ភ្នំពេញៈ ទន្ទឹមនឹង ប្រទេសកម្ពុជា កំពុងតែមានតម្រូវការ
ឈាមរស់ យ៉ាងចាំបាច់ ដើម្បីយកទៅជួយសង្រ្គោះ ជនរងគ្រោះនានា នៅតាមបណ្តា
មន្ទីរពេទ្យរាជធានី-ខេត្ត វិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី១៦ ខែមីនា
ឆ្នាំ២០១២ បានសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីកម្មវិធី បរិច្ចាគឈាម
មួយឡើង ។
លោក នៅ ដាល័យ តំណាងវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា
ក្នុងកម្មវិធីបរិច្ចាគឈាមឡើកនេះ មានសិស្ស-និស្សិត បុគ្គលិក សាស្រ្តាចារ្យ
នៃវិទ្យាស្ថាន វ៉ាន់ដា ចំនួន១១១នាក់ បានស្ម័គ្រចិត្ត ចួលរួមបរិច្ចាគ ដើម្បីយកទៅចែកចាយ តាមបណ្តាមន្ទីរពេទ្យរដ្ឋនានា ទូទាំងប្រទេស ហើយនេះ ជាការបញ្ជាក់ ឱ្យឃើញថា សិស្ស-និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៃវិទ្យាស្ថានវ៉ាន់ដា បានរួម ចំណែកជួយ ដល់ជនរងគ្រោះនានា តាមរយៈមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមនេះ ក៏ដូចជាចូលរួមក្នុងការ ជួយដល់មនុស្សជាតិ ទាំងមូល ។
លោកបានបញ្ជាក់ថា ថ្វីត្បិតតែ វិទ្យាស្ថានវ៉ាន់ដា ក៏ដូចជាសាលាផ្សេងៗ តែងតែចូលរួមបរិច្ចាគឈាម យ៉ាងណាក្តី ប៉ុន្តែឈាមទាំងនេះ នៅពុំទាន់ អាចបំពេញនូវ តម្រូវការចាំបាច់របស់ ជនរងគ្រោះ នៅតាមមន្ទីរពេទ្យ នានា បានគ្រប់គ្រាន់នៅឡើយ ដូច្នេះហើយ លោកក៏បានអំពាវនាវ ដល់ជន រួមជាតិទាំងឡាយ ឱ្យចូលរួមបរិច្ចាគ ឈាម ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះ ដល់ជនរងគ្រោះ នៅក្នុងឧប្បត្តិហេតុ ផ្សេងៗ ឱ្យបានរស់រានមានជីវិត បន្ទាប់ពីពួកគេ នឹងត្រូវការឈាមយ៉ាងចាំបាច់ នៅក្នុងកាលៈទេសៈណាមួយ ៕(dapnews)