Monday, March 19, 2012

ពី​ក្មេង​ភៀស​ខ្លួន ​ក្លាយ​ជា​អគ្គនាយក

លោក សុខ ហេង ជា​ក្មេង​ធ្លាប់​រស់នៅ​ជំរំ​ជន​​ភៀស​ខ្លួន​ ​ក្នុង​ទឹក​ដី​ថៃ​ តស៊ូ​ធ្វើការ​ពី​ប្រាក់​ខែ​៣០​ដុល្លារ​រហូត​ក្លាយ​ជា​អគ្គនាយក ​ក្រុមហ៊ុន ​២ ដែល​មាន​​ទុន​វិនិយោគ​​សរុប​ប្រមាណ​ ៣០​ម៉ឺន​ដុល្លារ​។ ​​ តើ​​ខ្សែ​ជីវិត​របស់​​គាត់​ធ្លាប់​ជួប​រឿង​​ជូចត់​​​យ៉ាង​ម៉េច​ខ្លះ​ទៅ?
លោក​ សុខ ហេង​ កើត​នៅ​ទី​ ០២​ ខែ​មេសា​ ឆ្នាំ​១៩៨០ នៅ​ជំរំ​ជនភៀសខ្លួន​ ក្នុង​ទឹក​ដី​ប្រទេស​ថៃ​ មាន​ព្រំប្រទល់​ជាប់​ខេត្ត​បន្ទាយ​មានជ័យ។​ លោក​​មាន​ឪពុក​ឈ្មោះ​ លឹម សុង ម្ដាយ​ឈ្មោះ​សុខ ផល។ ឪពុក​ម្ដាយ​របស់​លោក​ ​ប្រកប​របរ​​លក់​ចាប​ហួយ​បន្តិច​បន្តួច​នៅ​ព្រំដែន​ថៃ​​​​ មាន​បងប្អូន ​៤​នាក់​ ប្រុស​ ៣​នាក់​ ស្រី ​១​ម្នាក់​ ​ហើយ​​លោក​ជា​កូន​ច្បង​​គេ​។
លោក សុខ ហេង​ នាយក​គ្រប់គ្រង​ទូទៅ​នៅ​​ក្រុម​ហ៊ុន ​IZ តិចណូឡូជី​ និង​ក្រុមហ៊ុន ​អេស៊ា​​​រៀល​អ៊ីស្ទេត
រៀន​​បណ្ដើរ​ខ្លាច​គ្រាប់​កាំភ្លើង​បណ្ដើរ

ឆ្នាំ​១៩៨៦ ​លោក​មាន​អាយុ ៦​ឆ្នាំ។​ លោក​ បាន​ចូលរៀន​នៅ​​សាលា​ក្នុង​ ជំរំ រិទ្ធី​សែន​ ឬ​សាយ​ធូ។ ជនភៀសខ្លួន​ ដែល​រៀន​នៅ​សាលា​នោះ​ ត្រូវ​គេ​​បង្រៀន​ជា​ភាសាខ្មែរ​ ហើយ​គ្រូ​បង្រៀន​កាលណោះ ​​បាន​ខិត​ខំ​​ប្រឹងប្រែង​ណាស់​ ព្រោះ​ខ្លាច​បាត់បង់​​​​ធនធាន​មនស្ស​សម្រាប់​អភិវឌ្ឍ​​ប្រទេស​នៅ​ពេល​​ចប់​ សង្គ្រាម​ និង​ចង់​ឲ្យ​កូន​ខ្មែរ​ចេះ​អក្សរ​ខ្មែរ ​និង​ប្រើប្រាស់​បាន​​ស្ទាត់​ជំនាញ។ ​​កាល​ណោះ​ លោក​​​ខ្លាច​គ្រូ​ណាស់ ​ដោយ​យល់​ថា​ គ្រូ​កាច​។ ​អ្វី​ដែល​ជា​ផល​លំបាក​នៅ​សម័យ​នោះ​គឺ​ រៀន​បណ្ដើរ​ មាន​ស្នូរ​គ្រាប់​កាំភ្លើង​បណ្ដើរ មាន​ពេល​ខ្លះ​គ្រាប់​គាំ​ភ្លើង​ធ្លាក់​ចូល​ភូមិ​ក៏​មាន​ដែរ​។
ឆ្អែតឆ្អន់​នឹង​សង្គ្រាម​រត់​កាត់​ព្រៃ​ចង់​ទៅ​ប្រទេស​ទី​​៣
អ្វី​ដែល​លោក​ចងចាំ​មិន​ភ្លេច​ ​នៅ​វ័យ​កុមារ​គឺ មាន​ដំណឹង​មួយ​បាន​លេច​ឭ​ថា នៅ​ជំរំ​ខាវដាយ ដែល​ប្រជាជន​ខ្មែរ​រស់​នៅ​ ​ចម្ងាយ​ប្រមាណ​ជិត​ ១០​គីឡូម៉ែត្រ​ចូល​ក្នុង​ទឹកដី​ថៃ​​ ​អ្នក​រស់នៅ​​នៅ​​​ទី​នោះ​ នឹង​បាន​ចេញ​ទៅ​រស់​នៅ​ប្រទេស​ទី​បី​​ ដូចជា អាមេរិក អូស្ត្រាលី​ជាដើម។ ​ដោយ​ហេតុ​តែ​ឆ្អែតឆ្អន់​នឹង​សង្គ្រាម ​ហើយ​ទទួល​បាន​ដំណឹង​បែប​នេះ​ទៀត​នោះ​ ឪពុក​ម្ដាយ​របស់​លោក​ បាន​សម្រេច​ចិត្ត​ជាមួយ​អ្នក​ភូមិ​ឯ​ទៀត​ ប្រហែល​ ៣​ទៅ​ ៤​គ្រួសារ លួច​រត់​ចេញ​ដំណើរ​ទាំង​យប់​ ដោយ​ប្រថុយ​ប្រថាន​បំផុត។
