Wednesday, March 14, 2012

យុវវ័យ​ប្រជែង​គ្នា​បង្អួត​ម៉ូដ​ឯក​សណ្ឋាន​សិស្ស​ជាង​ខំ​រៀន

នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​ចេញ ម៉ូដ​សម្លៀក​បំពាក់​លើ​ឯកសណ្ឋាន សិស្ស-និសិ្សត​កាន់​តែ​មាន​ភាព​ពេញ​និយម ​និង​សម្បូរ​បែប​ ដែល​វា​បាន​កែ​ប្រែ​បរិស្ថាន​សាលា​ដែល​ជា​កន្លែង​ទទួល​ចំណេះ​ដឹង​ ទៅ​ជា​កន្លែង​បង្អូត​ម៉ូដ​សម្លៀក​បំពាក់​។
ជា​ទូទៅ​បើ​យើង​ធ្វើ​ដំណើ​រតាម​ដង​ផ្លូវ​កាត់​តាម​​វិទ្យាល័យ​ ឬ​សាកល​វិទ្យាល័យ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ យើង​នឹង​បាន​ឃើញ​សិស្ស-និសិ្សត​ជា​ច្រើន​នាក់ តុបតែង​ខ្លួន​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស៊ីវិល័យ​ មួយ
​​សម្លៀក​បំពាក់​ជា​ឯក​សណ្ឋាន​សិស្ស​ ដែល​បាន​កាត់​និង​ច្នៃ​ម៉ូដជា​ច្រើន​ស្ទីល​គួរ​ឲ្យ​ទាក់​ទាញ​។ អ្នក​ខ្លះ​យក​ស្ទីល​បែប​ថៃ​ និង​អ្នក​ខ្លះ​ទៀត​យក​ស្ទីល​បែប​កូរ៉េ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​​ពួក​ គេ ​។
ទោះបីជា​ពួក​គេ​លេង​ម៉ូដ​ចំពោះ​ឯក​សណ្ឋាន​សាលា​ក្តី​ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ល្មើស​ទៅ​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​ឡើយ​ ដោយ​នៅ​តែ​អនុវត្ត​តាម​គោល​ការណ៍​អាវ​ស​ ខោ​ឬ​សំពត់​ខៀវ​ចាស់​ ​ព្រម​ទាំង​បាន​ដាក់​អាវ​ក្នុង​ខោ​ឬ​សំពត់​យ៉ាង​ត្រឹម​ត្រូវ​ថែម​ទៀត​ផង​។
ស្ថិត​ក្នុង​ឯក​សណ្ឋាន​ជា​និស្សិត ដោយ​ស្លៀក​សំពត់​រឹប​លើក​ដល់​ពាក់​កណ្តាល​ខ្លួន​ជា​មួយ​នឹង​អាវ​ក​ដុប​ ស្រួច​ ដៃ​ប៉ោង​ដែល​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ កញ្ញា​ ទួត​ បុប្ផា ​អាយុ​២៣​ឆ្នាំ​ ជា​និស្សិត​សាកល វិទ្យាល័យ​ន័រតុន​ បាន​និយាយ​ថា​ ម៉ូត​សម្លៀក​បំពាក់​នេះ​គឺ​ជា​ស្ទីល​បែប​កូរ៉េ​ដែល​កញ្ញា​បាន​បញ្ចេញ​ឲ្យ​ ជាង​កាត់​មក​ពាក់​ជា​ឯក​សណ្ឋាន​សាលា​។ ព្រោះ​តែ​ការមិន​ចូល​ចិត្ត​ភាព​សាមញ្ញ​នៃ​ឯក​សណ្ឋាន​ ​ ទើប​កញ្ញាបុប្ផា​តែង​តែ​កាត់​ម៉ូដឯក​សណ្ឋាន​ថ្មី​ជារៀង​រាល់​ឆមាស​ដែល​​ធ្វើ ​ឲ្យ​នាង​មាន​មោទន​ភាព ​និង​​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​មាន​គេ​សសើរ​ពី​ម៉ូដ​ខោ​អាវ​របស់​ នាង​ ហើយ​វា​ក៏​ជំរុញ​ឲ្យ​នាង​មាន​ចិត្ត​ចង់​ទៅ​សាលា​ជា​រៀង​រាល់​ថ្ងៃ​ជា​មួយ​ ឈុត​ឯក​សណ្ឋាន​បែប​កូរ៉េ​របស់​នាង​ដែរ​។
