Friday, March 9, 2012

តន្ត្រី​សប្បុរស​ធម៌​ដើម្បី​ជួយ​កុមារ​រង​គ្រោះ​ព្យុះ​រលក​យក្ស​ស៊ូណាមិ​ជប៉ុន

លោក សូ ស្រណោះ (រូបកណ្ដាល) ក្នុង​កម្មវិធី​​ប្រគំ​​តន្ត្រី​​មិត្តភាព​​លើក​​ទី​៥​​នៃ​​កម្ពុជា-ជប៉ុន​​។ រូបថត អ៊ូ មុំ
នៅ​រាត្រី​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​នឹង​មាន​ការ​ប្រគំ​តន្រ្តី​សប្បុរស​ធម៌ ​មួយ ដោយ​វា​ក៏​ជា​ការ​រឹត​បន្តឹង​ចំណង​មិត្ត​ភាព​កម្ពុជា-ជប៉ុន​បន្ថែម​ទៀត ក្នុង​ការ​ប្រមូល​ថិវកា សម្រាប់​ជួយ​សង្រ្គោះ​ដល់​កុមារ​កំព្រា​រង​គ្រោះ ដោយ​បាតុភូត​ធម្ម​ជាតិ ​គ្រោះ​រញ្ជួយ​ដី និង​ព្យុះ​រលក​យក្ស​ស៊ូណាមិ កាល​ពី​ឆ្នាំ​មុន។
ការ​ប្រគំ​តន្រ្តី​នេះ​ត្រូវ​រៀប​ចំ​ដោយ​ក្រុម​តន្រ្តី​សាលា​រៀន​ស្រណោះ( Srornos Music School) ក្រោម​ការ​ឧប​ត្ថម្ភ​ដោយ​ស្ថាន​ទូត​ជប៉ុន ដោយ​ត្រូវ​រៀប​ចំ​នៅ​ឯ​សណ្ឋាគារ​អាំងទែកុង​ទីណង់តាល់។ នា​ឱកាស​នោះ​អតីត​អ្នក​លេង​ព្យាណូ​ដ៏​ល្បីល្បាញ​សញ្ជាតិ​អ៊ីតាលី លោក ជូលៀន ឡារិន ហ្គាហ្គីឡូ ក៏​នឹង​មក​ចូល​រួម​ការ​ប្រគំ​តន្រ្តី​នោះ​ដែរ។