ចម្ងាយ​ផ្លូវ​​ដែល​ត្រូវ​រត់​ទៅ​នោះ​ ​ត្រូវ​រត់​ឆ្លង​​កាត់​ខ្សែ​ត្រៀម​ជួរ​មុខ​ដែល​មាន​ទាហាន​ឈរ ​យាមកាម​យ៉ាង​តឹង​រឹង ​ហើយ​ចូល​ក្នុង​ព្រៃ​រ៉ាប់​គីឡូ​ទៀត​ ទើប​ទៅ​ដល់​ជំរំ​នោះ។ ​​រឿង​ដែល​ធ្វើ​ឲ្យ​លោក​ មិន​អាច​ភ្លេច​បាន​​មួយ​ទៀត​នោះ​ គឺ​ ក្នុង​ដំណាក់​កាល​នៃ​ការ​រត់​កាត់​ព្រៃ​នោះ ​​​​ម្ដាយ​លោក​​ពរ​ជាប់​ប្អូន​​ស្រី​លោក​ ជាប់​​នឹង​ដៃ តែ​​បាន​ជ្រុះ​បាត់​ក្នុង​ពេល​កំពុង​ភៀស​ខ្លួន​​ដោយ​មិន​ដឹង​ខ្លួន។ តែ​ជា​សំណាង​ល្អ​ មាន​អ្នក​ភៀសខ្លួន​ឯ​ទៀត​ បាន​រើស​បាន ​និង​​បាន​ប្រគល់​ជូន​គ្រួសារ​លោក​វិញ​។
សន្តិសុខ​មិន​ល្អ​ ចោរ​លួច​ទ្រព្យ​សម្បត្តិ​អស់
ឆ្នាំ​១៩៩១​ ការ​ចរចា​ស្វែងរក​សន្តិភាព​ទទួល​បាន​ជោគជ័យ​ ប្រជា​ជន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ជំរំ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​មក​រួម ​រស់​នៅ​ក្នុង​ប្រទេស​វិញ​។ ដោយ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ​និង​មាន​​បងប្អូន​រស់​នៅ​ទីនោះ​ផង​ ​​​ឪពុក​ម្ដាយ​របស់​លោក​ ក៏​សម្រេច​ចិត្ត​ត្រឡប់​មក​រស់​នៅ​ និង​ចាប់​ផ្ដើម​​ប្រកប​មុខរបរ​ថ្មី​នៅ​ទីនោះ​។
ការ​រកស៊ី​មុខរបរ​​លក់​ចាប​ហួយ ​ក៏​មាន​ការ​ប្រសើរ​ឡើង​​ដែរ។ បើ​ទោះ​បី​មាន​ស្ថិរភាព​​​ក្រោយ​ពី​សង្គ្រាម​បាន​​ចប់​មែន​ តែ​សន្តិសុខ​សង្គម​មិន​ទាន់​ស្រួលបួល​នៅ​ឡើយ​។​លុយកាក់ ​គ្រឿង​អលង្ការ​ ទ្រព្យ​សម្បត្តិ​ទាំងអស់ ​ខំ​សន្សំ​រយៈ​ពេល​៥​ឆ្នាំ​ទាំង​ប៉ុន្មា ន​ត្រូវ​បាន​ចោរ​លួច​អស់​ក្នុង​រយៈ​ពេល​តែ​១​យប់​។ នៅ​ពេល​អ្វីៗ​បាត់បង់​អស់​ ជា​មេរៀន​មួយ​នៃ​ជីវិត​ អារម្មណ​ភ័យ​ខ្លាច​ ត្រូវ​បាន​ដក់​ជាប់​ចិត្ត​ជានិច្ច​​រហូត​ដល់​ឆ្នាំ​១៩៩៧ ​ឪពុក​ម្ដាយ​របស់​លោក​ សម្រេចចិត្ត​ធ្វើ​ដំណើរ​បន្ត​ទៀត​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​វិញ។
ធ្លាប់​ផ្លាស់ប្ដូរ​ទី​កន្លែង​រស់​នៅ​ច្រើន​ រៀន​មិន​ចេះ
