អ្នកស្រីឃួន ផាន់ណារី អគ្គលេខាធិការរង សមាគមអ្នកប្រជាធិបតេយ្យបានថ្លែងថា តំណាងៗសមាជិកសមាគមអ្នកប្រជាធិបតេយ្យមកពីខេត្តចំនួន ១០ បានដាក់ស្នាមមេដៃគាំទ្រស្នើសុំទៅស្ថានទូតទាំងអស់នោះ ជួយអន្តាគមន៍ ឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ព្រៃស។ អ្នកស្រីបញ្ជាក់ថា ៖«មូលហេតុដែលពួកយើងធ្វើដូច្នេះ ដោយសារតែពួកយើងយល់ថា លោកប្រធានពុំមានកំហុសនោះទេ។ គាត់ពុំមានការពាក់ព័ន្ធ ទៅនឹងការចោទប្រកាន់ថា នៅពីក្រោយការបង្កើតតំបន់អបគមន៍នោះឡើយ»។
ស្ថានទូតចំនួន ៩ ដែលត្រូវបានសមាជិកសមាគមអ្នកប្រជាធិបតេយ្យយកញតិ្តទៅដាក់ កាលពីម្សិលមិញ មានដូចជា ស្ថានទូតអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន កាណាដា ថៃនិងសិង្ហបុរី។ នៅថ្ងៃនេះ ពួកគេនឹងបន្តដើរដាក់ញតិ្តនៅគ្រប់ស្ថានទូត និងស្ថាប័នរដ្ឋាភិបាល ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍លើកលែងការចោទប្រកាន់និងដោះលែង លោកម៉ម សូណង់ដូ។ អ្នកស្រីបញ្ជាក់ថា ៖ «មកដល់ពេលនេះ យើងទទួលបានស្នាមមេដៃគាំទ្រចំនួន ៤៦០០០នាក់ហើយ»។
លោក ចាន់ ហ៊ន តំណាងសមាគមអ្នកប្រជាធិបតេយ្យមកពីស្រុកលើកដែក ខេត្តកណ្តាលបានឲ្យដឹងថា នៅក្នុងស្រុករបស់គាត់ មានពលរដ្ឋជាង ២០០០នាក់បានផ្តិតមេដៃគាំទ្រឲ្យដោះលែងលោក ម៉ម សូណង់ដូ បើទោះបីជាកន្លែងមួយចំនួនត្រូវបានអាជ្ញាធរធ្វើការរារាំងក៏ ដោយ។ លោកបន្តថា៖ «យើងអាណិតគាត់ ពីព្រោះគាត់ជាមនុស្សដែលធ្វើតែអំពើល្អ។ គាត់បានប្រាប់ពួកយើងឲ្យចេះប្រើសិទ្ធិក្នុងនាមប្រទេសប្រកាន់ លទ្ធិប្រជាធិបតេយ្យ»។ លោកគូសបញ្ជាក់ថា ប្រសិនបើលោកម៉ម សូណង់ដូបានប្រព្រឹត្តខុសពលរដ្ឋនឹងមិនគាំទ្រគាត់នោះទេ ហើយលោកសង្ឃឹមថា ស្ថានទូតដែលទទួលយកញត្តិនោះហើយនឹងជួយធ្វើអន្តរាគមន៍។
នៅ ខណៈពលរដ្ឋបានដើរដាក់ញត្តិស្វែងរកការអន្តរាគមន៍ពីបណ្តាស្ថាន ទូតអន្តរជាតិនោះលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាក៏បានជួបពិភាក្សា ជា មួយមេដឹកនាំសហជីពចំនួន ៧១នាក់ ដែលជាអ្នកតំណាង ៣៥រោងចក្រ ដើម្បីធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីក្រុមកម្មករ ដាក់ជូនស្ថាប័នពាក់ព័ន្ធ និងរដ្ឋាភិបាលផងដែរ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងលោកម៉ម សូណង់ដូ។
ចំណែកមេធាវីការពារក្តីលោកម៉ម សូណង់ដូ បានដាក់លិខិតទៅសាលាដំបូងរាជធានីស្នើសុំឲ្យកូនក្តីលោក នៅក្រៅឃុំផងដែរ។
លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីរបស់លោក ម៉ម សូណង់ដូបានឲ្យដឹងថា នៅថ្ងៃនេះ លោកនឹងដាក់លិខិតស្នើសុំទៅសាលាដំបូងរាជធានី ដើម្បីស្នើសុំឲ្យកូនក្តីរបស់លោក នៅក្រៅឃុំដោយយោងទៅតាមសុខភាពរបស់កូនក្តីលោក។ លោកបញ្ជាក់ថា៖ «ប្រសិនបើសាលាដំបូងបដិសេធពុំព្រមឲ្យកូនក្តីខ្ញុំនៅក្រៅឃុំ ទេនោះ គឺយើងមានជម្រើសពីរគឺខ្ញុំនឹងដាក់ទៅសាលាឧទ្ធរណ៍ឬក៏មួយខែទៀត ទើបធ្វើម្តងទៀត»។
លោកម៉ម សូណង់ដូ ត្រូវបានសាលាដំបូងរាជធានី ឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីថ្ងៃទី១៦ ខែកក្កដាក្រោមការចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នក រាជការសាធារណៈ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់និងប្រឆាំងនឹង អាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រា១ចំនួននៃក្រមព្រហ្មទណ្ឌ។
នេះ គឺជាការចាប់ខ្លួនដាក់ពន្ធនាគារលើកទីបីហើយ ដោយលើកទី១នៅក្នុងឆ្នាំ ២០០៣ ទាក់ទងនឹងកុបកម្មប្រឆាំងថៃ និងលើកទី ២ នៅក្នុងឆ្នាំ២០០៥ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះសន្ធិសញ្ញា ព្រំដែនបំពេញបន្ថែមកម្ពុជា-វៀតណាម។
មិនអាចទំនាក់ទំនងស្ថានទូតអាមេរិក និងស្ថានទូតបារាំងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