Friday, March 2, 2012

ព្រឹត្តិការណ៍​ប្រណាំង​កង់​សប្បុរសធម៌​ចុង​សប្ដាហ៍​ក្រោយ​ឯ​ខេត្ត​ព្រះ​សីហនុ

ព្រះ​សីហនុៈ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​កិត្តិស័ព្ទ​ល្អ​នៅ​ក្នុង​សមាជិក​នៃ​ក្លិប​ ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​ក្នុង​​ពិភពលោក​មក យើង​សង្កេត​ឃើញ​ថា មាន​ការ​បង្កើត​ព្រឹត្តិការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ច្រើន​នៅ​លើ​ទឹក​ដី​នៃ​តំបន់​ឆ្នេរ​កម្ពុជា​ហូរហែ​ផង​ដែរ។ អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ Village Focus International មាន​គម្រោង​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ប្រណាំង​កង់ នៅ​ឯ​ខេត្ត​ព្រះ​សីហនុ​នា​ថ្ងៃ​ទី១០ ខែ​មីនា ខាង​មុខ​តែ​ម្តង។ ការ​ប្រកួត​បែង​ចែក​ជា​ពីរ​ប្រភេទ​ចម្ងាយ ​គឺ ២០ គីឡូ​ម៉ែត្រ និង ៦០​គីឡូ​ម៉ែត្រ ដើម្បី​ឲ្យ​អ្នក​ចូល​រួម​ប្រកួត​ទាំង​អស់​បាន​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​
ត្រកាល​នៃ​សម្រស់​ឆ្នេរ​សមុទ្រ​កម្ពុជា ជាមួយ​នឹងគ​ម្រោង​ការពារ និង ​គាំទ្រ​កុមារ​របស់​អង្គ​ការ។
យោង​តាម​លោក ហង្ស ពិផល នាយក​នៃ​អង្គ​ការ Village Focus International បាន​ឲ្យ​ដឹង​ថា ព្រឹត្តិ​ការណ៍​បើក​ទូលាយ​សម្រាប់​បេក្ខ​ជន​ចុះ​ឈ្មោះ​ចូល​រួម​មាន​លក្ខណៈ​ ទូលាយ ដូច​ជា​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះ​សីហនុ ​ដោយ​មាន​ដៃ​គូ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​ស្រាបៀរ Kingdom សណ្ឋាគារ និង​រមណីយ​ដ្ឋាន សុខា ហាង​លក់​កង់ Flying Bikes 2 និង Off Road Cyclery។
លោក​បាន​និយាយ​ថា៖ «យើង​មាន​អារម្មណ៍​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​នូវ​ ព្រឹត្តិការណ៍​មួយ​នេះ​ឡើង​នៅ​ព្រះ​សីហនុ និង​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ប្រណាំង​កង់​ចូល​រួម​ប្រកួត​នៅ​តាម​ឆ្នេរ​ សមុទ្រ​ដ៏​ស្រស់​ស្អាត​នេះ»។
លោក ហង្ស ពិផល បាន​បន្ត​ទៀត​ថា៖ «ជោគ​ជ័យ​កាល​ពី​រៀប​ចំ​នៅ​ឯ​ទីលាន​ប្រកួត​នា​ទឹក​ដី​ប្រាសាទ​អង្គរ​វត្ត​ នៃ​ខេត្ត​សៀមរាប​កន្លង​មក​នោះ បាន​ជំរុញ​ឲ្យ​យើង​មាន​ចំណាប់​អារម្មណ៍​នេះ​បន្ត​នៅ​លើ​ទឹក​ដី​ឆ្នេរ​សមុទ្រ ​ផង​ដែរ។ យើង​សង្ឃឹម​ថា ឆ្នាំ​នេះ​នឹង​មាន​ក្រុម​កីឡា​ករ​ប្រណាំង​កង់​នៅ​ខេត្ត​ព្រះ​សីហនុ​ចូល​រួម​ ច្រើន​ជា​មិន​ខាន​ឡើយ»។
ដោយ​ឡែក​លោក​ស្រី ហាលី ញូវ​ហាម (Haley Newnham) អ្នក​សម្រប​សម្រួល​ព្រឹត្តិការណ៍​ប្រណាំង​កង់​របស់​អង្គ​ការ ក៏បាន​ឲ្យ​ដឹង​ផង​ដែរថា អង្គការ​ក៏​បាន​រៀប​ចំ​ព្រឹត្តិ​ការណ៍​ប្រកួត​ប្រណាំង​កង់​បែប​នេះ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ នៅ​តំបន់​ទេសចរណ៍​ទឹកដី​អង្គរ​ផង​ដែរ ។
លោក​ស្រី​បន្ត​ថា៖ «​ជា​ធម្មតា​យើង​រៀបចំ​ការ​ប្រកួត​បែប​នេះ ​ចំនួន​ពីរ​លើក​ក្នុង​មួយ​ឆ្នាំ​គឺ​នៅ​ខែ​ធ្នូ និង​ខែ​មេសា»។
ក្រៅ​ពី​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​ កុមារ អង្គការ ដែល​បាន​ធ្វើ​ការ​តាំង​ពី​ឆ្នាំ​២០០៣​មួយ​នេះ​ក៏​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ ជំនាញ​អ្នក​ដឹក​នាំ​ក្នុង​ស្រុក​ផង​ដែរ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​របស់​សង្គម។