នៅ​ឆ្នាំ​១៩៩៧ ​​ក្រុម​គ្រួសារ​របស់​លោក​ រស់នៅ​ទីក្រុង​ភ្នំពេញ​​ហើយ​​លោក​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​ សន្ធរម៉ុក។ ​ ជា​ក្មេង​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ផ្លាស់ប្ដូរ​ទី​លំនៅ​ច្រើន​​កន្លែង​ ដូច្នេះ​ការ​សិក្សា​របស់​លោក​ខ្សោយ​មែនទែន​ គឺ​ស្ថិត​នៅ​លំដាប់​បាត​តារាង​រហូត​​។ ​មិន​ត្រឹម​តែ​រឿង​ផ្លាស់​ប្ដូរ​ទីកន្លែង​លំនៅ​​ច្រើន​ដង​​នោះ​ទេ តែ​​​​លោក​ត្រូវ​គិត​គូរ​ ជួយ​ការ​ងារ​​​ កាត់ដេរ​ម្ដាយ​របស់​លោក​ខ្លះ​ និង​ភាពមិន​ប្រាកដ​ប្រជា​ក្នុង​ការសិក្សា​ផង​។
ដោយ​មាន​ការ​ជំរុញ​ពី​ឪពុក​ម្ដាយ​របស់​លោក​ ចង់​ឲ្យ​កូន​រៀន​សូត្រ​បាន​ខ្ពស់​ ព្រោះ​តែ​ពួក​គាត់​ជា​អ្នក​រៀន​សូត្រ​បាន​ទាប​ ធ្វើការ​រកចំណូល​ដោយ​សារ​ប្រើប្រាស់​កម្លាំង​បាយ​ ដូច្នេះ​ឪពុកម្ដាយ​របស់​បាន​ជំរុញ​​ឲ្យ​លោក​​រៀន​​​ភាសា​អង់គ្លេស។
ប្រាក់​ខែ​ដំបូង​៣០​ដុល្លារ
ឆ្នាំ​១៩៩៩ លោក​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ (​បាក់ឌុប)។​ ​ក្រោយ​ជាប់​បាក់ឌុប​ភ្លាម​ ​លោក​បាន​ទទួល​ការ​ងារ​ធ្វើ​ភ្លាម​ ដោយ​សារ​តែ​ភាព​ឧស្សាហ៍​ ​ព្យាយាម​ក្នុង​ការ​រៀន​ភាសា​អង់គ្លេស​របស់​លោក លោក​ត្រូវ​បាន​អង្គការ​មួយ​បញ្ជូន​ទៅ​បង្រៀន​ដល់​អនក្ខរជន​តាម​ភូមិ​ ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​​រ៍​ត្រឹម​តែ​ ៣០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ​។
ក្នុង​អំឡុង​ពេល​នោះ​ លោក​ក៏​បាន​ទទួល​ដំណឹង​​ថា​ សាលា​កូរ៉េ​មួយ​មាន​​ផ្ដល់​អាហារូបករណ៍​តាម​រយៈ​ការ​ប្រឡង​តេស្ត​ ឲ្យ​រៀន​ប្រើប្រាស់​កុំព្យូទ័រ​។ ជា​សំណាង​ល្អ​ លោក​បាន​ប្រឡង​ជាប់​ ហើយ​ការ​រៀន​របស់​លោក​​ក៏​ចាប់​ផ្ដើម​រៀន​​ពូកែ​ទៀត​ លោក​ត្រូវ​បាន​ខាង​សាលា​កូរ៉េ​នោះ​ ផ្ដល់​ការងារ​ជា គ្រូ​បង្រៀន​កុំព្យូទ័រ​នៅ​ទីនោះ​តែ​​ម្ដង ដែល​លោក​បាន​ទទួល​ប្រាក់​បៀវត្សរ៍​១០០ដុល្លារ​ក្នុង​១​ខែ​។
ប្រាក់​បៀវត្សរ៍​ប៉ុណ្ណឹង ​ពិត​ជា​ច្រើន​ណាស់​សម្រាប់​លោក។ ​លោក​បាន​រំលឹក​ដែរ​ថា​ ពេល​បាន​ប្រាក់​បៀវត្សរ៍​ភ្លាម លោក​បាន​យក​ទៅ​ជូន​ម្ដាយ​លោក​ខ្លះ​ ដើម្បី​ចាត់ចែង​ការ​ខ្វះខាត។​ មាន​រឿង​មួយ​ទៀត​ដែល​លោក​សប្បាយ​ចិត្ត​នោះ គឺ​ជនជាតិ​កូរ៉េ​​ដែល​ជា​នាយក​សាលា​បាន​ជ្រើសរើស​យក​លោក​ឲ្យ​រៀន​ផ្នែក​ បច្ចេកទេស ឌីហ្សាញ ​ដែល​កាល​ណោះ​ពុំ​មាន​សាលា​ណា​បង្រៀន​ជំនាញ​បែប​នេះ​ឡើយ​។
រៀន​បណ្ដើរ​ធ្វើការ​បណ្ដើរ
