តារាកំប្លែងនាង ក្អយ កាលពីពេលមានភាពល្បីគួរសម។ |
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១១ ជួន ចាន់រតនា អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ២១២z ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានស្ត្រីម្នាក់មានឈ្មោះថា ច័ន្ទ សិរីពរ អាយុ៥៥ឆ្នាំ មានទីលំនៅផ្ទះលេខ៦២E ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ បានដាក់ពាក្យបណ្តឹងចូលទៅកាន់សាលាសង្កាត់ទួលសង្កែ ប្តឹងទាមទារប្រាក់ចំនួន៧៥០០ដុល្លារពីបទរំលោភលើសេចក្តីទុក ចិត្ត។
ក្នុងពាក្យបណ្តឹងនោះ បានឲ្យដឹងថា នាង ជួន ចាន់រតនា ហៅក្អយ បានធ្វើកិច្ចសន្យាខ្ចីប្រាក់ដោយមានសាក្សីចូលរួមផ្តិតមេដៃ ត្រឹមត្រូវ តែនាងបានគេចវេះមិនព្រមសងរហូត ហើយតែងសន្យាថា ថ្ងៃនេះ ថ្ងៃនោះរហូត។ ដោយទ្រាំលែងបានដើមបណ្តឹងរូបនោះក៏បានដាក់ពាក្យបណ្តឹងទៅកាន់ សាលាដំបូងរាជធានីភ្នំពេញតែម្តង។ បន្ទាប់ពីរងពាក្យបណ្តឹងមួយនោះ នាង ក្អយ ក៏បានរងពាក្យបណ្តឹងជាច្រើនករណីបន្តបន្ទាប់ទៀតពាក់ព័ន្ធនឹង ករណីឆបោករថយន្តទំនើបប្រមាណជា១០គ្រឿង។ ក្នុងសំណុំពាក្យបណ្តឹងទាំងឡាយភាគច្រើនពាក់ព័ន្ធនឹងតារារូបនេះ បានជួលរថយន្តពីកន្លែងលក់រថយន្តផ្សេងៗ ហើយយករថយន្តទាំងនោះទៅបញ្ចាំ ឬក៏យកទៅលក់បន្ត។
លោក គ្រី សុខអ៊ី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាអ្នកកាន់សំណុំរឿងរបស់តារារូបនេះ បានឲ្យដឹងកាលពីម្សិលមិញថា តារាកំប្លែងនាង ជួន ចាន់រតនា ហៅ ក្អយ ត្រូវសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ រយៈពេល១៨ខែ និងបង់ជាប្រាក់ចំនួន ៥០០០ដុល្លារលើមួយករណី កាលពីដើមឆ្នាំ២០១២ ហើយនាងនឹងត្រូវកាត់ទោសបន្តជាច្រើនករណីផ្សេងទៀត។
លោក គ្រី សុខអ៊ី បាននិយាយថា៖ «ករណីនាងក្អយ បានកាត់ទោសកំបាំងមុខមួយករណីកាលពីថ្ងៃទី១៨ ខែមករា ដោយនាងត្រូវជាប់ពន្ធនាគារ១៨ខែ និងបង់ជាប្រាក់ចំនួន ៥០០០ ដុល្លារ ហើយនាងនឹងត្រូវប្រឈមនឹង៣-៤ករណីទៀត»។
រីឯលោក កែវ មុនី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការបំភ្លឺជុំវិញករណីឆបោក និងរំលោភលើសេចក្តីទុកចិត្តរបស់នាង ក្អយ បានទេកាលពីម្សិលមិញដោយទូរស័ព្ទរបស់លោកមិនអាចទទួលការហៅចូល បាន។
ទោះបីជាសាលក្រមត្រូវបានប្រកាស តែតារាកំប្លែងរូបនោះ មិនទាន់ត្រូវបានគេចាប់ខ្លួនបាននៅឡើយដោយនាងកំពុងរត់គេច ខ្លួន ហើយតារារូបនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ដោយសារនាងប្តូរលេខទូរស័ព្ទជាបន្តបន្ទាប់។ ដោយឡែកសាច់ញាតិរបស់តារារូបនេះ ដែលធ្លាប់ទាក់ទងបានក៏បិទទូរស័ព្ទផងដែរ។
ប្រភពមួយចំនួនដែលស្គាល់តារារូបនេះ បានឲ្យដឹងថា ការធ្លាក់ខ្លួនជំពាក់បំណុលគេរុំសួតវ័ណ្ឌករាប់សិបម៉ឺនដុល្លារ របស់ ជួន ចាន់រតនា ហៅ នាងក្អយ នេះ ដោយសារតារាកំប្លែងរូបនេះ ជាមនុស្សញៀននឹងល្បែង ហើយក៏កើតគំនិតជួលរថយន្តទំនើបពីឈ្មួញជាច្រើនគ្រឿង ចុងក្រោយនាងបានយករថយន្តទាំងនោះទៅបញ្ចាំ ឬលក់ប្រៀបបាននឹងរថយន្តផ្ទាល់ខ្លួនតែម្តង៕(PK)