បុប្ផា​បាន​បញ្ជាក់​ថា​៖ «​ខាង​សាកល​វិទ្យាល័យ​មិន​ដែល​និយាយ ​អ្វី​ពី​ម៉ូដ​សម្លៀក​បំពាក់​របស់​ខ្ញុំ​ឡើយ ​ព្រោះ​បើ​ទោះ​បី​ជា​វា​ជា​ម៉ូដ​បែប​​កូរ៉េ​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ស្លៀក​ខុស​ពណ៌ ឬ​សិច​ស៊ី​ដែល​ខុស​ពី​វិន័យ​សាលា​ទេ​»។
រឿង​បែប​នេះ មិន​មែន​មាន​តែ​សិស្ស-និស្សិត​នារី​ៗ​ប៉ុណ្ណោះ​ទេ ចំណែក​ឯ​សិស្ស​ប្រុសៗ​វិញក៏​មាន​ការ​លេង​ម៉ូដឯក​សណ្ឋាន​សិស្ស​មិន​ចាញ់​ សិស្ស​ នារី​ប៉ុន្មាន​ដែរ​។
លោក ​ឈុន ​បុរី​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទនីតិ​សាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ បាន​និយាយ​ថា​ រាល់​ឯក​សណ្ឋាន​សិស្ស​របស់​លោក​ត្រូវ​បាន​កាត់​ និង​ច្នៃ​ម៉ូដជា​ច្រើន​ដូច​ជា ការ​លេង​ម៉ូដ​ហោប៉ៅ​ ថ្នេរ​អាវ​ ជា​មួយ​និង​ខោ​រឹប​ជើង​កំប៉ុង​ជា​ដើម​។ លោក បុរី​ បន្ថែម​ថា​ លោក​តែង​តែ​ដើរ​ចម្លង​ម៉ូដ​ខោ​អាវ​ស្អាត​ៗ ​តាម​ហាង​លក់​សម្លៀក​បំពាក់​នានា​ មក​កាត់​ច្នៃ​ជា​ឯក​សណ្ឋាន​និស្សិត​ ដើម្បី​មាន​ម៉ូដឯក​សណ្ឋាន​ស្អាត​ប្លែក​ពី​គេ ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​និស្សិត​ដទៃ​ទៀត​។ លោក​ ​បុរី ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖ «ព្រោះ​តែ​ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ភាព​ហ៊ឺហារ ​ដូច្នេះ​ហើយ​បើ​ឲ្យ​ខ្ញុំ​ស្លៀក​ពាក់​ឯក​សណ្ឋាន​និស្សិត​ធម្មតា​គឺ​ខ្ញុំ​ មាន​អារម្មណ៍​ថា​ខ្មាស់​គេ​ណាស់​»។
ទោះ​យ៉ាង​ណា​ក៏​ដោយ ​លោក​គ្រូ​អ្នក​គ្រូ​តាម​សាលា​ទូទៅ​ដូច​ជា​មិន​ស្វាគមន៍​ចំពោះ​ម៉ូដ​សម្លៀក​ បំពាក់​លើ​ឯក​សណ្ឋាន​សិស្ស​នេះ​ឡើយ​។ អ្នក​គ្រូ​ ឈុន​ ឡេង​អន​ គ្រូ​ជីវវិជ្ជា​នៃ​វិទ្យាល័យ​មួយ​បាន​បញ្ចេញ​នូវ​ភាព​មិន​ពេញ​ចិត្ត​ចំពោះ ការ​តុប​តែ​សម្លៀក​បំពាក់​ជា​ឯក​សណ្ឋាន​សិស្ស​នៅ​ពេល​បច្ចុប្បន្ន​ថា​ អ្នកគ្រូ​មិន​ចូល​ចិត្ត​សិស្ស​ឬ​និស្សិត​ណា​ដែល​ចូល​ចិត្ត​តែង​ខ្លួន​ឬ​ច្នៃ ​ម៉ូដ​ប្លែកៗ​លើ​ឯក​សណ្ឋាន​នោះ​ទេ​ ព្រោះ​វា​មើល​ទៅ​មិន​សមរម្យ​និង​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​នៃ​ការ​សិក្សា ​ទាំង​ខ្លួន​ឯងផ្ទាល់ ​និង​អ្នក​ដទៃ​។