ដោយ​ស្រឡាញ់​ការសិក្សា​ លោក​បាន​ចូល​រៀន​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​​ ន័រតុន​។ ដោយសារ​ លោក​មាន​​ចំណង់​ចំណូល​ចិត្ត​ជំនាញ​បច្ចេកទេស​កុំព្យូទ័រ​ផង​ដែរ​។ ជាមួយ​ក្ដី​សង្ឃឹម​ថា​ជំនាញ​នេះ​ នៅ​ថ្ងៃ​អនាគត​នឹង​ត្រូវ​ប៉ាន់​ ​ប៉ុន្តែ​​លោក​មិន​បោះបង់​ការងារ​ចោល​ឡើយ គឺ​រៀន​បណ្ដើរ​ ធ្វើការ​បណ្ដើរ។
លោក​ត្រូវ​​ងើប​ពី​ព្រឹក​ទៅ​រៀន​ សល់​ពេល​ ទើប​ទៅ​បង្រៀន​ ​ដោយ​សារ​​មាន​ការ​អាណិត​មេត្តា​ពី​សាលា​ គេ​ជួយ​សម្រួល​ម៉ោង​ការងារ​របស់​លោក​។ ចំណុច​សំខាន់​ កាលណោះ​ដែល​លោក​បាន​​ចងចាំ​បំផុត​ គឺ​​លោក​មាន​ភាព​​​អំនួត​ពេក​​ពេល​ចូល​រៀន​ត្រឹម​ឆ្នាំ​ទី​១​ នៃ​មហា​វិទ្យាល័យ​​ ដោយ​សារ​តែ​ លោក​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​សាលា​កូរ៉េ​ គ្រប់​មេរៀន​ហាក់​បី​ដូចជា​ចេះ​អស់​ហើយ​ គឺ​ក្នុង​១ថ្នាក់​លោក​ពូកែ​ជាង​គេ ​​តែ​​​នៅ​​ឆ្នាំ​ទី​៣​​ និង​ ឆ្នាំ​ទី​៤ ការ​សិក្សា​ធ្លាក់​ចុះ​វិញ​ ពោល​គឺ​ចាញ់​ទាំង​និស្សិត​មក​ពី​បណ្ដា​ខេត្ត​​ទៀតផង​។
ចប់​បរិញ្ញាបត្រ​ភ្លាម​បាន​ទៅ​ក្រៅ​ប្រទេស​ភ្លាម
ឆ្នាំ​២០០៤​ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ។​ ​នៅ​​ទី​នោះ​ ​​​​​ក្រុម​អ្នក​​វិនិយោគ​​កូរ៉េ​ ចង់​ម​ក​វិនិយោគ​នៅ​​ប្រទេស​កម្ពុជា​ ​ដោយ​សារ​តែ​ខ្វះ​ធនធាន​មនុស្ស​ ខាង​ក្រុម​​វិនិយោគិន​ទាំង​នោះ​ត្រូវ​ការ​​ជ្រើស​រើស​និស្សិត​​របស់​​​ កម្ពុជា​ដើ ម្បី​បណ្ដុះ​បណ្ដាល​បន្ថែម ឲ្យ​ក្លាយ​ជា​អ្នក​ជំនាញ។ ដោយ​សារ​តែ​លោក​ធ្លាប់​បង្រៀន​នៅ​សាលា​កូរ៉េ  ​លោក​បាន​ក្លាយ​​​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ៤​នាក់ ​ដែល​ត្រូវ​បាន​សាលា​កូរ៉េ​បញ្ជូន​ ឲ្យ​ទៅ​សិក្សា​រយៈពេល​ខ្លី​​នៅ​កូរ៉េ​។
បោះបង់​ប្រាក់​ស្វែង​រក​ចំណេះដឹង
មុន​នឹង​ទៅ​ប្រទេស​កូរ៉េ គេ​បាន​ប្រាប់​ហើយ​ថា​ ​គេ​មិន​ឲ្យ​ប្រាក់​ខែ​ទេ​ ​ក្នុង​រយៈពេល​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ​​នោះ។​ តែ​សម្រាប់​លោក​ ប្រាក់​ខែ​មិន​សំខាន់​នោះ​​ទេ​ ការ​ទទួល​បាន​ចំណេះ​ដឹង​ទើប​ជា​រឿង​សំខាន់​។ លោក​ក៏​សម្រេច​ទៅ​សិក្សា​នៅ​កូរ៉េ២០០៤។ ក្នុង​អំឡុង​ពេល​​សិក្សា​នៅ​ប្រទេស​កូរ៉េ​ ចំពោះ​ការ​ចំណាយ ​គឺ​អ្វី​ៗ​ត្រូវ​បាន​ក្រុមហ៊ុន​ចេញ​ឲ្យ​ទាំង​ស្រុង ដូចជា​ ការ​ធ្វើ​ដំណើរ​ ហូប​ចុក ស្នាក់​នៅ​ជា​ដើម​​។ ​លោក​​បាន​សិក្សា​​ និង​ទទួល​បាន​​ ​ចំណេះ​ដឹង​ជា​ច្រើន​​ពី​​​ប្រទេស​អភិវឌ្ឍ​ ដែល​ខុសប្លែក​ឆ្ងាយ​ពី​ប្រទេស​យើង​​​​ឆ្ងាយ​ណាស់​។ ​ដោយ​សារ​តែ​​ក្រុមហ៊ុន​របស់​លោក​ មាន​គម្រោង​ច្រើន ដែល​ត្រូវ​ចូល​ទៅ​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​កូរ៉េ​ទៀត​ ​​​លោក​​ក៏​​បាន​ចូល​ជួប​​ជា​មួយ​តំណាង​រដ្ឋាភិបាល​ផង​ដែរ។
គម្រោង​ដំណើរ​ការ​មិន​ល្អ ​ដោយសារ​គំនិត​មិន​ដូចគ្នា
ឆ្នាំ​២០០៥​ ក្រោយ​ពី​​​បញ្ចប់​​​ការសិក្សា​រយៈ​ពេល​ខ្លី​ (៣​ខែ) ​​ពី​ប្រទេស​កូរ៉េ​​ លោក​ក៏​​បាន​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ ជាមួយ​ចំណេះ​ដឹង​ដ៏​ភ្លឺ​ថ្លា​ ​បើ​ទោះ​បី​ជា​ការ​សិក្សា​នោះ​មាន​រយៈ​ពលេ​ខ្លី​ក៏​ដោយ។ ជាមួយគ្នា​នេះ​ផង​ដែរ​ ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ Jland​​​ បាន​បោះ​ទុន​វិនិយោគ ដោយ​ធ្វើ​កិច្ចសហការ​ជាមួយ​ជនជាតិ​ខ្មែរ​ ហើយ​មាន​ទិសដៅ​ជួយ​ដល់​ប្រជាជន​តាម​សហគមន៍​ដោយ​គម្រោង​​មួយ​​ៗ​​ផ្ដោត​លើ​​ ការ​ផលិត​សិប្បកម្ម​របស់​ប្រជាជន​ ដូចជា​ មាន​គម្រោង​ខ្លះ​ ផ្ដោត​លើ ការ​បង្កើត​​​ហាង​កាត់ដេរ​ជាដើម។
ពេល​នោះ​ គេ​ចែក​ជា​ភាគហ៊ុន​​នៃ​គម្រោង​​ខ្លះ​ ឲ្យ​លោក​ ហើយ​លោក​​ទទួល​បាន​ប្រាក់​ខែ​តែ ​២០០​ដុល្លារ​​​ប៉ុណ្ណោះ​។  ប៉ុន្តែ​អ្វី​ដែល​លោក​ទទួល​បាន​គឺ ​បរាជ័យ ហើយ​មូលហេតុ​ដែល​បរាជ័យ​នោះ​គឺ​មក​ពី​ការ​ធ្វើ​ការងារ​ជា​ក្រុម ​មិន​​បាន​រលូន​ជាមួយ​គ្នា​។ លោក​ថា​នៅ​ពេល​នោះ​  ខាង​កូរ៉េ​​ ​មិន​សូវ​ទទួល​យក​នូវ​ការ​ណែនាំ​របស់​​ក្រុម​របស់​លោក​ទេ ហើយ​ក្នុង​នាម​​​​ជា​ជនជាតិ​ខ្មែរ​​​បាន​ដឹង​ពី​ប្រពៃណីខ្លួន​ឯង​យ៉ាង​ ច្បាស់​ ប៉ុន្តែ​គេ​មិន​សូវ​ខ្វល់​ និង​ការ​ឲ្យ​យោបល់​របស់​ក្រុម​លោក​​ឡើយ​​ដែល​ធ្វើ​ឲ្យ​គម្រោង​​​ដំណើរការ​ទៅ ​​ ​រកេត​រកូត​ រហូត​ដល់​ពេល​មួយ​ លោក​អស់​ភាព​អត់​ធ្មត់ ទើប​សម្រេច​ចិត្ត​លា​ឈប់​តែ​ម្ដង​ ដើម្បី​ជៀសវាង​ការ​ខ្វែង​គំនិត​គ្នា​រ​​បន្ត​ទៀត​។
មាន​គំនិត​ជា​សហគ្រិន​ហើយ​តែ​ខ្វះ​ដើម​ទុន
មាន​​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ជា​បំណង​ប្រាថ្នា​របស់​លោក​ ​ប៉ុន្តែ​ឧបសគ្គ​ដំបូង​របស់​លោក​គឺ​ខ្វះ​ដើមទុន​តែ​ម្ដង។ ហើយ​ដោយ​ធ្លាប់​​បរាជ័យ​នៅ​ពេល​ធ្វើ​គម្រោង​​ក្នុង​ក្រុម​ហ៊ុន​កូរ៉េ​​ផង​ នោះ​ ​គឺ​​ធ្វើ​ឲ្យ​លោក​បាក់​ទឹក​ចិត្ត​តែ​ម្ដង។