លោក​ស្រី​លើក​ឡើង​ថា៖ «​យើង​បាន​ធ្វើ​ការ​ជាមួយ​មជ្ឈ​មណ្ឌល​ការពារ​សិទ្ធិ​កុមារ​កម្ពុជា​ (CCPR) ដើម្បី​ជួយ​សង្គ្រោះ​កុមារ​ឲ្យ​រួច​ផុត​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ និង​បង្កើត​គម្រោង​ជួយ​ផ្នែក​អប់រំ​កុមារ​ក្រីក្រ​ឲ្យ​បាន​ចូល​សាលា​រៀន ផង​ដែរ»។
ព្រឹត្តិការណ៍​ប្រណាំង​កង់​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ​ក៏​ស្រប​ពេល​ជា​មួយ​ នឹង ​ព្រឹត្តិការណ៍​ប្រកួត​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ដែរ។ លោក​ស្រី​ ហាលី បាន​បន្ថែម​ឲ្យ​ដឹង​ថា ព្រឹត្តិ​ការណ៍​ប្រកួត​នឹង​តម្រូវ​ឲ្យ​ក្រុម​កីឡា​ករ​ទាំង​អស់​ឆ្លង​កាត់ តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដូច​ជា​ភូមិ​ដ្ឋាន​នានា​របស់​ប្រជា​ពល​រដ្ឋ តំបន់​កូន​ភ្នំ និង​បន្ត​មក​ដល់​តំបន់​ឆ្នេរ​សមុទ្រ។
ចំពោះ​ជន​បរទេស​អាយុ​លើស​ពី ១៦ ឆ្នាំ​ត្រូវ​ចំណាយ​ប្រាក់​៣៥​ដុល្លារ​អាមេរិក​សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​ ប្រភេទ ខណៈ​អ្នក​មាន​អាយុ​ក្រោម ១៦ ឆ្នាំ​ត្រូវ​ចំណាយ​តែ ១៨ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។
ចំណែក​កីឡា​ករ​កម្ពុជា​អាយុ​លើស ១៦​ឆ្នាំ​ត្រូវ​ចំណាយ​៧​ដុល្លារ​ខណៈ​អ្នក​មាន​អាយុ​ក្រោម​១៦​ឆ្នាំ​ត្រូវ​ ចំណាយ​៣​ដុល្លារ។ រាល់​តម្លៃ​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រួម​គឺ​រាប់​បញ្ចូល​ទាំង​អាហារ​ប៊ីប៊ី​ ឃ្យូ នៅ​ក្នុង​កម្មវិធី​​ផ្តល់​រង្វាន់​ដល់​ម្ចាស់​ជ័យ​លាភី តែ​មិន​បាន​បូក​បញ្ចូល​ដល់​មធ្យោបាយ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​របស់​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​ឡើយ។
ចំពោះ​ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍​ចង់​ចូលរួម​សកម្មភាព​កីឡា​ប្រណាំង​ កង់ ដើម្បី​សប្បុរសធម៌​នេះ លោក​អ្នក​អាច​ចុះ​ឈ្មោះ​ចូល​រួម​នៅ​តាម​ការិយាល័យៈ
- ហាង​លក់​កង់ Off Road Cyclery ផ្ទះ​លេខ ១៨ ផ្លូវ​ ៣៦០ ភ្នំពេញ ទូរ​ស័ព្ទ ០១២ ៥៥៥ ១២៣ (ការិយា​ល័យ​សម្រាប់​ជួល​កង់​ប្រណាំង)។
- ហាង​សម្លៀក​បំពាក់ adidas ផ្ទះ​លេខ ១៦៤ មហា​វិថី​នរោត្តម ភ្នំពេញ ទូរស័ព្ទ លេខ ០២៣ ៧២៦ ៩០៦ និង​សាខា​ខេត្ត​សៀមរាប​ផ្ទះ​លេខ ៥៩៨-៦០០ ផ្លូវ​ទេពវង្ស ភូមិ​មង្គល​មួយ ទូរ​ស័ព្ទ ០៦៣ ៩៦៥ ៩០៦។
- ការិយាល័យ​ទេសចរណ៍ ANA Travel នៅ​ផ្លូវ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះ​សីហនុ ទូរស័ព្ទ ០៣៤ ៩៣៣ ៧២៩។
សម្រាប់​ព័ត៌​មាន​លម្អិត ស្ដី​អំពី​ការ​ចូល​រួម​កម្មវិធី​ប្រណាំង​កង់​ និង​ការ​ជួយ​ឧបត្ថម្ភ​នានា​ សូម​ទំនាក់​ទំនង​ជា​មួយ​លោក​ស្រី ហាលី ញូវហាម (ជា​ភាសា​អង់គ្លេស) តាម​រយៈ​អ៊ីមែល hayley@villagefocus.org ឬ ទូរ​ស័ព្ទ​លេខ ០៩៧ ៩៥៩៤ ២៤៦ និង​ ទូច សោភ័ណ (ជា​ភាសា​ខ្មែរ) តាម​រយៈ​អ៊ីមែល sophorn@villagefocus.org ឬ​ទូរស័ព្ទ​លេខ ០១៦ ៩៩៩ ១៩៧៕

Comments system

Disqus Shortname