Thursday, March 8, 2012

អេលាន ហាង​លក់​សម្លៀក​បំពាក់ និង​សម្ភារ​បុរស

«អេលាន» គ្រាន់​តែ​ឃើញ​ពាក្យ​នេះ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ងឿង​ឆ្ងល់ ​ថា​តើ​វា​ជា​ស្អី​ទៅ​​? ជា​ធម្មតា ពាក្យ​ថា «Alien» មាន​ន័យថា ពពួក​សត្វ​ចម្លែក​រស់​នៅ​ភព​ក្រៅ ឬ​ជន​អន្ដោប្រវេសន៍​ខុស​ច្បាប់​អ្វី​មួយ​ហើយ​។ តាម​ការ​ពិត «អេលាន»​ គឺ​ជា​ហាង​លក់​សម្លៀក​បំពាក់​បុរស​ទាន់​សម័យ​មួយ​ដែល​ទស្សនាវដ្តី ​LIFT ​ចង់​ណែ​នាំ​យុវ​វ័យ​ទាំង​អស់​គ្នា​ឲ្យ​បាន​ស្គាល់​នៅក្នុង​សប្ដាហ៍​នេះ។ ​
នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ម្តង​ៗ​ អ្នក​ប្រាកដ​ជា​បាន​ឃើញ​នូវ​ហាង​លក់​សម្ភារ​​អេឡិច​ត្រូនិក​​ និង​ហាង​លក់​​សម្លៀក​​បំពាក់​យុវវ័យ​ទាន់​សម័យ​ជា​ច្រើន​ ដែល​មាន​ការ​រចនា និង​​​រៀប​ចំ​តុប​តែង​តាម​លក្ខណ​ពិសេស​ប្លែកៗ​គ្នា។ ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ​ អ្នក​ដំណើរ​នឹង​
មានការ​ចម្លែក​ក្នុង​អារម្មណ៍​ ដែល​បាន​ឃើញ​នូវ​ហាង​សម្លៀក​បំពាក់​ថ្មី​ស្រឡាង​មួយ​ស្ថិត​នៅ​ផ្ទះ​លេខ​ ១៥៧​-១៥៩ ​ផ្លូវ​កម្ពុជា​ក្រោម ខាង​លិច​ផ្សារ​ស៊ីដនី​ រាជធានី​ភ្នំពេញ​។
ហាង​សម្លៀក​បំពាក់ «​អេលាន» ​ត្រូវ​​បាន​រចនា​ម៉ូដ​គួរ​ឲ្យ​ទាក់​ទាញ​ដ៏​ពិសេស​ ជាមួយ​នឹង​ផ្ទៃ​ពណ៌​ខ្មៅ​ អក្សរ​ស្លាក​យីហោ​ពណ៌​ទឹក​ប្រាក់ស្រ​មោល​ព្រាល​ៗ​ រួមផ្សំ​នឹង​ឈ្មោះ​យីហោ​ដ៏​ស្រស់​ស្អាត ធ្វើ​ឲ្យ​មិត្ដភក្ដិ​ និង​រូប​ខ្ញុំ​ មិន​អាច​មើល​រំលង​បាន​ឡើយ​។​ គ្រាន់​តែ​​ឈាន​ជើង​ដើរ​ចូល​ដល់​ក្នុង​ហាង​ភ្លាម​ យើង​ខ្ញុំ​​មាន​អារម្មណ៍​ត្រជាក់​ប្រកប​ដោយ​ផាសុកភាព​ជា​ខ្លាំង និង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​រួស​រាយ​ពី​សំណាក់​បុគ្គលិក​បម្រើ​ការងារ​ នៅ​ទី​នោះ​។ ម្យ៉ាង​វិញ​ទៀត ការ​រចនា​ម៉ូដ​ក្រដាស​ផ្កា​លើ​ផ្ទៃ​ជញ្ជាំង ព្រម​ទាំង​​​គ្រឿង​សង្ហារិម​ពណ៌​ខ្មៅ​រលើប​រលោង ​​រំលេច​ទៅ​ដោយ​ពន្លឺ​ភ្លើង​ដ៏​ស្រទន់​ កាន់​តែ​ធ្វើ​ឲ្យ​ «​អេលាន» មាន​ភាព​ទាក់​ទាញ​មួយ​កម្រិត​ទៀត​។​
នៅ​ទី​នោះ​ ក្រៅ​ពី​សម្លៀក​បំពាក់​បុរស​ធម្មតា​ «អេលាន» មាន​លក់​សម្ភារ​តុបតែង​ខ្លួន​សម្រាប់​បុរស​ទាន់​សម័យ​ជា​ច្រើន​ទៀត ដូចជា អាវ​យឺត​ ក្រវាត់​ក អាវ​ធំ ខោ​ខូវ​ប៊យ​ ស្បែក​ជើង​ និងកា​តាប ជាដើម​។​ បន្ទាប់​ពី​ដើរ​មើល​​សម្លៀក​បំពាក់​មួយ​សន្ទុះ ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ​ភ្លាម​ថា រាល់​ផលិតផល​ប្រើ ប្រាស់​ទាំង​អស់ សុទ្ធ​តែ​ជា​ម៉ាក ​«អេលាន»។​
ដោយ​ងឿង​ឆ្ងល់​ខ្លាំង​ពេក ខ្ញុំ​ក៏​សម្រេច​ចិត្ត​សួរ​បុគ្គលិក​ម្នាក់​នៅ​ទីនោះ។ លោក ជិន ស៊ី​ថាត ជា​អ្នក​គ្រប់​គ្រង​ឃ្លាំង​នៅ​ក្នុង​ហាង​លក់​​សម្លៀក​​បំពាក់​ «អេលាន» ​បាន​ពន្យល់​ប្រាប់​ថា​៖ «អេលាន​គឺ​ជា​ម៉ាក​សម្លៀក​​បំពាក់​ និង​​សម្ភារ​ប្រើប្រាស់​សម្រាប់​​បុរស​​ដ៏​​ល្បីល្បាញ​នៅ​ទី​ក្រុង​ហុង​កុង​ ហើយ​ត្រូវ​បាន​នាំ​ចូល​ផ្តាច់​មុខ​ដោយ​មជ្ឈមណ្ឌល​លក់​​សម្លៀក​​បំពាក់​លីម​ ហុង​»។ លោក​ បាន​បន្ថែម​​ថា ​សម្លៀក​បំពាក់​នៅ​ក្នុង​ហាង​អេលាន ​​មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី​១៥​ដុល្លារ​ទៅ​២៥​ដុល្លារ​តែ​ប៉ុណ្ណោះ​។
ដូច្នេះ ប្រសិន​បើ​មិត្ដ​យុវវ័យ​ចង់​ទិញ​សម្លៀក​បំពាក់ និង​សម្ភារ​ប្រើ​ប្រាស់​ប្លែក​ ហើយទាន់​សម័យ​ សូម​សាក​ល្បង​ទៅ​កាន់​ហាង​លក់​សម្លៀក​បំពាក់​អេលាន នេះ​ម្ដង​មើល​៕

Comments system

Disqus Shortname