រក​ការងារ​ធ្វើ​ដើម្បី​សន្សំ​លុយ​​​​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន
ឆ្នាំ​២០០៦​ ក្រុមហ៊ុន ​PTC មួយ​ដែល​ល្បី​ខាង​លក់​កុំព្យូទ័រ ទទួល​លោក​ឲ្យ​ធ្វើការ​ ដោយសារតែ​លោក​មាន​ជំនាញ​ IT​ តំណែង​ដែល​លោក​ទទួល​បាន​នោះ​គឺ​ ផ្នែក​ដំណោះស្រាយ តាម​គម្រោង​នានា។
នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០០៦ ដោយ​​មាន​មិត្តភ័ក្ដិ​លោក​ម្នាក់​គេ​ ទើប​បើ​ហាង​កុំព្យូទ័រ​ថ្មី​ លោក​បាន​សម្រេច​ចិត្ត​ឈប់​ ហើយ​​​ធ្វើ​ការ​នៅ​ហាង​មិត្តភ័ក្ដិ​របស់​លោក​វិញ​​​ ត្រឹម​រយៈ​ពេល​១ឆ្នាំ​ ហាង​នោះ​បើក​ដំណើរការ​មិន​ល្អ​ មិន​សូវ​មាន​អតិថិជន​ ហើយ​លោក​ចាប់​ផ្ដើម​មាន​គំនិត​ថា​ ការងារ​ត្រូវ​តែ​មាន​ទំនាក់ទំនង​ច្រើន​​ ហើយ​​បើ​បរាជ័យ​ មិន​​ត្រូវ​​បាក់​ទឹកចិត្ត​​ទេ។
ឆ្នាំ​២០០៧ លោក​បាន​ជាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​ ប៊ុណ្ណា រៀល​ធី​គ្រុប​ ​ក្នុង​តួនាទី​ជា​ ​​មន្ត្រី​ផ្នែក​​ព័ត៌មាន​វិទ្យា​ ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ប្រមាណ​ជាង​​ ១០០ដុល្លារ​ប៉ុណ្ណោះ​ ហើយ​បាន​បន្ត​ឡើង​តំណែង​បន្ត​រហូតដល់​ ​IT Manager ដែល​មាន​បៀវត្សរ៍​ជិត​​​ ៤០០​ដុល្លារ។
ដោយ​ចង់​សាកល្បង​រសជាតិ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អន្តរជាតិ​ ​លោក​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​ទៅ​​ធ្វើ​ការ​​នៅ​ក្រុមហ៊ុន​អន្តរជាតិ ​មួយ​ ដែល​ល្បី​ខាង​ដឹកជញ្ជូន​គឺ​ក្រុមហ៊ុន​ ​DHL លោក​ត្រូវ​បាន​គេ​ទទួល​ធ្វើ​ជា ​IT Support Analysis ​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ ៥០០​ដុល្លារ​​ ​ហើយ​ដែល​លោក​គិត​ថា ​ជា​ទីកន្លែង​ធ្វើការ​​មិន​ចង់​លា​ឈប់​ទៀត​ទេ​ ព្រោះ​​​នៅ​ទី​នោះ​លោក​មាន​មិត្តភ័ក្ដិ​ល្អ​ៗ​ច្រើន​ មាន​ការងារ​ធ្វើ​ជា​លក្ខណៈ​​ជា​អន្តរជាតិ​ទៀត​ផង​។
ភាព​ជា​សហគ្រិន​លេច​ចេញ​ជា​រូបរាង
