Tuesday, March 20, 2012

ចិន​ប្រើ​សម្ពាធ​សាធារណៈ​កម្រ​លើ​កូរ៉េ​ខាង​ជើង​ប្រឆាំង​ផែនការ​មីស៊ីល

ក្រុង​ស៊ាងហៃៈ ប្រទេស​ចិន​បាន​ប្រើ​សម្ពាធ​សាធារណៈ​ដ៏​កម្រ​មួយ​លើ​សម្ព័ន្ធ​មិត្ត កូរ៉េ​ខាង​ជើង​របស់​ខ្លួន​ ជុំ​វិញ​ផែន​ការ​របស់​រដ្ឋ​ឯកោ​ដើម្បី​បាញ់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​​ ដែល​កំពុង​បង្កភាព​ តាន​តឹង​នៅ​ក្នុង​តំបន់​ និង​អាច​បំផ្លាញ​កិច្ច​ព្រម ព្រៀង​ជំនួយ​ថ្មី​ៗ​មួយ​ជា​មួយ​អាមេរិក​។
ការ​ប្រកាស​ពី​ការ​បាញ់​នេះ បង្ក​ការ​ល្អក់​កករ​ភ្លាម​ៗ​ដល់​ក្តី​សង្ឃឹម​ថ្មី​ៗ​​ថា មេ​ដឹក​នាំ​វ័យ​ក្មេង​នៃ​វង្ស​ត្រកូល​គ្រួសារ​កំពុង​គ្រប់​គ្រង​កូរ៉េ​ខាង​ ជើង ត្រៀម​ខ្លួន​បើក​ចំហ​ថែម​ទៀត​ចំពោះ​សហគមន៍​អន្តរជាតិ​។
ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ការ​បាញ់​ដែល​គេ​គ្រោង​នេះ គឺ​ពិត​ជា​ការ​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប
ដែល​សេចក្តី​សម្រេច​ចិត្ត​អ.ស.ប.​បាន​ហាម​ប្រាម ហើយ​ស្រប​ទៅ​នឹង​កិច្ចការ​ទូត​ដែល​អនុវត្ត​ជា​យូរ​មក​ហើយ​របស់​កូរ៉េ​ខាង​ ជើង​ ស្តី​ពី​ការ​ប្រើប្រាស់​ការ​គំរាម​កំហែង​សន្តិសុខ​ក្នុង​តំបន់​ ដើម្បី​បង្កើន​សម្បទាន​អន្តរ​ជាតិ​ ​ និង​ជា​ពិសេស​អាមេរិក​។
វា​ក៏​ត្រូវ​គេ​ប្រើ​ប្រាស់​ដើម្បី​លើក​ស្ទួយ​ឧត្តមភាព​របស់​មេដឹកនាំ​ វ័យ​ ក្មេង​ថ្មី​របស់​កូរ៉េ​ខាង​ជើង​លោក គីម ជុង​អ៊ុន ដែល​បាន​ស្នង​វង្សត្រកូល​គ្រួសារ​នេះ​ បន្ទាប់​ពី​ការ​ស្លាប់​របស់​ឪពុក​របស់​លោក​កាល​ពី​ចុង​ឆ្នាំ​មុន​។
ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ បាន​រាយការណ៍​ថា អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​លោក ចាង​ ជីឈុន បាន​សម្តែង​នូវ​«​ក្តីបារម្ភ​»​របស់​ចិន ​នៅ​ពេល​លោក ​បាន​ជួប​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​លោក ជី ចេ​រីយ៉ុង កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។
ស៊ីនហួ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ដក​ស្រង់​សម្តី​របស់​លោក​ចាង​ថា​៖ «​យើង​ពិត​ជា​សង្ឃឹម​ថា គ្រប់​ភាគី​ដែល​ជាប់​ពាក់​ព័ន្ធ នឹង​នៅ​ស្ងប់​ស្ងៀម​ និង​ប្រកាន់​យក​ភាព​អត់​ធ្មត់​ និង​ចៀស​វាង​មិន​បង្កើន​ភាព​តានតឹង ដែល​អាច​នាំ​ទៅ​រក​ស្ថានភាព​មួយ​កាន់​តែ​ស្មុគស្មាញ​ឡើយ»។
ទោះ​ជា​លោក​មិន​ជេរ​ប្រទិច​ការ​បាញ់​ដែល​គ្រោង​ទុក​នេះ​ក៏​ដោយ ក៏​ក្រុង​ប៉េកាំង កម្រ​ដាក់​សម្ពាធ​ជា​សាធារណៈ​លើ​កូរ៉េ​ខាង​ជើង​ដែល​ពឹង​ស្ទើរ​តែ​ទាំង ​ស្រុង​លើ​ប្រទេស​ធំ​ជិត​ខាង​ខ្លួន​ដើម្បី​ការ​រើប​ឡើង​វិញ​ខាង​សេដ្ឋកិច្ច​ ក្តី។
ប្រមុខ​គោល​នយោបាយ​បរទេស​សហភាព​អឺរ៉ុប​លោក​ស្រី ខេធើរីន អាស្តុន កាល​ពី​ថ្ងៃ​សៅរ៍​ក៏​បាន​ជំរុញ​កូរ៉េ​ខាង​ជើង​បោះ​បង់​ចោល​ផែន​ការ​ដើម្បី ​បាញ់​រ៉ុក្កែត​នេះ​ដែរ​។
សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​ការិយាល័យ​របស់​លោក​ស្រី​អាស្តុន​ បាន​និយាយ​ថា​៖ «​តំណាង​ជាន់​ខ្ពស់​ អំពាវ​នាវ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ជាក់​ជា​បន្ទាន់​ថា ខ្លួន​នឹង​មិន​បាញ់​ទេ ងើយ​បន្ត​កិច្ចការ​ស្តី​ពី​ការសង​ទំនុក​ចិត្ត​ទៅ​វិញ​ទៅ​មក​»​។
រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ​លោក​ស្រី​ ហ៊ីឡារី គ្លីនតុន កាល​ពី​ថ្ងៃ​សុក្រ បាន​ហៅ​ការ​ប្រកាស​អំពី​បាញ់​មីស៊ីល​នេះ​ថា ​ជា​ការ​បង្ក​ហេតុ​កម្រិត​ខ្ពស់​មួយ​ ដោយ​ប្រាប់​កូរ៉េ​ខាង​ជើង​ថា វា អាច​រំលោភ​កិច្ច​ព្រម​ព្រាង​ប្តូរ​យក​ជំនួយ​ពី​ខែ​មុន​ ឲ្យ​បញ្ឈប់​ការ​ធ្វើ​តេស្តនុយ​ក្លេអ៊ែរ និង​ការ​ចម្រាញ់​ជាតិ​អ៊ុយ​រ៉ានីញ៉ូម៕

Comments system

Disqus Shortname