Sunday, March 18, 2012

អង្គភាពគាំពារជនរងគ្រោះ រៀបចំវេទិកាសាធារណៈ សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី នៃសំណុំរឿង០០២

ភ្នំពេញ៖ អង្គភាពគាំពារជនរងគ្រោះ នៃអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀប ចំវេទិកាថ្នាក់តំបន់លើកទី១ ក្នុងឆ្នាំ ២០១២នេះ នៅខេត្តកំពង់ស្ពឺ សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២០០ នាក់ នៃសំណុំរឿង០០២។ វេទិកាថ្នាក់តំបន់នេះ បានធ្វើនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃសុក្រ ទៅ ១៦ ខែមីនា ឆ្នាំ ២០១២។ អត្តសញ្ញាណរបស់ដើមបណ្តឹងរដ្ឋប្បវេណី នឹងត្រូវបានរក្សាជា សម្ងាត់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងថា លោកអ៊ឹម សុភា ប្រធាន កម្មវិធីផ្សព្វផ្សាយនៃអង្គភាពគាំពារជនរងគ្រោះ
បានថ្លែងថាវេទិកាថ្នាក់តំបន់នេះរៀបចំឡើង មានគោល បំណងបីធំៗ ក្នុងនោះ ទី១ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីការវិវឌ្ឍរបស់ អ.វ.ត.ក ទាក់ទងនឹងសំណុំរឿង ០០២ ដល់ដើមបណ្តឹងរដ្ឋប្បវេណី។ ទី២ ដើម្បីឲ្យដើមបណ្តឹងរដ្ឋប្បវេណី ទទួលបានការពន្យល់ពីមេធាវី របស់ខ្លួននូវដំណើការ នៃការបំបែកនីតិវីធីសំណុំរឿង០០២ ដែលកំពុងជម្រះក្តីជាផ្នែកៗដាច់ពីគ្នា និង ទី៣ ដើម្បីឲ្យដើមបណ្តឹងរដ្ឋប្បវេណីទាំងនោះប្រើប្រាស់សិទ្ទិរបស់ខ្លួន។
លោក អ៊ឹម សុភា បានបន្ថែមឲ្យដឹងថា ដើមបណ្តឹងរដ្ឋប្បវេណីទាំង ២០០នាក់ ដែលចូលរួមក្នុងវេទិកា សាធារណៈនេះគឺជាដើមបណ្តឹងរដ្ឋប្បវេណី ដែលបានធ្វើដំណើរមកពីខេត្តកណ្តាល កំពត ព្រៃវែង និង កំពង់ស្ពឺ មិនដែលធ្លាប់បានចូលរួមស្តាប់សវនាការនៃសំណុំរឿង០០២ក្នុងត្រីមាសទី១ ឆ្នាំ២០១២ នេះ ទេ។ សំណុំរឿង ០០២ មានដើមបណ្តឹងរដ្ឋប្បវេណីសរុបទាំងអស់ ៣.៨៦៤ នាក់។
លោកអ៊ឹម សុភា បានគូសបញ្ជាក់ថា៖ «ដើម្បីធានាឲ្យបាននូវការចូលរួមក្នុងប្រព័ន្ធ តុលាការដ៏មាន ប្រសិទ្ធិភាព អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ សុទ្ធតែទទួលបានមេធាវី តំណាងផ្នែកច្បាប់ ដោយមានមេធាវីសរុបចំនួន ៥៧ នាក់ ក្នុងនោះមានមេធាវីបរទេសចំនួន ៤១នាក់ និងមេធាវីជាតិ ១៦ នាក់ក្នុងបញ្ជីឈ្មោះមេធាវីដែលរក្សាដោយអង្គភាពយើង»។
