ខេត្តរតនគិរី ៖
ឈើប្រណីតប្រភេទធ្នង់ដែលឈ្មួញទុច្ចរិតមួយចំនួនបានអារច្រកក្នុង
ឡាំង៤ជ្រុង លាក់ទុកត្រៀមដឹកជញ្ជូនទៅប្រទេសវៀតណាម
ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកវើនសៃ ស្រុកតាវែង
និងស្រុកអូរយ៉ាដាវ
សហការជាមួយត្រូវ
រដ្ឋបាលព្រៃឈើធ្វើការរុករកប្រទះឃើញ
និងរឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ
ដើម្បីធ្វើកំណត់ហេតុ។
ប្រតិបត្តិការនេះធ្វើឡើងរយៈពេលបីថ្ងៃជាប់គ្នា គឺថ្ងៃទី៦,
៧ និងទី៨ មីនា ក្នុងភូមិសាស្ត្រស្រុកទាំងបីខាងលើ ។
លោកសុខ មីន
មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ
បានដឹកនាំកម្លាំងចំនួន៦នាក់ចុះស្រាវជ្រាវរុករកឃើញឈើប្រណីត
រាប់រយដុំដែលឈ្មួញលាក់ទុកតាមដងទន្លេសេសាន្ត
ត្រង់ចំណុចក្បាលកោះក្នុងភូមិសាស្ត្រភូមិប្តល ឃុំសេសាន្ត
ស្រុកអូរយ៉ាដាវ ។ លោកសុខ មីន បានប្រាប់ក្រុមអ្នកកាសែតថា
លោកទទួលបញ្ជាពីលោកអភិបាលស្រុកចុះស្រាវជ្រាវតាមពាក្យបណ្តឹង
របស់ប្រជាពលរដ្ឋរស់នៅភូមិប្តល ដែលបានរាយការណ៍ថា
មានការរំខានដល់ដំណេកពួកគាត់នៅពេលយប់
ព្រោះមានគេទម្លាក់ឈើក្តុងក្តាំងក្បែរលំនៅឋានពួកគាត់ ។
លោកបានបន្តទៀតថា ឈើដែលរុករកឃើញនេះ
គឺប្រភេទធ្នង់ដាក់ក្នុងឡាំង៤ជ្រុង ហើយឈើខ្លះនៅលើគោក
និងខ្លះទៀតនៅក្នុងទឹក បើតាមការប៉ាន់ស្មានប្រហែល១០ម៉ែត្រគូប ។
ក្នុងរយៈពេលបីថ្ងៃនោះដែរកម្លាំងរដ្ឋបាល
ព្រៃឈើអូរជុំ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ
ក៏បានរុករកឃើញឈើប្រណីតប្រភេទធ្នង់ដូចគ្នានេះក្នុងភូមិ
សាស្ត្រស្រុកវើនសៃ និងក្នុងស្រុកតាវែង
ដែលលើកទីមួយបានឈើចំនួន៨០ដុំ នៅលើទី២
ចំនួន២០ដុំ
ហើយក៏បានដឹកជញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តផងដែរ ៕(KOH)