គំនិត​ចង់​មាន​​អាជីវកម្ម​ខ្លួន​ឯង​ មិន​ចង់​ធ្វើការ​ឲ្យ​គេ​ និង​មាន​យុវជន​មួយ​ក្រុម​ដែល​ពូកែ​ផ្នែក ​IT តែ​គ្មាន​ឱកាស​បញ្ចេញ​សមត្ថភាព លោក​បាន​បង្កើត​ក្រុម​ដោះស្រាយ​បញ្ហា​កុំព្យូទ័រ​តូច​មួយ​ ដោយ​បាន​បើក​ហាង​ និង​ទិញ​សម្ភារៈ​សម្រាប់​ក្រុម​​ជាង​វ័យ​ក្មេង​​ទាំង​អស់ ដែល​លោក​បាន​បណ្ដុះបណ្ដាល​​ ដើម្បី​ផ្ដល់​សេវា​ឲ្យ​ទៅ​តាម​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ជួប​បញ្ហា​ដោយ ​សម្អាង​លើ​សមត្ថភាព​​របស់​លោក។​ ដោយ​ការ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​​របស់​លោក​ បណ្ដាញ​មិត្តភ័ក្ដិ​មួយ​ចំនួន ​តែងតែ​​ទៅ​រក​សេវា​កម្ម​ ពី​ក្រុម​របស់​លោក​ ដែល​នេះ​ជា​ឱកាស​ដ៏​ជោគជ័យ​ ដែល​លោក​បាន​ទទួល​ និង​មើល​ឃើញ ​ឱកាស​រីកចម្រើន​នា​ពេល​អនាគត​ថែម​ទៀត​។
ការ​ប្រឹង​ប្រែង​គួបផ្សំ​និង​សំណាង​ល្អ
ដោយ​មើល​ឃើញ​ការ​រីក​ចម្រើន​របស់​ក្រុម​ដោះស្រាយ​បញ្ហា​កុំព្យូទ័រ​ ដែល​លោក​បាន​បង្កើត​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១០ លោក​គ៏​​សម្រេចចិត្ត​លាឈប់​ពី​ក្រុមហ៊ុន ​DHL ងាក​មក​គ្រប់​គ្រង​ហាង​​របស់​លោក​​ផ្ទាល់​។ ដោយ​សេវា​កម្ម​ល្អ ​មិត្តភ័ក្ដិ​របស់​លោក​​ជួយ​​ណែនាំ​ជូន​ក្រុមហ៊ុន​មួយ​ដែល​កំពុង​ត្រូវ​​ការ ​​​​​ដំណោះស្រាយ​ និង​អ្នក​បំពាក់​ប្រព័ន្ធ​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​ទាំងមូល​តែម្ដង។
ភាព​អំណត់​របស់​លោក​​ត្រូវ​បាន​លោក​ តាំង យូហុង ជា​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់​ មើល​ឃើញ​និង​បាន​ពិភាក្សា​ជាមួយ​លោក​ប ង្កើត​ក្រុមហ៊ុន​១​ឈ្មោះ ​IZ តិចណូឡូជី​។ ចូល​ហ៊ុន​គ្នា​ រវាង​លោក​តាំង ​យូហុង ចេញ​ធនធាន និង​លោក​ចូលរួម​ជា​កម្លាំង​ និង​សមត្ថភាព ដោយ​ការចែក​ជា​ភាគរយ​នៃ​ប្រាក់​ចំណេញ ពេល​នោះ​ហើយ​ភា ពជា​សហគ្រិន​របស់​លោក​បាន​ចេញ​ជា​រូបរាង​ពិត​ប្រាកដ​ លោក​បាន​ទទួល​តំណែ​ជា​ង​ នាយក​គ្រប់គ្រង​ទូទៅ​ដែល​មាន​ភាគហ៊ុន​ក្នុង​របស់​ក្រុមហ៊ុន​ដែរ​។
បច្ចុប្បន្នភាព
លោក​ សុខ ហេង មាន​អាយុ​ ៣១​ឆ្នាំ រៀបការ​នៅ​ ឆ្នាំ​២០០៧​ មាន​កូន​២​នាក់ ​​និង​ភរិយា​ឈ្មោះ​កុល សុភាព។​ បច្ចុប្បន្ន​ លោក​មាន​តួនាទី​ជា​នាយក​គ្រប់គ្រង​ទូទៅ​នៅ​​ក្រុម​ហ៊ុន ​IZ តិចណូឡូជី​ និង​ក្រុមហ៊ុន ​អេស៊ា​​​រៀល​អ៊ីស្ទេត ​ដែល​គិត​មក​ទល់​ពេល​នេះ ​ក្រុមហ៊ុន​ទាំង​ពីរ​​នេះ​មាន​ទំហំ​វិនិយោគ​ប្រមាណ​​ជាង​ ៣០ម៉ឺន​ដុល្លារ​​ហើយ។
បទពិសោធន៍​ជីវិត
