក អាន ។
ពិធីប្រកាសសាលដីកានោះ
បានប្រព្រឹត្តទៅដោយលោកប្លង់ សំណាង
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកង៉ែត សារ៉ាត់
តំណាងមហាអយ្យការ ។ ភាគីដើមបណ្តឹងទាស់ មានវត្តមាន លោកហេង
ឈាង លោកស្រីទេព កុលាប និងមេធាវីការពារក្តី ។ មិនតែប៉ុណ្ណោះ
មានព្រះសង្ឃ ច្រើនអង្គ មានសាស្ត្រាចារ្យ បុគ្គលិក
និងនិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ រាប់រយនាក់
ក៏បានចូលរួមតាមដានស្តាប់ពិធីប្រកាសសាលដីកានេះផង
ដែរ ។ បន្ទាប់ពីសាលដីកាអានដោយលោកប្លង់ សំណាង
ត្រូវបានបញ្ចប់ទៅ
សំឡេងស្រែកកងរំពងផុសចេញពីដួងចិត្តម្នាក់ៗលាន់ឮ
ខ្លាំងៗថា អយុត្តិធម៌ណាស់...ៗ...ៗ...
រួមទាំងសំឡេងទ្រហោយំនៅទីធ្លាមុខសាលសវនាការនៃសាលា
ឧទ្ធរណ៍
ដែលម្នាក់ៗបានសម្តែងចេញនូវការមិនពេញចិត្តការកាត់
ក្តីនេះ ។
ក្រុមនិស្សិតនិយាយខ្លាំងៗថា ឧកញ៉ា កុក អាន
យកតែឯកសារមួយចំហៀងដែលមានភាពមិនប្រក្រតី ធ្វើឡើង
ដោយលោកកាក់ កី ជាសវនការ ដែលបានធ្វើសវនកម្មបានតែមួយចំហៀង ។
ពួកគេស្រែកថា តុលាការកាត់ក្តីសំអាងតែលើឯកសាររបស់លោកកាក់
កី ប៉ុណ្ណោះ ។ បន្ទាប់មក លោកហេង ឈាង
ត្រូវបានអនុរក្សពន្ធនាគារនាំឡើងរថយន្តយកទៅពន្ធនាគារវិញ ។
រីឯលោកស្រីទេព កុលាប
ក៏ត្រូវបាននាំទៅកាន់មន្ទីរពេទ្យព្យាបាលជំងឺវិញដែរ ។
បន្ទាប់ពីសាលាឧទ្ទរណ៍ប្រកាសសាលដីកាចប់មក
នៅរសៀលថ្ងៃទី១២ មីនា បុគ្គលិក
សាស្ត្រាចារ្យនិស្សិតប្រមាណជាង២០០នាក់
រួមជាមួយកូនតូចៗទាំង៣នាក់ របស់លោកហេង ឈាង លោកស្រីទេព
កុលាប ផង បាននាំគ្នាប្រមូលផ្តុំនៅក្រោមដើមពោធិ៍មុខវត្តបុទុមវត្តី
ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដើម្បីសុំឱ្យសម្តេចតេជោ ហ៊ុន សែន
និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ជួយផ្តល់ភាពយុត្តិធម៌ជូនលោកហេង ឈាង និងលោកស្រីទេព កុលាប ។
និស្សិតមួយក្រុម
ដែលបានមកប្រមូលផ្តុំនៅក្រោមដើមពោធិ៍មុខវត្តបុទុមវត្តីបាននិយាយថា
រូបគេមកកាន់ទីនេះ កាន់បដា ពាក្យស្លោក ដើម្បីសុំឱ្យសម្តេចតេជោ ហ៊ុន
សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ជួយផ្តល់ភាពយុត្តិធម៌ជូនលោកហេង ឈាង និងលោកស្រី ទេព កុលាប
ដែលត្រូវសាលាឧទ្ធរណ៍កាត់ឱ្យជាប់ពន្ធនាគារដដែល
នេះជាភាពអយុត្តិធម៌ណាស់ អយុត្តិធម៌បំផុត ដែលមិនអាចទទួលយកបានទេ
ព្រោះវាខុសការពិត។ ពេលនេះមានតែសម្តេចតេជោ
និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប៉ុណ្ណោះ
ទើបអាចឱ្យលោកហេង ឈាង និងលោកស្រី ទេព កុលាប
ទទួលបានយុត្តិធម៌រួចពីទុក្ខទោស
និងវិលមកជួបកូនជាទីស្រឡាញ់ទាំងបីនាក់របស់គេវិញ ។
នៅពេលដែលនិស្សិតនាំគ្នាកាន់បដាពាក្យស្លោកនោះ
ក្រុមលេខាខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន បានចេញមកសួរនាំពីគោលបំណង
និងសំណូមពរ ប៉ុន្តែដោយសារតែមិនទាន់មានញត្តិ
ទើបខាងក្រុមលេខាខុទ្ទកាល័យសម្តេច
តេជោបានណែនាំដល់ក្រុមអ្នកតវ៉ាថា ឱ្យវិលត្រឡប់ទៅវិញ ហើយនៅព្រឹកថ្ងៃទី១៣
មីនា សុំឲ្យមកតែតំណាងបានហើយ ខាងក្រុមលេខា និងចេញមកទទួលយកញត្តិនោះ
ព្រមទាំងបានប្រាប់លេខទូរស័ព្ទឱ្យទំនាក់ទំនងទៀតផង ។
ក្រោយពីស្តាប់ការណែនាំរបស់ក្រុមលេខាសម្តេចតេជោរួចមក ក្រុមនិស្សិត
សាស្ត្រាចារ្យក៏នាំគ្នាវិលត្រឡប់ទៅវិញនាថ្ងៃដដែល ក្នុងភាពថ្លៃថ្នូរ
និងរង់ចាំសម្តេចតេជោផ្តល់ភាពយុត្តិធម៌ជូនលោកហេង ឈាង និងលោកស្រីទេព
កុលាប នៅថ្ងៃនេះទៀត បន្ទាប់ពីបានដាក់ញត្តិ៕(KOH)