អ្នក​គ្រូ​បាន​បន្ត​ថា៖​ «​ខ្ញុំ​មិន​ខ្វល់​ពី​ការ​ស្លៀក​ពាក់​របស់​សិស្ស​នៅ​ខាង​ក្រៅ​សាលា​នោះ​ទេ​ ប៉ុន្ត​ែ​គ្រាន់​តែសុំ​ឲ្យ​ពួក​គាត់​គោរព​វិន័យ​ ដោយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ឲ្យ​បាន​សមរម្យ​នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​សាលា ​ ព្រោះ​ថា​ការ​លេង​ម៉ូដ​ផ្សេងៗ​វា​មិន​មាន​ប្រយោជន៍​ដល់​ការ​សិក្សា​របស់​ពួក ​គេ​ឡើយ​»។
យុវវ័យ​ម្នាក់​ឈ្មោះ ផេង​ ផាន់​ណា​ ​អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​បី​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត​ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ បាន​បង្ហាញ​នូវ​ការ​មិន​ពេញ​ចិត្ត​លើ​ការ​ច្នៃ​ម៉ូដឯក​សណ្ឋាន​សិស្ស​នេះ​ថា ​រាល់​និស្សិត​ទាំង​អស់​នៅ​សាលា​របស់​គាត់​គឺ​តម្រូវ​ឲ្យ​ស្លៀក​ឯក​សណ្ឋាន​ ឲ្យ​បាន​ត្រឹម​ត្រូវ​ ប៉ុន្តែ​និស្សិត​មួយ​ចំនួន​បាន​ព្យាយាម​កែ​ម៉ូដលើ​ឯក​សណ្ឋាន​របស់​ពួក​គេ​ ព្រោះ​ពួក​គេ​ចង់​មើល​ទៅ​ស្អាត​ប្លែក​ពី​គេ ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​សិស្ស​ដទៃ​។ លោក ផាន់​ណា ​សង្កត់​ធ្ងន់​ថា ​សាលា​គឺ​ជា​កន្លែង​បណ្តុះបណ្តាល​ចំណេះ​ដឹង​ សាលា​មិន​មែន​ជា​កន្លែង​សម្រាប់​អួត​ម៉ូដ សម្លៀក​បំពាក់​ឡើយ​។ យុវសិស្ស​នោះ​អះ​អាង​ទៀត​ថា​៖​ «ខ្ញុំ​គិត​ថា​ស្ទីល​ឯក​សណ្ឋាន​ទាំង​អស់​នោះ​មិន​អាច​ធ្វើ​ឲ្យ​ពូក​គេ​មើល​ ទៅ​ទាក់​ទាញ​នោះ ​ទេ ​បើ​សិន​ជា​ការសិក្សា និង​អាកប្បកិរិយា របស់ គេ​មិន​ល្អ​នោះ»។
