តាមទីភ្នាក់ងារព័ត៌មានរបស់ថៃ
កាលពីថ្ងៃទី១៥ មីនា កន្លងមកផ្សាយឱ្យដឹងថា
នៅឯគេហដ្ឋានមួយរបស់លោកយាយ ឡាអេវូត ឆាលើយម៉ាក
អាយុ៨៤ឆ្នាំ ក្នុងភូមិណងមុន ស្រុកដនភុត ខេត្តស្រះបុរី
បានប្រទះឃើញតុកកែមួយក្បាលតោងពិតានផ្ទះ
និងសំយុងក្បាលចុះយកជើងខាងមុខសំពះ ។ គួរបញ្ជាក់ថា
នៅជាន់ខាងលើនៃគេហដ្ឋាន នេះជាទីតាំងអាសនៈសម្រាប់គោរពបូជា
ហើយខណៈពេលគ្រប់គ្នាកំពុងអង្គុយលេងនៅលើគ្រែក្រោមផ្ទះ
ស្រាប់តែអ្នកស្រី កូស៊ុម
ឆាលើយម៉ាក អាយុ៥៥ឆ្នាំ
ជាកូនស្រីក្រឡេកឃើញតុកកែមួយក្បាលសំយុងក្បាលដោយយកជើង
ខាងមុខសំពះតោងជាប់រនូតឈើ ។ អ្នកស្រី កូស៊ុម និយាយថា ដំបូងគាត់គិតថា ជាតុកកែដែលងាប់ ក៏មិនចាប់អារម្មណ៍ ប៉ុន្តែនៅពេលពិនិត្យមើលយ៉ាងយូរ ក៏ឃើញវាកម្រើកខ្លួន ។ នៅពេលដំណឹងនេះ លេចឮដល់អ្នកស្រុក ពួកគេក៏នាំគ្នាមកមើលយ៉ាងច្រើនកុះករ និងមានជំនឿថា ជាប្រផ្នូលផ្តល់សំណាងដ៏ល្អ ហើយ បានកំណត់យកលេខផ្ទះ៧១ របស់លោកយាយ ឡាអៀត ធ្វើជាលេខពិសេស ដើម្បីទិញឆ្នោតផ្សងសំណាង ដែលចេញនៅថ្ងៃទី១៦ មីនា ៕