Thursday, March 15, 2012

មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកស្ទឹងត្រង់ចាប់ទូក ដឹកឈើបានហើយ លួចដោះលែង ទៅវិញស្ងាត់ៗ

Photo by DAP-NEWSកំពង់ចាមៈ ទូកដឹកឈើមួយគ្រឿងដែលមានម្ចាស់ ឈ្មោះ ទិន ត្រូវកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ស្រុកស្ទឹងត្រង់ ឃាត់ និងលើកសសរបានចំនួន២៦ដើម តែមិនដឹងជាមូលហេតុ ស្រាប់តែម្ចាស់ទូកមាន ឱកាសលួចចេញទូកទៅវិញ ដោយសុវត្ថិភាពកាល ពីវេលាម៉ោងប្រហែលជា ៧ ទៅ៨យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ នៅចំណុចច្រាំងទន្លេភ្នំ មុន្ទី ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រភពពីសមត្ថកិច្ចស្រុកស្ទឹងត្រង់បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែមីនា មានទូកដឹកឈើមួយគ្រឿង របស់ឈ្មោះ ទិន បានដឹកសសរប្រភេទកកោះ និងឈើគ្រឿងមួយចំនួនទៀតក្នុងទិសដៅពីស្រុកក្រូចឆ្មារ មកទីរួមខេត្តកំពង់ចាម។ លុះទូកនោះបើកមកដល់ស្រុក ស្ទឹងត្រង់ក៏ចូលនៅចំណុចច្រាំងទន្លេភ្នំមុន្ទីនោះ ក្នុងឃុំព្រែកបាក់ ដើម្បីឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្ទឹងត្រង់ធ្វើការត្រួតពិនិត្យ។
ប្រភពបានបន្តទៀតថា ក្រោយពេលត្រួតពិនិត្យមេព្រៃបានជួលកម្មករឲ្យលើកឈើចេញពីទូក ហើយខណៈដែល កម្មករលើកសសរបានចំនួន២៦ដើម ស្រាប់តែទូកមួយគ្រឿងនេះ ត្រូវបានគេអនុញ្ញាតឲ្យចេញទៅវិញ ដោយសុវត្ថិ ភាព បន្សល់ឈើគ្រឿងនៅក្នុងទូកជាច្រើនទៀតផង។
ប្រភពដដែលបានធ្វើការពន្យល់យ៉ាងដូច្នេះថា ឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ទិន នោះ គឺជាមេខ្មូតរកស៊ីដឹកឈើ តាមទូកយូរមកហើយ ដោយកន្លងមកឈ្មួញនោះ និងមន្ត្រីជំនាញត្រូវដងត្រូវផ្លែគ្នា ធ្វើឲ្យមុខរបររបស់គេ បានសុខសានរហូតមក។ ប៉ុន្តែប៉ុន្មានជើងកន្លងមកដោយសារតែម្ចាស់ឈើឈ្មោះ ទិន ជំពាក់មិនព្រមយកលុយបង់ឲ្យមន្ត្រី ជំនាញ ទើបជើងនេះ មន្ត្រីជំនាញចាប់តែម្តងទៅ។
ប្រភពបានឲ្យដឹងទៀតថា ការដឹកបទល្មើសចូលឲ្យមន្ត្រីពិនិត្យនេះ វាជាទម្លាប់របស់ឈ្មួញ ព្រោះថា ពេលឈ្មួញដឹក ឈើពីលើមក គេបានទូរស័ព្ទប្រាប់មន្ត្រីជំនាញរួចហើយ។ ពេលទូកមកដល់ត្រូវតែចូលឲ្យមន្ត្រីជំនាញស្រុកស្ទឹងត្រង់ ពិនិត្យចំនួនឈើនៅចំណុចស្ងាត់ៗណាមួយ ទើបឲ្យទូកចេញទៅ។ តែសម្រាប់ឈ្មួញឈ្មោះ ទិន នេះ ជាឈ្មួញជើង យូរ ដូច្នេះបើមានដឹកឈើចុះគ្រាន់តែទូរស័ព្ទប្រាប់ទៅមន្ត្រីជំនាញ គឺអាចដឹកឈើខុសច្បាប់យកទៅលក់ដោយ សម្រួលគ្មានសមត្ថកិច្ចណារំខានទេ។ រីឯការឃាត់ទូកខាងលើនោះ ឈ្មោះទិន បានទូរស័ព្ទប្រាប់មន្ត្រីជំនាញរួច ហើយ ប៉ុន្តែដោយឈ្មោះ ទិន ជំពាក់លុយជើងមុនៗមិនសង ទើបខាងមេព្រៃយកលេសឲ្យចូលទូក ដើម្បីពិនិត្យរួច ក៏ចាប់ទូកនោះទៅ ហើយសសរចំនួន២៦ដើមត្រូវបានដឹកយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើស្រុកស្ទឹងត្រង់។
ដោយឡែកការធ្វើឲ្យទូកអាចលួចបណ្តែតចេញពីច្រាំងដោយសុវត្ថិភាពយ៉ាងដូច្នោះមានមជ្ឈដ្ឋានមួយចំនួន បានរិះ គន់ថា អាចមានការត្រូវរូវគ្នារវាងមេព្រៃ និងម្ចាស់ឈើ ដោយសារគេវិភាគថា សសរ២៦ដើមវាមិនអស់ប៉ុន្មាននោះទេ តែទូកមានតម្លៃអាចដល់ម៉ឺនដុល្លារឯណោះ។ មជ្ឈដ្ឋានទូទៅបានសម្តែងការងឿងឆ្ងល់ថា មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកស្ទឹងត្រង់ឈ្មោះខុម និងកម្មករ៦ទៅ៧នាក់ នៅទីនោះទៀត បែរជាអនុញ្ញាតឲ្យម្ចាស់ទូកខាងលើនេះ លួច ចេញទូកដោយសុវត្ថិភាព។
ទាក់ទិនទៅករណីខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺពីលោក ខុម មេព្រៃស្រុកស្ទឹងត្រង់ បានទេ ដោយទូរស័ព្ទចុចចូលគ្មានអ្នកទទួល៕(dapnews)

Photo by DAP-NEWS

Comments system

Disqus Shortname