មន្ត្រីស្ថានទូតជប៉ុនចេញមកជួបអ្នកភូមិបឹងកក់នៅមុខទូត និងទទួលយកញត្តិសុំកិច្ចអន្តរាគមន៍កាលពីថ្ងៃម្សិលមិញ។ រូបថត ឃុត សុភចរិយា |
ភ្នំពេញៈ ពលរដ្ឋក្នុងសហគមន៍បឹងកក់ប្រមាណ៥០នាក់ កាលពីម្សិលមិញ បានមកដាក់ញតិ្តស្នើសុំកិច្ចអន្តរាគមន៍សាជាថ្មី នៅតាមបណ្ដាស្ថានទូតនៃប្រទេសមហាអំណាចមួយចំនួនក្នុងប្រទេស កម្ពុជា ដើម្បីសុំការគាំទ្រលើសំណើដែលពួកគាត់ទាមទារឲ្យអាជ្ញាធររាជ ធានីភ្នំពេញចុះបោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ ហិកតាសម្រាប់ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លីនៅ ក្នុងសហគមន៍នេះ តាមការសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
ញតិ្ត របស់ពលរដ្ឋសហគមន៍បឹងកក់នេះ កាលពីម្សិលមិញបានយកទៅដាក់ មាននៅស្ថានទូតសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន បារាំង និងអង់គ្លេស ដើម្បីសុំកិច្ចអន្តរាគមន៍គាំទ្រឲ្យមានការបោះបង្គោលកំណត់ព្រំ ប្រទល់ដីទំហំ១២,៤៤ហិកតានោះ បានបញ្ជាក់ក្នុងញត្តិថា អាជ្ញាធររាជធានីភ្នំពេញកំពុងភ្ជាប់បញ្ហាដីធ្លីពួកគាត់ទៅនឹង បញ្ហានយោបាយ ខណៈបញ្ហាដីធ្លីនៅទូទាំងប្រទេស កំពុងត្រូវបានដោះស្រាយយ៉ាងរលូន តាមរយៈក្រុមយុវជនស្ម័គ្រចិត្ត «សម្ដេចតេជោ ហ៊ុន សែន»។
ទោះជាយ៉ាងណាក្តី ក្នុងញតិ្តនោះ ក្រុមអ្នកភូមិបានអំពាវនាវ សុំឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងរដ្ឋាភិបាល រួមទាំងសហគមន៍ជាតិ និងអន្តរជាតិ មេត្តាជួយជំរុញទៅអាជ្ញាធររាជធានីភ្នំពេញ ធ្វើយ៉ាងណាអនុវត្តការចុះបោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ហិក តានេះ ឲ្យបានឆាប់បំផុត ព្រោះវាជាមូលដ្ឋានក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លីក្នុង តំបន់នេះ និងដើម្បីការអភិវឌ្ឍទាំងអស់គ្នា។លោក ចាន់ ពុទ្ធិស័ក្ដិ ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់មកពីភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញ នៅមុខស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញថា ល្គឹកណាការបោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ហិកតា មិនត្រូវបានអនុវត្ត នោះក្ដីបារម្ភចំពោះការបណ្ដេញចេញពីលំនៅដ្ឋាននៅតែអាចកើតមាន ចំពោះប្រជាពលរដ្ឋនៅក្នុងសហគមន៍បឹងកក់ ពិសេសរូបគាត់និងអ្នកភូមិជាង៥០គ្រួសារទៀត ដែលនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីធ្លីនៅឡើយ។
លោកបាន ថ្លែងថា៖ «យើងមិនដឹងទេថា តើមានឧបសគ្គអ្វី ដែលបណ្ដាលឲ្យអាជ្ញាធរក្រុង រារែកក្នុងការអនុវត្តការចុះបោះបង្គោលកំណត់ព្រំប្រទល់ដីទំហំ ១២,៤៤ហិកតា ដែលជាការធ្វើប្រទានកម្មរបស់ប្រមុខរាជរដ្ឋាភិបាលជូនចំពោះប្រជា ពលរដ្ឋសហគមន៍បឹងកក់ខ្ញុំនេះ»។
ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅ ក្នុងតំបន់បឹងកក់ បានចាប់ផ្ដើមកើតឡើងតាំងពីឆ្នាំ២០០៧ គឺនៅពេលដែលក្រុមហ៊ុនស៊ូកាគូអ៊ីន បានបូមខ្សាច់ចាក់បំពេញបឹងដែលពលរដ្ឋជាងបួនពាន់គ្រួសាររស់នៅនេះ ឲ្យមានការលិចលង់ផ្ទះពលរដ្ឋនៅក្នុងតំបន់នេះ បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានចុះកិច្ចសន្យាជួលដីទំហំ១៣៣ហិកតាក្នុងតំបន់បឹងនេះ រយៈពេល៩៩ឆ្នាំ ប្រគល់ឲ្យទៅលោក ឡាវ ម៉េងឃីន ម្ចាស់ក្រុមហ៊ុនស៊ូកាគូអ៊ីន និងជាព្រឹទ្ធសមាជិកមកពីគណបក្សប្រជាជនកម្ពុជា៕