Saturday, March 17, 2012

បងប្អូនសាច់ញាតិ តក់ស្លុតពេលឃើញ សាកសព ពលការិនីម្នាក់ បញ្ជូនពី ម៉ាឡេស៊ីវិញ

ភ្នំពេញ៖ គួរឲ្យសង្វេគជាទីបំផុត នៅពេលដែលឃើញ សាកសពពលការិនីម្នាក់ ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី នាងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយភាព ស្តូកស្តឹង មិនដឹងខ្លួនជារៀងរហូត តាមជើងហោះហើរ អន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមីនាឆ្នាំ២០១២នេះ។

លោក ណារិទ្ធ ជាបងប្អូនជីដូនមួយរបស់សព ដែលបានប្តឹងសមត្ថកិច្ចកម្ពុជា និងអង្គការសិទ្ធិមនុស្សឲ្យជួយ ធ្វើយ៉ាងបញ្ជូនសាកសពមកស្រុកកំណើតវិញ បន្ទាប់ពី នាងស្លាប់នៅប្រទេសម៉ាឡេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ។
សពពលការិនីនោះឈ្មោះ អុប សុខគូន អាយុ៣៥ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ទៅធ្វើការជាពលការិនីតាមផ្ទះ តាមរយៈក្រុមហ៊ុន VC Manpower។ សាកសពត្រូវបានធ្វើ កោសល្យវិច្ច័យថានាងស្លាប់ដោយសារជំងឺរលាកសួត។ តែក្រុមគ្រួសាររបស់សព មិនអស់ចិត្តនោះទេ ព្រោះនាងមិនដែលមានជំងឺអ្វីនោះឡើយកាលនៅស្រុក ពិសេសជំងឺសួតនេះគឺគ្មាននោះទេ។
លោកបញ្ជាក់ថា នាងបានស្លាប់តាំងពី ខែវិច្ឆិកា ឆ្នាំ២០១១ តែត្រូវក្រុមហ៊ុនលាក់ ទើបតែក្រុមគ្រួសារប្តឹងទៅ ក្រសួងមហាផ្ទៃ និងអង្គសិទ្ធិមនុស្សឲ្យជួយ អន្តរាគមន៍។
សូមបញ្ជាក់ថា នេះមិនមែនជាករណីទីមួយទេ ដែលមានពលការិនីខ្មែរស្លាប់នៅលើទឹកដីប្រទេសគេ ពិសេសប្រទេសម៉ាឡេស៊ី។ ពួកគេត្រូវរងទុក្ខដោយការ កេងប្រវ័ញ្ចពលកម្មនិងផ្លូវភេទ ដោយខ្លះស្លាប់ក៏មាន អ្នកខ្លះទៀតឆ្កួត មានសតិមិនល្អពេលមកដល់ស្រុកកំណើតវិញ ដែលបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកបញ្ជូនពលករធ្វើការនៅតាមផ្ទះទៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០១១កន្លងទៅ៕(dapnews)

Comments system

Disqus Shortname