លោក សូ ស្រណោះ គឺ​ជា​និស្សិត​ថ្នាក់​ម៉ាស្ទ័រ​ផ្នែក​តន្ត្រី​ក្លាសស៊ីក (Classical Music)​កំពុង​តែ​សិក្សា​នៅ​ឯ​ទីក្រុង​ហ៊ីរូស៊ីម៉ា​ប្រទេស​ជប៉ុន ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។ ដោយ​សារ​តែ​លោក សូ ស្រណោះ បាន​ឃើញ​ពី​សោក​នាដកម្ម​គ្រោះ​រលក​ស៊ូណាមិ​ដ៏​កាច​សាហាវ​នៅ​ជប៉ុន លោក​ក៏​មាន​អារម្មណ៍​សោក​ស្តាយ​ណាស់​ដែរ។
លោក បាន​ថ្លែង​ថា៖ «​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​មក ខ្ញុំ​មាន​អារម្មណ៍​ថា​សោក​ស្តាយ​ខ្លាំង​ណាស់​នូវ​អ្វី​ដែល​បាន​កើត​ឡើង។ ខ្ញុំ​មាន​បំណង​ថា​ចង់​ធ្វើ​អ្វី​មួយ ដើម្បី​ជួយ​ដល់​កុមារ​នៅ​ជប៉ុន»។
លោក ស្រណោះ​ ដែល​កំពុង​បង្រៀន​សិស្ស​១០៣​នាក់​ឯ​សាលា​របស់​លោក ​​នោះ ​ ក៏​បាន​រៀប​ចំ​ព្រឹត្តិ​ការណ៍​ប្រគំ​តន្ត្រី​មួយ​ដើម្បី​បង្ហាញ​ដល់​ទស្សនិក ​ ជន​កម្ពុជា។ មុន​ពេល​ចាក​ចេញ​ពី​ទីក្រុង​ហីរូស៊ីម៉ា លោក​បាន​ផ្តល់​ព្យាណូម៉ាក យ៉ាម៉ាហា ដ៏​ធំ​មួយ​ដល់​សិស្ស​កម្ពុជា ​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាលា​លោក ហើយ​ក៏​ដើម្បី​យក​មក​ប្រើ​សម្រាប់​ការ​សម្តែង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ដែរ។
ដោយ​ឡែក​ចំពោះ​អតីត​តារា​លេង​ព្យាណូ​ដ៏​ល្បី ហ្គាហ្គីឡូ ត្រូវ​បាន​លោក យូមី អាណា អូណូ ជា​គ្រូ​តូរ្យ​តន្ត្រី និង​ភរិយា​លោក​ស្រី យូសី អាប៊ី ដែល​ជា​លេខា​ទី​២​នៃ​មន្រ្តី​ការ​ទូត​ជប៉ុន បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​តែ​ម្តង។ វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ស័ក្តិសម​សម្រាប់​លោក ហ្គាហ្គីឡូ ចូល​រួម​ណាស់ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​មួយ​មាន​មូលដ្ឋាន​នៅ​អាមេរិក​មាន​មូលនិធិ របស់​ក្មេង​ចំនួន ១៦ ០០០ នាក់​សហ​ការ​គ្នា​ដោយ​ក្រុម​តន្រ្តីករ វិចិត្រករ និង​អ្នក​ផលិត​ខ្សែ​ភាពយន្ត ដើម្បី​ផ្តល់​ការ​យល់​ដឹង​ពី​អត្រា​កុមារ​នៅ​លើ​ពិភព​លោក​ស្លាប់​ដោយ​សារ ភាព​អត់​ឃ្លាន ឬ គ្រោះ​ទុរ្ភិក្ស​ជា​រៀង​រាល់​ថ្ងៃ។
គេ​សង្កេត​ឃើញ​ថា ​អត្រា ២០ ភាគរយ​នៃ​ការ​ជួយ​ផ្នែក​អភិវឌ្ឍ​នៅ​កម្ពុជា​បាន​មក​ពី​ជប៉ុន ដែល​វា​ជា​ចំនួន​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​តិច​ទេ ដែល​រស់​នៅ​រាជ​ធានី​ភ្នំពេញ​មានក្តី​សោមនស្ស​រីករាយ​ចំពោះ សមិទ្ធផល​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​ជួយ​កសាង​ភ្ជាប់​ស្ពាន​មិត្ត​ ភាព​កម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយ​ចង្វារ) នា​ឆ្នាំ​១៩៩៣​មក​នោះ។ ស្ពាន​នេះ​ត្រូវ​ត​ភ្ជាប់​ឡើង​វិញ​ជិត​២០​ឆ្នាំ​មក​ហើយ​ដែរ ខណៈ​វា​ត្រូវ​បាន​គេ​ផ្តាច់​នៅ​ក្នុង​សម័យ​រដ្ឋ​ប្រហារ លន់ នល់ និង​សម័យ​ខ្មែរ​ក្រហម​នា​ឆ្នាំ​១៩៧៣។

ការ​ប្រគំ​តន្ត្រី​នេះ​នឹង​ចាប់​ផ្តើ​ម​នៅ​ម៉ោង ៦ ល្ងាច ថ្ងៃ​សៅរ៍ ទី​១០ ខែ​មីនា នៅ​សណ្ឋាគារ​អាំង​ទែរកុងទីណង់តាល់។ សំបុត្រ​ចូល​រួម​តម្លៃ ១០​ដុល្លារ​អាមេរិក​សម្រាប់​មនុស្ស​ធំ និង ៥ ដុល្លារ​អាមេរិក​សម្រាប់​កុមារ៕ PR

Comments system

Disqus Shortname