Wednesday, March 21, 2012

សួន​ស្នេហ៍​ក្ដៅ​សាច់ ទាក់ទាញ​ភ្ញៀវ​ទេសចរ​គូ​ស្នេហ៍​ទៅ​កោះ​ជេជូ

ក្រុង​សេអ៊ូល : កោះ​ជេជូ គឺ​ជា​ត្បូង​ពេជ្រ​មួយ​គ្រាប់​ដែល​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ មោទនភាព​បំផុត​​ ដោយសារ​តែ​ទេសភាព​ដ៏​ស្រស់​ត្រកាល​ និង​សម្បូរ​ទៅ​ដោយ​ឧទ្យាន​កម្សាន្ត​ជា​ច្រើន​កន្លែង។
ធ្វើ​ដំណើរ​ពី​ព្រលាន​យន្ត​ហោះ​កោះ​ជេជូ​ប្រមាណ​១០​នាទី ភ្ញៀវ​ទេសចរ​នឹង​ប្រទះ​ឃើញ​​តំបន់​ទេសចរណ៍​មួយ​ដ៏​ពិសេស​ ដែល​អនុញ្ញា​ឲ្យ​តែ​ភ្ញៀវ​​អាយុ​ចាប់ពី​២០​ឆ្នាំ​ចូល​លេង​កម្សាន្ត​ ប៉ុណ្ណោះ។
បើក​សម្ពោធ​នៅ​ឆ្នាំ​២០០៤ សួន​ស្នេហ៍ នៅ​កោះ​ជេជូ គឺជា​រមណីយដ្ឋាន​ដែល​ផ្តោត​សំខាន់​ទៅ​លើ​
ប្រធាន​បទ​ស្នេហា និង​ផ្លូវ​ភេទ។ ស្នាដៃ​សិល្បៈ​ចំនួន​១៤០ របស់​សិល្បករ​កូរ៉េ​២០​នាក់​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ។ ទាំង​នោះ​រួម​មាន​វត្ថុ​អនុស្សាវរីយ៍ ចម្លាក់ រូបថត និង​របស់​លេង​នានា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្នេហា និង​សកម្មភាព​សិច ត្រូវ​បាន​តាំង​បង្ហាញ​ពាស​ពេញ​ផ្ទៃ​សួន​ដែល​លាត​សន្ធឹង​លើ​ដី​៤​ហិកតា។
រូប​ចម្លាក់​ទាំង​នោះ​បង្ហាញ​ពី​វដ្ដរដូវ រូប​យោនី ដំណាក់​កាល​នៃ​ការ​សម្រេច​តណ្ហា​ដោយ​ខ្លួន​ឯង​របស់​បុរស និង​ក្បាច់​រួមភេទ​ជាច្រើន​បែប ធ្វើ​ឲ្យ​សួន​ស្នេហ៍​នេះ​ក្លាយ​ជា​ទីដ៏​ទាក់ទាញ​បំផុត​សម្រាប់​គូ​ស្នេហ៍ ជាពិសេស​គឺ​ប្ដី​ប្រពន្ធ​ទើប​រៀបការ​ថ្មីថ្មោង។
ក្រោយ​សម័យ​សង្គ្រាម​នៅ​កូរ៉េ​ខាង​ត្បូង កោះ​ជេជូ ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ក្រេម​ចន្ទ​ទឹក​ឃ្មុំ​ដ៏​ពេញ​និយម​បំផុត ដោយ​សារ​តែ​អាកាស​ធាតុ​នៅ​ទីនោះ​មិន​ក្ដៅ ហើយ​ក៏​មិន​ត្រជាក់​ពេក។ ដោយសារ​តែ​សម័យ​នោះ គូ​ស្នេហ៍​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​រៀបការ​តាម​ឪពុកម្ដាយ​ទុក​ដាក់​ឲ្យ​នោះ ​ ដូច្នេះ​ហើយ​​ទើប​កោះ​ជេជូ​ដើរ​តួនាទី​ជា​កន្លែង​អប់រំ​ផ្លូវ​ភេទ។ ដោយ​កាល​នោះ នៅ​តាម​សណ្ឋាគារ​មួយ​ចំនួន​ក៏​មាន​សេវា​សម្ដែង​ឈុត​ឆាក​ក្ដៅ​សាច់​ឲ្យ​ភ្ញៀវ គូ​ស្នេហ៍​បាន​ទស្សនា​ស្វែង​យល់​ផង​ដែរ។ លុះ​ក្រោយ​មក​ទៀត សួន​ស្នេហ៍ ក៏​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ មុន​នឹង​សម្ពោធ​ជា​ផ្លូវ​ការណ៍​នៅ​ឆ្នាំ​២០០៤។
ភ្ញៀវ​ទេសចរ​ត្រូវ​ចំណាយ​ថ្លៃ​សំបុត្រ​ប្រមាណ​៨​ដុល្លារ និង​រយៈ​ពេល​យ៉ាង​ហោច​៤០​នាទី​ទើប​អាច​ដើរ​មើល​សួន​បាន​សព្វ​គ្រប់​ជ្រុង ជ្រោយ៕

Comments system

Disqus Shortname