មុន​ពេល​​សម្រេច​ចិត្ត​លា​ឈប់​ពី​ក្រុមហ៊ុន​​ DHL ជា​ចំណុច​ដ៏​លំបាក​បំផុត​ព្រោះ​លោក​បាន​គិត​ថា​ក្រុមហ៊ុន​នេះ​​ល្អ​មែនទែន ​​ទាំង​ប្រាក់​បៀវត្សរ៍​ និង​​ផល​ចំណេញ​ផ្សេង​ៗ។ ប៉ុន្តែ ដោយ​យល់ថា​ បើសិនជា​លោក​សម្រេច​ចិត្ត​ទៅ​បើក​ក្រុមហ៊ុន​ថ្មី លោក​អាច​ជួយ​យុវជន​ស្រក​រ​ ក្រោយ​ឲ្យ​ទទួល​បាន​ការ​ងារ​ធ្វើ​រហូត​ដល់​រាប់​សិប​នាក់។​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​ចង់​បាន​បទ​ពិសោធ​ន៍​ ជា​​ពិសេស​ ក្នុង​នាម​ជា​សហគ្រិន​ ពី​​ការ​ទទួល​បាន​ភាគ​ហ៊ុន​របស់​លោក​ ដែល​លោក​ធ្លាប់​បាន​ធ្វើការ​ជាមួយ​ ឃើញ​ថា​ ជា​មនុស្ស​ជោគជ័យ​ពិត​ប្រាកដ​។
គ្មាន​អ្វី​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​នោះ​ទេ
បទពិសោធន៍​មួយ​ទៀត ​ដែល​លោក​បាន​ឆ្លង​កាត់​កាល​ពី​មុន​ជា​និយោជិក ជា​មនុស្ស​ធ្លាប់​ធ្វើការ​ឲ្យ​គេ ផ្នែក​ព័ត៌មាន​វិទ្យា​ ហើយ​បែរ​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​វិញ វា​ពិត​ជា​លំបាក​ណាស់​ ព្រោះ​លោក​មិន​ធ្លាប់​មាន​បទពិសោធន៍ ក្នុង​ការ​ដឹកនាំ​ និង​គ្រប់គ្រង​ ចាប់​ផ្ដើម​ពី​ដំបូង​មក​លោក​ស្ទើរ​តែ​បោះបង់​ចោល​ការ​ងារ​ជា​អ្នក​គ្រប់គ្រង ​ទៅ​ហើយ​។ រហូត​ដល់​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​បាន​រិះគន់​លោក​ថា​ ចេះ​តែ​ខាង​ព័ត៌មាន​វិទ្យា​ទេ​មើល​ទៅ។ ការ​និយាយ​បែប​នេះ​ត្រឹមត្រូវ​មែន​ ព្រោះ​លោក​មិន​ចេះ​ផ្នែក​​ទីផ្សារ ឬ​ គ្រប់គ្រង​ឡើយ ប៉ុន្តែ​ពាក្យ​នេះ​ហើយ​ដែល​បាន​ជំរុញ​លោក​ឲ្យ​ខិតខំ​ប្រឹង​រហូត​ទទួល​ជោគជ័យ ​។
បណ្ដាំ​ផ្ញើ​ដល់​យុវជន
យុវជន​ទាំងអស់ ​ត្រូវ​មាន​​ទិសដៅ​ជីវិត​ឲ្យ​ច្បាស់​លាស់​ហើយ ប្ដេជ្ញា​ថា ​ត្រូវ​​ជម្នះ​ឲ្យ​បាន​ ​ព្យាយាម​ស្វែង​រក​គំនិត​​ពី​បណ្ដា​អ្នក​ដែល​ជោគជ័យ ដោយ​ព្យាយាម​ចូលរួម​កម្មវិធី ​ជួបជុំ​ផ្សេង​ៗ​។ ​ហើយ​អ្វី​ដែល​​សំខាន់ ​គឺ​ក្ដី​ស្រឡាញ់​ចំពោះ​ការ​ងារ​ ដែល​ខ្លួន​ចង់​ធ្វើ​។ កាលណា​មនុស្ស​​​ធ្វើ​អ្វី​ដែល​ខ្លួន​យើង​គិត​ថា ត្រឹមត្រូវ​ ​និង​ចូល​ចិត្ត​ គឺ​យើង​​​នឹង​​ធ្វើ​វា​​​អស់​ពី​បេះដូង​ ដូច្នេះ​ការងារ​នោះ​នឹង​បាន​ជោគជ័យ​ជា​មិន​ខាន​។ ​ចំពោះ​​ការ​ចាប់​ផ្ដើម​មុខ​របរ​ មិនមែន​​មាន​​លុយ​​តែ​មួយ​មុខ​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​​បំផុត​នោះ​ គឺ​ចំណេះ​​ដឹង​ពិត​ប្រាកដ​ដ៏​ពិត​ប្រាកដ​របស់​យើង៕(sabay)

Comments system

Disqus Shortname