កំពង់ស្គឺៈ ផ្ទះប្រជាពលរដ្ឋ ចំនួន១៤ ខ្នង
នៅផ្លូវរទេះភ្លើង សង្កាត់រការធំ ក្រុងច្បារមន ត្រូវបានឆាបឆេះ ដោយអគ្គិភ័យនៅ
ម៉ោងប្រមាណ៣ និង៣០ នាទី រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១២។
អ្នកភូមិមួយចំនួនទៀត បានឲ្យដឹងថា អគ្គិភ័យនេះ កើតចេញពីការធ្វេស ប្រហែសក្នុង ការស្ងោរខ្ចៅរបស់ក្មេងៗ នៅក្បែរនោះ។ អ្នកស្រី ង៉ែ សារឿង អាយុ៤៦ ឆ្នាំ ដែលជាម្ចាស់ផ្ទះរងគ្រោះដោយការវាយប្រហារពីអគ្គិភ័យ បានឲ្យដឹងថា “ខ្ញុំបានឃើញ ភ្លើងឆេះចេញពីផ្ទះ នាង ម៉េត បន្ទាប់មកក៏រាលដាល មកដល់ផ្ទះខ្ញុំដែរ នៅក្បែរនេះ”។ អ្នកស្រី ង៉ែ សារឿង នៅមិនអាចបញ្ជាក់ ពីមូលហេតុនៃអគ្គិភ័យនេះបានទេ។
ចំពោះអ្នកស្រី ញ៉េប សារឿន ក៏បានឲ្យដឹងថា “នៅម៉ោង៣ និង៣០ នាទី ខ្ញុំបានឃើញភ្លើង ឆេះចេញពីដំបូលផ្ទះរបស់នាង ម៉េត ភ្លាមនោះដែរ វាបានរាលដាលយ៉ាងលឿន ហើយបាន បំផ្លាញទ្រព្យសម្បត្តិ និងសំភារៈក្នុងផ្ទះរបស់ខ្ញុំអស់រលីង”។ អ្នកស្រី ញ៉េប សារឿន បាន និយាយទៀតថា “ខ្ញុំមិនបានយកទ្រព្យសម្បត្តិមានតម្លៃនៅក្នុងផ្ទះចេញបានទេ ក្រៅតែពី កន្ទេល កញ្ចាស់មួយប៉ុណ្ណោះ”។
ជុំវិញនិងករណីនេះ ផងដែរ អាជ្ញាធរមូលដ្ឋាន និងអ្នកភូមិ នៅមិនទាន់អាចបញ្ជាក់ពីព័ត៌ មានច្បាស់ការទៅនិង ករណី ដែលបង្កឲ្យមានអគ្គិភ័យនោះទេ ក្រៅតែពីការសន្និដ្ឋានជំហាន ដំបូងរបស់អ្នកភូមិថា មកពីក្មេងៗនាំគ្នាស្ងោរខ្ចៅ នៅក្បែរផ្ទះនេះ៕(dap)