Thursday, March 1, 2012

ផាក​ពិន័យ​កីឡាករ​​ប្រដាល់​ កាន់ សុវណ្ណ ដោយ​សារ​បាត់​មុខ​គ្មាន​មូល​ហេតុ

កីឡា​ករ​កាន់ សុវណ្ណ​ មក​ពី​ក្លឹប​យុវ​កីឡា​ខេត្ត​កណ្តាល​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​សង​ប្រាក់​ដល់​ស្ថានីយទូរទស្សន៍​ CTN ចំនួន​២​លាន​រៀល​ និង​បញ្ឈរ​ជើង​លែង​ឱ្យ​​ឡើង​សង្វៀន​ប្រកួត​​រយៈពេល​​១​ឆ្នាំ​ទៀត​ផង​ ក្នុង​ករណី​ដែល​កីឡា​ករ​រូប​នេះ​ បាន​ធ្វើ​ឱ្យ​ខូច​​​ដល់​កម្ម​វិធី​ប្រកួត​ដោយ​បាន​បាត់​មុខ​គ្មាន​មូល​ហេតុ​ ​។​ប៉ុន្តែ​លោក​រាជ​ សុផែន ប្រធាន​ក្លឹប​យុវ​កីឡា​ខេត្ត​កណ្តាល​ បាន​សុំ​ការ​អនុ​គ្រោះ​សង​ត្រឹម​៥០​ភាគ​រយ​ស្មើ​នឹង​១​លាន​រៀល ហើយ​ទំ​នង​ជាលោក​​​​បណ្តេញ​កីឡា​ករ​រូប​នេះ​ឱ្យ​ចេញ​ពី​ក្លឹប​​ទៀត​ផង។
កីឡា​ករ​កាន់ សុវណ្ណ​ ត្រូវ​ជួប​ប្រកួត​ជា​មួយ​កីឡា​ករ​សុខ ចិន្តា មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា នៅ​ថ្ងៃ​សុក្រ​​ទី​២៤ កុម្ភៈ សប្តាហ៍​មុន​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ចុង​ក្រោយ​ពូល​ A ដើម្បី​ឈាន​ទៅដណ្តើម​ខ្សែ​ក្រវាត់​ភេសជ្ជៈ​ខារ៉ា​បាវ ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ប៉ុន្តែ​ស្រាប់​តែ​បាត់​មុខ​កីឡា​ករ​រូប​នេះ​ ដោយ​គ្មាន​ដំណឹង​អ្វី​ឡើយ ។ នៅរាល់​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​ ខាង​សហ​ព័ន្ធ​កីឡា​​​ប្រដាល់​កម្ពុជា​សុទ្ធ​តែ​បាន​ចែង​ច្បាប់​ប្រកួត​ទុក​ ជា​មុន​រួច​ជា​ស្រេច​និង
​ធ្វើ​ការ​ចែក​ជូន​គ្រប់​បណ្តា​ក្លឹប​ទាំង​អស់​​​ ដែល​បាន​បញ្ជូន​កីឡា​ករ​របស់​ខ្លួន​មក​ចូល​រួម​ប្រកួ​ត​ដើម្បី​ជ្រាប​ជា​ ដំណឹង​ទាំង​អស់​គ្នា​អំពី​លក្ខខណ្ឌ​ផ្សេង​ៗ​ ហើយ​គ្រប់​ភាគី​សុទ្ធ​តែ​បាន​ឯក​ភាព​ ព្រម​ព្រៀង​គ្នា​ផង​ដែរ ប៉ុន្តែ​​លើក​នេះ​​ការ​ដាក់​ពិន័យ​​រាង​ធ្ងន់​​​ជាង​មុន​ ។
ដូច្នេះ​ដើម្បី​ចង់​ដឹង​ថា ខាង​សហព័ន្ធ​គេ​មាន​ចំណាត់​ការ​បែប​ណា​ក្នុង​រឿង​នេះ​​ និង​ចង់​ដឹង​ថា​​អាច​ធ្វើ​បាន​ ឬ​អត់​នោះ​ ទើប​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ទី​២៨ កុម្ភៈ កន្លង​មក​ លោក​ម៉ា សេរី អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​ប្រដាល់នៅ​ CTN បាន​សំណូម​ពរ​ឱ្យ​មាន​ការ​ប្រជុំ​រក​ដំណោះ​ស្រាយ​មួយ​ជា​បន្ទាន់​ព្រោះ​ថា​ លោក​ក៏​ត្រូវ​ខាង​ម្ចាស់​ឧបត្ថម្ភ​កម្ម​វិធី​ស្តី​បន្ទោស​ដែរ ។ លោក​ឧត្តម​សេនីយ៍​ តែម​ ម៉ឺន ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ដែល​បាន​​មក​ចូល​រួម​ប្រជុំ​លើក​នេះ​​​ ក៏​បាន​ឯក​ភាព​​អំពី​បញ្ហា​ខាង​លើ​នេះ​ដែរ ព្រោះ​ថា​កន្លង​មក​លោក​តែង​តែ​ធ្វើ​ការ​ដាស់​តឿន​ជា​រឿយ​ៗ​ដល់​​​​កីឡា​ករ​​ គ្រប់​បណ្តា​ក្លឹប​ទាំង​អស់​ឱ្យ​ខិត​ខំ​គោរព​​វិន័យ​រក្សា​ឱ្យ​បាន​នូវ​ សីលធម៌​ ប៉ុន្តែ​ពួក​គេ​បាន​ត្រឹម​តែ​ស្តាប់​ចូល​ពី​ត្រចៀក​ម្ខាង​ និង​ចេញ​ទៅ​តាម​ត្រចៀក​ម្ខាង​ទៀតប៉ុណ្ណោះ ។
ទោះ​បី​យ៉ាង​ណា​លោក​ក៏​បាន​ឯក​ភាព​ចំពោះ​សំណើ​របស់​ លោក​រាជ សុផែន ដែល​សុំ​ចុះ​មក​នៅ​ពាក់​កណ្តាល​ ព្រោះ​លោក​យល់​ឃើញ​អំពី​គុណ​សម្បតិ្ត​របស់​លោក​រាជ សុផែន ដែល​ធ្លាប់​ធ្វើ​ការ​ងារ​ល្អ​រយៈ​ពេល​កន្លង​មក​ ។ ចំណែក​​​លោក​ម៉ា សេរី បើ​ទោះ​ជា​លោក​​ឯក​ភាព​ក្នុង​រឿង​នេះ​មែន ​តែ​មើល​​ទៅ​មុខ​លោក​ដូច​ជា​មិន​សប្បាយ​ចិត្ត​សោះ ​ដោយ​សារ​តែ​រូប​លោក​​ត្រូវ​ទទួល​រង​នូវ​ការ​ដាក់​សម្ពាធ​ពី​​ថ្នាក់​លើ​ របស់​លោក​ដែរ ជាពិសេស​ខាង​ម្ចាស់​ឧបត្ថ​ម្ភ​កម្មវិធី​តែ​ម្តង​ ។ មាន​គ្រូ​ប្រដាល់​មួយ​ចំនួន​លួច​រិះ​គន់​ថា ចំណាត់​ការ​របស់​សហ​ព័ន្ធ​​នាពេល​នេះ​មិន​សូវ​ជា​ក្តៅ​ទាល់​តែសោះ​ ម្យ៉ាង​គេ​ខ្លាច​តែ​ក្លឹប​ផ្សេង​​​ទៀត​ធ្វើ​តាម​ ៕           

Comments system

Disqus Shortname