និស្សិត និង សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU)
ប្រមាណ២០០នាក់ នាព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ បាននាំគ្នាលត់ជង្គង់
ព្រមទាំងលើកដៃសំពះ នៅខាងមុខ ផ្ទាំងរូបថតដ៏ធំ របស់ សម្តេចតេជោ ហ៊ុន សែន
និងលោកជំទាវ គតិព្រឹទ្ធបណ្ឌិត ដែលដាក់តាំង នៅសាលប្រជុំដ៏ធំមួយ នៅជាន់ទី៦
នៃសាកលវិទ្យាល័យPPIU ដើម្បីទទូចសុំលោកទាំងពីរ ជួយដល់ សាកល វិទ្យាធិការ
របស់គេ គឺអ្នកស្រីទេព កូឡាប និងស្វាមី ឱ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន ។
លោក គង់ ប៊ុនធី សាស្ត្រាចារ្យផ្នែកច្បាប់ នៃសាកលវិទ្យាល័យPPIU បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នាខណៈនោះថា ពិធីថ្ងៃនេះ គឺដើម្បីជួបជុំអានលិខិត ជូនសម្តេចតេជោ អង្វករ ពីចម្ងាយ សុំសម្តេចជួយរកយុត្តិធម៌ ជួយដល់លោកស្រី ទេព កូលាប និងស្វាមី នៅក្រៅឃុំ ជាបណ្តោះ អាសន្ន ដើម្បីកសាងក្តីតាមផ្លូវច្បាប់ បានពេញលេញ និងមើលថែកូនតូចៗ ព្រមទាំងសាងសង់ សាកល វិទ្យាល័យPPIU បន្ថែមទៀត ។
លោកសាស្ត្រាចារបញ្ជាក់ថា “កន្លងមក មានការចោទប្រកាន់ទៅលើ លោក ហេង ឈាង ដែលជាបុគ្គលិករបស់ក្រុមហ៊ុន អានកូ ថាបានលួចលុយ ហើយក៏បាន ចាប់ខ្លួនគាត់ ព្រមជាមួយភរិយា របស់គាត់ គឺអ្នកស្រីទេព កូលាប ជាសាកលវិទ្យាធិការនៃPPIU ដែលការអនុវត្ត ការចាប់ខ្លួនរបស់ សាលាដំបូងរាជធានីភ្នំពេញនេះ គឺមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ទេ ហើយការចោទប្រកាន់ លោក ហេង ឈាង និងអ្នកស្រីទេព កូលាប ថាលួចលុយជាង៥៨លានដុល្លារនោះ គឺប្រាក់នោះ មិនមាន បាត់បង់ទេ គឺមានលិខិតបញ្ជាក់ពីធនាគារច្បាស់លាស់ តែបច្ចុប្បន្នលោកស្រីទេពកូលាប និងស្វាមី នៅតែកំពុងជាប់ ឃុំឃាំងនៅឡើយ” ។
យុវនិស្សិត ស៊ុំ សាម៉ាច ជានិស្សិតឆ្នាំទី៣ ជំនាញអក្សរសាស្រ្តអង់គ្លេស នៃ សាកលវិទ្យាល័យ PPIU ដែលបានចូលរួមលត់ជង្គង់សំពះ រយៈពេលប្រមាណ១នាទីនោះ បានឱ្យដឹងថា ក្នុងនាមលោកជា អ្នកសិក្សា និងជានិស្សិត មួយរូប លោក សូមសើ្នសុំអង្វរដល់សម្តេចតេជោ សូមជួយរកយុត្តិធម៌ ប្រកបដោយ គតិយុត្តិធម៌ ដើម្បីឱ្យអ្នកស្រីទេព កូលាប និងស្វាមីរបស់គាត់ បាននៅក្រៅឃុំ ដើម្បីសាងសង់សាលាបន្ថែមទៀត និងមើលថែកូនតូចៗរបស់គាត់ ។
គួរបញ្ជាក់ថា លោក ហេង ឈាង ជាអគ្គនាយករងក្រុមហ៊ុនអានកូ និងអ្នកស្រីទេព កូលាប ជាភរិយា ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ តាមដីកាបញ្ជារបស់តុលាការពាក់ព័ន្ធនឹងបទល្មើសរំលោភលើ សេចក្ដីទុកចិត្ត នូវទឹកប្រាក់ប្រមាណ ៥៨លានដុល្លារអាមេរិក ដែលប្ដឹងដោយលោកឧកញ៉ាកុក អានប្រធានក្រុមហ៊ុនអានកូ ប្រាឌ័រ ហើយត្រូវបាន ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ ប្រកាសសាលក្រម កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១កន្លងទៅ ដោយ ផ្តន្ទាទោស អ្នកទាំងពីរ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ៤ឆ្នាំ និង៦ខែ ។ សំណុំរឿងនេះ នឹងត្រូវសាលាឧទ្ទរណ៍ បើកសវនាការដល់អង្គសេចក្តី ជាថ្មីម្តងទៀត នៅរសៀល ថ្ងៃព្រហស្បតិ្ត ទី១ ខែមិនា ឆ្នាំ២០១២ នេះ ៕