Thursday, March 22, 2012

បុគ្គលិក ធនាគារ អេស៊ីលីដា ដែលចងក ធ្វើអត្ដឃាត សរសេរក្នុងបណ្ដាំ ចោទប្រកាន់ ភាពកំសោយ របស់គ្រូពេទ្យ សៀនតាយ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង នៅពេលគេប្រទះឃើញ បុរសម្នាក់ដែលត្រូវជាបុគ្គលិកធនាគារអេស៊ីលីដា ចងកធ្វើអត្ដឃាត នៅក្នុងបន្ទប់ទឹកផ្ទះជួលរបស់ខ្លួន ស្ថិតនៅភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលការធ្វើ អត្ដឃាតនេះ ប្រភពព័ត៌មានជាជំហានដំបូង បានអះអាងថា មកពីមានវិបត្ដិផ្លូវចិត្ដ ដោយសារ ជំងឺរ៉ាំរៃរបស់ខ្លួន និងប្រភពមួយទៀត បានអះអាងថា ដោយសារមានរឿងបន្ដិចបន្ដួច នៅក្នុង កន្លែងធ្វើការ។ ប៉ុន្ដែសេចក្ដីរាយការណ៍ខាងលើនេះ ត្រូវបានបញ្ជាក់កាន់តែច្បាស់ ពីមូលហេតុ របស់ជនរងគ្រោះ គង់ វុទ្ធី អាយុ ២៥ឆ្នាំ ដែលបានសរសេរនៅក្នុងបណ្ដាំមួយសន្លឹក មុនពេលរូប គេធ្វើអត្ដឃាត ដោយចងក នៅក្នុងបន្ទប់ទឹក។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនចង់ធ្វើការអត្ថាធិប្បាយ លើសពាក្យសម្ដី ឬក៏អត្ថន័យ នៅក្នុងលិខិតបណ្ដាំ របស់
ជនរងគ្រោះនោះឡើយ ដែលបានចោទប្រកាន់ថា វេជ្ជបណ្ឌិត ជនជាតិចិន នៅមន្ទីរពេទ្យ  សៀនតាយ មានភាពកំសោយ ដែលបានរួមចំណែក ធ្វើឱ្យជនរង គ្រោះដាច់ចិត្ដសម្លាប់ខ្លួន ដូច្នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមដកស្រង់ខ្លឹមសារ នៅក្នុងលិខិតបណ្ដាំនេះទាំងស្រុង ដូចខាងក្រោមៈ
នេះជាការសម្រេចចិត្ដរបស់ខ្ញុំ
ខ្ញុំមិនអាចទ្រាំ រស់នៅជាមួយនឹងភាពរ៉ាំរៃ នៃជំងឺរបស់ខ្ញុំ ដែលបានកើតឡើង តាំងពីរូបខ្ញុំមាន អាយុប្រហែល ១៧-១៨ឆ្នាំ។ ពេលនោះ បើទោះបីបងប្រុស និងក្រុមគ្រួសារ ខិតខំនាំខ្ញុំទៅ ពិនិត្យ និងព្យាបាលបានត្រឹមតែអន់ គឺវាមិនដាច់សោះ។ ខ្ញុំទ្រាំរស់នៅជាមួយនឹងភាពរ៉ាំរៃ នៃជំងឺនេះ ដោយតែងតែលួងលោមខ្លួនឯងថា នេះជាអាការៈធម្មតា ។ នៅពេលដែលខ្ញុំ បានចូល បម្រើការងារ ខ្ញុំមានការបារម្ភខ្លាច ពេលពិនិត្យសុខភាព ពីព្រោះខ្ញុំដឹងពីអាការៈខ្លួនឯងច្បាស់ថា ខ្ញុំមានជំងឺ ប៉ុន្ដែលទ្ធផលបែរជាផ្ទុយទៅវិញ បញ្ជាក់ថា ខ្ញុំគ្មានជំងឺអ្វីទៅវិញ ។ ពេលដែលខ្ញុំចូល ធ្វើការ ខ្ញុំមានអាការៈធ្វើទុក្ខម្ដងម្កាល ប៉ុន្ដែខ្ញុំទ្រាំ និងខ្ញុំមានភាពរីករាយ ជាមួយក្រុមហ៊ុន ដែល ខ្ញុំបានធ្វើការ និងបុគ្គលិករួមការងារ ដែលពួកគេសុទ្ធសឹងជាកញ្ចក់ឆ្លុះបញ្ចាំង ថាជីវិតត្រូវមានការតស៊ូ។
ខណៈដែលខ្ញុំបម្រើការងារ នៅទីក្រុងភ្នំពេញ ខ្ញុំសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ដែលគាត់មានការយកចិត្ដទុកដាក់ មកលើរូបខ្ញុំ ដែលពេលខ្ញុំស្នើសុំប្រាក់ទូទាត់ ថ្លៃជំងឺ។ ខ្ញុំបានឃើញការផ្សព្វផ្សាយ របស់ទូរទស្សន៍ ពីពេទ្យសៀនតាយ ខ្ញុំអាចថា ជាពេទ្យគ្មាន គិតពីសុខភាពរបស់អ្នកជំងឺ។ ពេលដែលខ្ញុំបានព្យាបាលអស់មួយរយៈ គ្មានការធូរស្រាល (អាពេទ្យចិន)វាថា ព្យាបាល ៧ថ្ងៃ ពេលនោះ ៧ថ្ងៃហើយ ខ្ញុំមិនបានធូរស្រាល វាថា ថែមរហូត... ដល់ពេលមួយ ពេទ្យចិននោះ ថាខ្ញុំមានស្បែកគ្របលើប្រដាប់ភេទវែង គួរតែធ្វើការ វះកាត់ ទើបជាការល្អ។ ហើយខ្ញុំបានគិតអស់រយៈពេល ៧-៨ថ្ងៃ ទើបវះកាត់។ ក្រោយពីធ្វើការ វះកាត់រួច ស្ថានភាពខ្ញុំ កាន់តែយ៉ាប់ទៅៗ តែពេទ្យចិននោះថាមិនអីទេ ។ វាធ្វើការតាមដាន (ប៉ុន្ដែទាល់តែមានលុយបង់ បានពួកវាព្យាបាល) ការវះកាត់នេះ ជាការបញ្ចប់ជីវិតរបស់ខ្ញុំ។
ដូច្នេះ ខ្ញុំសូមផ្ដាំផ្ញើដល់អ្នកដែលចង់ទៅព្យាបាល កុំទៅឱ្យសោះ។
ទាក់ទិនលិខិតបណ្ដាំ ដែលចោទប្រកាន់ចំៗ ទៅលើគ្រូពេទ្យ នៅមន្ទីរពេទ្យសៀនតាយនេះ ដើមអម្ពិល មិនអាចសុំការទំនាក់ទំនង បកស្រាយបាននោះឡើយ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២នេះ៕(dapnews)
Photo by DAP-NEWS

Comments system

Disqus Shortname