Tuesday, March 20, 2012

ចាន់ រ៉ាវី តារា​សម្តែង​ប្រចាំ​ទូរទស្សន៍ SeaTV ស្លាប់

កណ្តាលៈ តារា​សម្តែង​ប្រុស​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​លោក ចាន់ រ៉ាវី​ ដែល​ជា​ញឹក​ញយ​ គេ​បាន​ឃើញ​តាម​រយៈ​ការ​សម្តែង​ឡើង​វិញ​នូវ​ចម្រៀង​កាយ​វិការ​សម័យ​លោក ស៊ិន ស៊ីសាមុត និង​អ្នក​ស្រី រស់ សេរី​សុទ្ធា លើ​កញ្ចក់​ទូរទស្សន៍ Sea​TV ​បាន​ទទួល​មរណភាព​មិន​នឹក​ស្មាន​ដល់​កាល​ពី​ថ្ងៃ​សៅរ៍​​ ទី​១០ ខែ​មីនា។ បើ​តាម​ការ​អះ​អាង​របស់​តារា​រួម​អាជីព​បាន​ឲ្យ​ដឹង​ថា តារា​ដែល​ទើប​ទទួល​បាន​កេរ្តិ៍​​ឈ្មោះ​ល្បី​មធ្យម​រូប​នេះ​បាន​ស្លាប់​ដោយ​ សារ​គាំង​បេះដូង​។
ចាន់ រ៉ាវី បាន​ជាប់​ជម្រើស​ជា​តារា​សម្តែង​រូប​សង្ហា​ម្នាក់​របស់​ស្ថានីយ​ទូរទស្សន៍​ អាស៊ី​អាគ្នេយ៍​ ហើយ​គេ​តែង​លេច​មុខ​នៅ​ពេល​សម្តែង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ និង​ចម្រៀង​កាយ​វិការ​
របស់​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ។ ប៉ុន្តែ​ទើប​តែ​ទទួល​បាន​កិត្តិយស​កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​ពិភព​សម្តែង​មិន​ ទាន់​នឹង​បាន​ហក់​ឡើង​ដល់​ចំណុច​កំពូល​ផង​ តារា​ដែល​ខំ​វេច​សម្ពាយ​ពី​ស្រុក​កំណើត​មក​ជួល​ផ្ទះ​ពីរ​នាក់​បង​ប្អូន​នៅ​ ភ្នំពេញ​ដើម្បី​ស្វែង​រក​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​វិស័យ​សិល្បៈ​ម្នាក់​នេះ​ បាន​ទទួល​មរណ​ភាព​ភ្លាម​ៗ​ទាំង​រាង​កាយ​មាន​សាច់​ដុំ​រឹង​មាំ​ មិន​នឹក​ស្មាន​ដល់​។
ពិធី​ករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ចាន់ រ៉ាវី មាន​អាយុ​២៨​ឆ្នាំ ជា​តារា​សម្តែង និង​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន កាល​មុន​ពេល​គេ​ស្លាប់ តែ​ជា​អកុសល​តារា​រូប​នេះ​បាន​ស្លាប់​ទាំង​វ័យ​ក្មេង​។ ​ពិធី​ករ​រូប​នេះ​បាន​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​បញ្ជាក់​ថា​ គាត់​គឺ​ជា​តារា​ស្ប៉ត​ពាណិជ្ជ​កម្ម​របស់​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ ស្មាត Smart Mobile ដោយ​គេ​បាន​តម្រូវ​ឲ្យ​តារា​សម្តែង​ស្ប៉ត​ ចាន់ រ៉ាវី រវល់​តែ​និយាយ​សាសង​ស្នេហ៍​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​មាន​តម្លៃ​សេវា​ថោក​ ហើយ​ក៏​ត្រូវ​ជាង​ កាត់​សក់​អស់​រលីង​នៅ​សល់​តែ​ពី​ក្រោយ​បន្តិច​ដាក់​ថា ៣០​សេន​ក្នុង​មួយ​នាទី​។
រីឯ​ពិធី​ករ​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​កម្ម​វិធី​ពេជ្រ​កំពុង​ច្នៃ​ លោក សម្បត្តិ កិត្យា ដែល​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​ ចាន់ រ៉ាវី ដោយ​ផ្ទាល់​នៅ​ក្នុង​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ បាន​ឲ្យ​ដឹង​ថា រ៉ាវី បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១០ ខែ​មីនា ក្នុង​ផ្ទះ​ជួល​នៅ​ភ្នំពេញ​ដោយ​សារ​គាំង​បេះដូង។ តែ​ពិធី​ករ​រូប​នេះ​បាន​បញ្ជាក់​ថា តារា​រូប​នោះ​មិន​មែន​ជា​តារា​ថត​ស្ប៉ត​របស់​ក្រុមហ៊ុន Smart Mobile នោះ​ឡើយ​។
លោក​បាន​និយាយ​ថា៖ «​ចាន់ រ៉ាវី គាត់​ជា​តារា​សម្តែង​ម្នាក់​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ គាត់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​សារ​គាំង​បេះដូង​។ បើ​តាម​ខ្ញុំ​ដឹង​ថា គាត់​ស្លាប់​នៅ​ផ្ទះ​ជួល​នៅ​ភ្នំពេញ ដែល​គាត់​បាន​ជួល​រស់​នៅ​ពីរ​នាក់​បង​ប្អូន​។ ពេល​ធ្វើ​បុណ្យ​គឺ​ធ្វើ​នៅ​ស្រុក​ខ្សាច់​កណ្តាល អ្នក​ស្គាល់​ រ៉ាវី ក៏​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​»។
ដោយ​សារ​តែ​ស្លាប់​មិន​សម​ទំនង​ដោយ​សារ​ជំងឺ​គាំង​បេះដូង​ ខណៈ​ដែល​វ័យ​របស់​តារា​រូប​នេះ​ទើប​តែ​២៨​ឆ្នាំ​នោះ ពិធី​ករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​បាន​និយាយ​ថា លោក​បាន​ទទួល​ព័ត៌​មាន​ថា គេ​ស្លាប់​ដោយ​សារ​គាំង​បេះដូង​មែន តែ​លោក​បាន​ឮ​ពី​ក្រុម​គ្រួសារ​មក​ថា ពេល​ដែល​ពេទ្យ​ពិនិត្យ​ទៅ​បែរ​​ជា​រក​ឃើញ​ថា គ្រឿង​ក្នុង​របស់​គេ​បាន​ខ្ទេច​ខ្ទាំ​អស់​ទៅ​ហើយ​។
ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​ដោយ​មូល​ហេតុ​ស្រពេច​ស្រពិល​របស់​តារា​រូប​ នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​ទាន់​អាច​ទាក់​ទង​ក្រុម​គ្រួសារ​តារា​រូប​នេះ​បាន​ទេ​កាល​ពី​ម្សិល​មិញ​ ។
ការ​លា​ចាក​លោក​របស់​តារា​រូប​នេះ តែ​ក្នុង​រយៈ​ពេល​មួយ​ប៉ព្រិច​ភ្នែក​បែប​នេះ​ អ្នក​គាំទ្រ​តារា​រូប​នេះ​បាន​សម្តែង​ការ​សោក​ស្តាយ​គ្រប់​ៗ​​គ្នា ហើយ​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​បាន​ទួញ​យំ​សោក​គ្រប់​ៗ​គ្នា​៕

Comments system

Disqus Shortname