ចំណែក​ឯ​អ្នក​គ្រូ ​គីម ​សុជាតា ជា​គ្រូ​បង្រៀន​ក្រៅ​ម៉ោង​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​ គ្រង​ បាន​បន្ទោស​ដល់​ប្រព័ន្ធ ផ្សព្វ​ផ្សាយ​ផ្សេងៗ​ដែល​បាន​បញ្ជ្រាប​ចូលនូវ​វប្បធម៌​បរទេស​ចូល​កម្ពុជា​ ដែល​វប្ប​ធម៌​ទាំង​នោះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​យុវវ័យ​ក្មេង​ដែល​ កំពុង​ស្ថិត​ក្នុង​វ័យ​ចង់​សាក​ល្បង​របស់​ថ្មី​ដើម្បី​បង្កើន ​នូវ​ការ​ស្ញប់​ស្ញែង​ពី​អ្នក​ដទៃ​។ អ្នក​គ្រូ​បាន​ត្អូញ​ត្អែរ​ថា​៖​ «វា​ពិត​ណាស់​ដែល​និស្សិត​ភាគ​ច្រើន​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ​មាន​សិទ្ធិ​ ក្នុង​ការ​ស្លៀក​ពាក់​តាម​អ្វី​ដែល​ពួក​គេ​ចង់​ ប៉ុនែ្ត​ពួក​គេ​គួរ​តែ​កំណត់​នូវ​ការ​ស្លៀក​ពាក់​ក្នុង​ករណី​មួយ​ចំនួន ជា​ពិសេស​ពេល​នៅ​ក្នុង​សាលា​រៀន​»។
យ៉ាង​ណា​មិញ ការ​លេង​ម៉ូដ​លើ​ឯក​សណ្ឋាន​សិស្ស​ក្នុង​សម័យ​នេះ​គឺ​ដូច​ជា​មេ​រោគ​ដែល​បាន​ រីក​សុសសាយ​ស្ទើរ​តែ​គ្រប់​សាលា​ក្នុង​ក្រុង​ភ្នំពេញ​។ លោក​ អ៊ីវ សៅ​សុខា​ នាយក​រង​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិក៏​ទទួល​ស្គាល់​ដែរ​ថា​ ការ​បង្ក្រាប​ និង​លុប​បំបាត់​ការ​លេង​ម៉ូដ​ឯក​សណ្ឋាន​សិស្ស​នៅ​ក្នុង​សម័យ​ទំនើប​នេះ​ គឺ​ពិត​ជា​មាន​ការ​លំបាក​ ប៉ុន្តែ​សាលាបាន​នឹង​កំពុង​តែ​ខំ​ប្រឹង​លុប​បំបាត់​បន្ថែម ទៀត សូម្បី​តែ​ម៉ូដ​ឡេវ​អាវ​ក៏​មិន​ឲ្យ​មាន​ដែរ​។ លោក​នាយក​រងបាន បន្ត​ថា​ សាលា​មាន​គ្រូ​សន្តិសុខ​ដែល​តែង​តែ​ឃ្លាំ​មើល​ការ​ស្លៀក​ពាក់​របស់​សិស្ស​ ជាប់​ជានិច្ច​។
សរុប​ទៅ ការ​ស្លៀក​ពាក់​ឯកសណ្ឋាន​សិស្ស​គឺ​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដើម្បី​កំណត់​ឯកសណ្ឋាន​នៃ​សិស្ស​និស្សិត​គ្រប់​រូប​។ ​យើង​គិត​ទៀតថា ​ការ​ធ្វើ​បែប​នេះ គឺវា​ធ្វើ​ឲ្យ​សិស្ស​គ្រប់​រូប​មើល​ទៅ​ស្មើ​ភាព​គ្នា​ ចំណេញ​ពេល​វេលា​ និង​សន្សំ​សំចៃ​ថវិកា។​ ក្នុង​ករណី​ដែល​បាន​ពិ​ភាក្សា​ខា​ងលើ ​ពួក​យើង​គិត​ថា​ រាល់វិទ្យាល័យ ជា​ពិសេស​សាកល​វិទ្យាល័យ​ទាំង​អស់ ​គួរ​តែ​គិត​ពិចារណា​លើ​បញ្ហា​នេះ​បន្ថែម ទៀត និង​គួរ​តែ​កំណត់​ឯកសណ្ឋាន​សិ្សឲ្យ​បាន​ត្រឹម​ត្រូវ ​ចៀស​វាង​ការ​ច្នៃ​ម៉ូដ​ផ្តេស​ផ្តាស​ដែល​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ដើម និង​ធ្វើ​ឲ្យ​ខូច​ដល់​សណ្តាប់​ធ្នាប់​នៅ ក្នុង​សាលា៕

Comments system

Disqus Shortname