ប្រធានកម្មវិធីផ្សព្វផ្សាយនៃអង្គភាពគាំពារជនរងគ្រោះ ក៏បានគូសបញ្ជាក់ផងដែរវេទិកាថ្នាក់តំបន់នេះ នឹងផ្តល់ឳកាសពិសេសសម្រាប់មេធាវីដើមបណ្តឹងរដ្ឋប្បវេណី និងដើមបណ្តឹងរដ្ឋប្បវេណីទាំង២០០នាក់ បានជួបគ្នាដើម្បីពិភាក្សាពន្យល់អំពីការវិវិឌ្ឍន៍ថ្មីៗ នៃសំណុំរឿង០០២ និង ស្វែងយល់អំពីដំណាក់កាល ដែលដើមបណ្តឹងរដ្ឋប្បវេណីទទួលរងគ្រោះដោយឧក្រិដ្ឋកម្មផ្សេងៗគ្នាត្រូវចូលរួមនៅក្នុងដំណើរការកាត់សេចក្តីជាផ្នែកៗដាច់ពីគ្នានេះ។ ជាងនេះទៅទៀត ដើមបណ្តឹងរដ្ឋប្បវេណី ដែលបានចូលរួមនៅក្នុង វេទិកានេះ ទទួលបានវិទ្យុម្នាក់ៗចំនួនមួយដើម្បីអាចបើកស្តាប់ ពីការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ នានា ស្តីពីដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម។
តាមការសង្កេតឃើញ ក្នុងវេទិការនោះ ដើមបណ្តឹងរដ្ឋប្បវេណីទាំងនេះមាន ការរីករាយ និងសប្បាយ ចិត្តក្នុងការចូលរួមវេទិកាសាធារណៈ សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីនេះ។ មិនតែប៉ុណ្ណោះនៅក្នុងវេទិកា សាធារណៈនេះក៏មានការចុះនូវកម្រងពាក្យសុំទោស និងការថ្លែងទទួលខុសត្រូវរបស់ឌុច ចំពោះឧក្រិដ្ឋ កម្មដែលគាត់បានធ្វើផងដែរ។ អង្គភាពគាំពារជនរងគ្រោះមានផែនការរៀបចំវេទិកាថ្នាក់តំបន់ចំនួន៨លើកក្នុងឆ្នាំ២០១២-២០១៣ ស្ថិតក្នុងគម្រោង«អត្ថន័យនៃការចូលរួមរបស់ជនរងគ្រោះក្នុងដំណើការនីតិវិធីអ.វ.ត.ក»។ កាលពីឆ្នាំ ២០០៩-២០១១ អង្គភាពគាំពារជនរងគ្រោះ នៃសាលាក្តីខ្មែរក្រហមបានរៀបចំវេទិកាថ្នាក់តំបន់ចំនួន ១៤ លើករួចមកេហើយស្ថិតក្នុងក្របខ័ណ្ឌគម្រោង «ការធ្វើឲ្យប្រសើរឡើងដល់ការចូលរួម របស់ជនរង គ្រោះក្នុងដំណើការនីតិវិធី អ.វ.ត.ក» ដោយមានការចូលរួមពី សំណាក់ដើមបណ្តឹងរដ្ឋប្បវេណីជាង ៣០០០នាក់។
បើតាមលោក អ៊ឹម សុភា ភារៈកិច្ចដ៏ចម្បងរបស់អង្គភាពគាំពារជនរងគ្រោះ គឺការជួយគាំទ្រ និងជួយ សម្របសម្រួលការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការនីតិវិធី នៃ អ.វ.ត.ក ឲ្យមានប្រសិទ្ធភាពខ្ពស់ និងបំពេញកិច្ចការ ក្រៅបច្ចេកទេសតុលាការមួយចំនួនទៀតផងដែរ។ ដើម្បីសម្រេចបាននូវបេសកកម្ម ខាងលើនេះ អង្គភាពគាំពារជនរងគ្រោះបានពង្រឹង និងពង្រីកសកម្មភាពរបស់ខ្លួនជាពិសេសធ្វើការងារ ដោយផ្ទាល់ និងដោយប្រយោលជាមួយជនរងគ្រោះ ដែលបានដាក់សំណុំបែបបទមកកាន់តុលាការ។ អង្គភាពក៏បានសហការយ៉ាងជិតស្និទ្ធផងដែរ ជាមួយដៃគូរដែលពាក់ព័ន្ធមួយចំនួនទៀត រួមមានអង្គការ អន្តរការី ដើម្បីឲ្យការងារនេះទទួលបាននូវភាពជោគជ័យ៕(dapnews)

Comments system

Disqus Shortname