Tuesday, March 20, 2012

អ្នក​ព្រៃ​ឡង់​៦០០​នាក់​នឹង​ចុះ​ល្បាត​ព្រៃ

ភ្នំពេញៈ ប្រជាពលរដ្ឋ​ និង​មន្ត្រី​អង្គការ សង្គម​ស៊ីវិល​ប្រមាណ​៦០០​នាក់​នៃ​សហគមន៍​ទាំង​៤​ខេត្ត​ ជុំវិញ​ព្រៃឡង់ មាន​កំពង់ធំ ស្ទឹង​ត្រែង​ ក្រចេះនិង​ព្រះវិហារ នឹង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ចំនួន​៣០០​គ្រឿង​ ចូល​ឃ្លាំ​មើល និង​បង្ក្រាប​សកម្មភាព​កាប់​ព្រៃ​ឈើ​អនាធិបតេយ្យ​ក្នុង​តំបន់​ព្រៃ​ឡង់​ ចាប់​ពី​ថ្ងៃ​១៩ ដល់​ ថ្ងៃ​ទី ៣០ មីនា​នេះ។
លោក ឈឹម សាវុធ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​វេទិកា​សាធារណៈ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​ មនុស្ស​ កម្ពុជា ថ្លែង​ឲ្យដឹង​ពី​ថ្ងៃ​អាទិត្យ​ថា នៅ​ថ្ងៃ​១៩ មីនា​នេះ មាន​តែ​ក្រុម​ប្រជា​សហគមន៍​តាម​ខេត្ត​រៀង​ខ្លួន​ប៉ុណ្ណោះ ដែល​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់​មុន​គេ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​២០​ មីនា ទាំង​សហគមន៍​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការ​នានា ​នឹង​ចូល​ទៅ​ក្នុង​ព្រៃ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​ដើម្បី​ពិនិត្យ​មើល​ បទល្មើស​ព្រៃឈើ។​

លោក​ថា៖ «យើង​ចូល​ទៅ​ដោយ​សារ​ប្រជា​ពលរដ្ឋ​មើល​ឃើញ​មាន​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់​ យ៉ាង​គំហុក​ចេញ​មក​រាល់​ថ្ងៃ។​ ប្រជាពលរដ្ឋ​ឃើញ​ឈើ​ខុស​ច្បាប់​ដឹក​ចេញ​ពី​ព្រៃជ្រៅ មិន​មែន​ដី​ព្រៃ​ដែល​រដ្ឋាភិបាល​សម្បទាន​ទេ»។
លោក បាន​ថ្លែង​ថា ថ្ងៃ​ទី​២៥​ មីនា នឹង​មាន​ការ​ជួប​ជុំ​គ្នា​ធំ​មួយ​នៅ​ចំណុច​ភូមិ​បឹង​ ត្រង់​ផ្លូវ​បំបែក​ក្នុង​ឃុំ​មាន​រិទ្ធិ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ដើ​ម្បី​ពិភាក្សា​ពី​គម្រោង​សកម្មភាព​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​ ព្រៃឡង់​នោះ និង​ស្វែង​រក​ភស្តុតាង​ផ្សេង​ៗ សម្រាប់​ដាក់​បង្ហាញ​ជូន​ក្នុង​វេទិកា​សាធារណៈ​នា​ថ្ងៃ​២៨ ខែ​មីនា ដែល​នឹង​មាន​តំណាង​រាស្ត្រ​ពី​គ្រប់​គណបក្ស​ មន្ត្រី​អាជ្ញាធរ​ស្រុក អភិបាល​ខេត្ត​កំពង់ធំ​ និង​ក្រសួង​កសិកម្ម​ចូលរួម​ផង​។​
លោក ដួង វណ្ណារ៉ា សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ស្ទឹង​ត្រែង​ ថ្លែង​ថា សហគមន៍​ក៏​មាន​គម្រោង​បិទ​ផ្លូវ​ចូល​ទៅ​ភូមិ​បឹង ស្រុក​សណ្តាន់​នេះ​ដែរ ដើម្បី​ស្ទាក់​កុំ​ឲ្យ​មាន​ឡាន​ដឹក​ឈើ​ចេញ។
លោក​បន្ត​ថា៖ «ចំពោះ​ខេត្ត​ខ្ញុំ​ ខ្ញុំ​បាន​ប្រាប់​អាជ្ញាធរ​ហើយ​នៅ​ថ្ងៃ​១៨​មីនា​នេះ ​បើ​មាន​បទ​ល្មើស​យើង​នឹង​បោស​សម្អាត​បង្ក្រាប​ហើយ​។ បទល្មើស​ព្រៃឈើ​មិន​ចេះ​ថយ បើ​ទប់​ស្កាត់​តែ​សហគមន៍​ តែ​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ​មិន​ទប់​ស្កាត់ តែ​បែរ​ជា​យក​លុយ​ទៅ​វិញ ធ្វើ​ម៉េច​នឹង​ថយ​»។ លោក ថា ក្រុមហ៊ុន​ខ្លះ​ដែល​បាន​ទទួល​សិទ្ធិ​សម្បទាន​ពី​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​ ព្រៃឡង់​ បាន​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ដែល​ពុំ​មែន​ជា​ដី​សម្បទាន ដើម្បី​យក​ឈើ​ប្រណីត​ចេញ​មក​លក់​ខុស​ច្បាប់​។​
នេះ​ជា​លើក​ទី​២ ក្នុង​ឆ្នាំ​២០១២ ដែល​សហគមន៍​ព្រៃឡង់​ចុះ​ល្បាត​តំបន់​ព្រៃ​ឡង់ បន្ទាប់​ពី​សកម្មភាព​ទប់​ស្កាត់​កាល​ពី​ខែ​មុន​ នឹង​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​២​គ្រឿង និង​ដុត​កម្ទេច​ចោល​នូវ​ឈើ​ប្រណីត​ប្រមាណ​៤០​ម៉ែត្រ​គូប នៅ​ក្នុង​ព្រៃ​ឡង់​នេះ។​
អភិបាល​ស្រុក​សណ្តាន់ លោក ស៊ឹម វណ្ណា ថ្លែង​ថា មាន​ករណី​កាប់​ឈើ​នៅ​តំបន់​ហាម​ឃាត់​ តែ​ភាគ​ច្រើន​ប្រព្រឹត្ត​ដោយ​ប្រជា​ពលរដ្ឋ​។ លោក​ថា៖ «​ពលរដ្ឋ​ខ្លះ​កាប់​ឈើ​ល្អ​ៗ​យក​ទៅ​ធ្វើ​ផ្ទះ តែ​រដ្ឋបាល​ព្រៃឈើ ចេះ​តែ​អនុញ្ញាត ព្រោះ​មិន​ច្រើន។ ឯ​ក្រុមហ៊ុន សុទ្ធ​តែ​កាប់​ឈើ​មាន​ច្បាប់​ទាំង​អស់​ គេ​មិន​ធ្វើ​លើស​ពី​ច្បាប់​ទេ»។ លោក​បដិសេធ​មិន​អធិប្បាយ​អំពី​ករណី​ពលរដ្ឋ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ខ្លួន​ឯង​នេះ​ទេ​៕​

Comments system

Disqus Shortname