Wednesday, August 1, 2012

សម រង្ស៊ី​រំពឹង​ថា នឹង​បាន​មក​បោះ​ឆ្នោត​ឆ្នាំ ២០១៣

120731_05
ថ្នាក់​ដឹក​នាំ​គណ​បក្ស​សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​កិច្ច​សំណេះ​សំណាល​ពី​ម្សិល​មិញ​។ រូបថត វីរៈ ម៉ៃ
ភ្នំពេញៈ តាម​ប្រព័ន្ធ Skype ​ដែល​បញ្ចាំង ក្នុង​ទីធ្លា​របស់​គណបក្ស​សិទិ្ធ​មនុស្ស ក្នុង​រាជធានី​ភ្នំពេញ​ពី​ប្រទេស​បារាំង លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​ឯង បាន​អះ​អាង​កាល​ពី​ម្សិល​មិញ​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ហើយ​ធ្វើ​យុទ្ធនា​ការ​ឃោសនា ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៣ ខាង​មុខ​នេះ។
សម្តី​របស់​លោក សម រង្ស៊ី បាន​ធ្វើ​ឲ្យ​មាន​ការ​ទះ​ដៃ អបអរ​សាទរ ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ របស់​គណ​បក្ស​សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស ​ប្រមាណ​ជាង ៤០០ នាក់ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា នៅ​ក្នុង​ពិធី​សំណេះ​សំណាល​មួយ​កាល​ពី​ម្សិល​មិញ។ ថ្នាក់​ដឹក​នាំ និង​សមាជិក​គណបក្ស សិទិ្ធ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​មក​រាជធានី​ភ្នំពេញ ដើម្បី​ស្តាប់​ការ​ពន្យល់​ពី​ការ​បង្កើត​សម្ព័ន្ធ​ភាព​ថ្មី​របស់​គណបក្ស​ ទាំង​ពីរ គឺ​ចលនា​ប្រជា​ធិប​តេយ្យ​សង្គ្រោះ​ជាតិ។
លោក សម រង្ស៊ី ប្រធាន​ចលនា​ប្រជា​ធិប​តេយ្យ​សង្គ្រោះ​ជាតិ បាន​បន្ត​ថា សហរដ្ឋ​អាមេរិក នឹង​ជួយ​ត្រួស​ត្រាយ​ផ្លូវ ឲ្យ​លោក​បាន​វិល​ត្រឡប់​ដើម្បី​ដឹក​នាំ​គណបក្ស​ថ្មី។ លោក ព្រម​ជាមួយ​នឹង​លោក​ស្រី មូរ សុខហួរ និង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទិ្ធ​មនុស្ស នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក នៅថ្ងៃទី ៧ ខែ​សីហា ដើម្បី​ជួប​មន្រ្តី​សហរដ្ឋ​អាមេរិក និង​ពិភាក្សា​ពី​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នេះ។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា នឹង​មាន​ដំណោះ​ស្រាយ»។
លោក សម រង្ស៊ី ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ ដោយ​សារតែ​លោក​ត្រូវ​បាន​តុលា​ការ​ផ្តន្ទា​ទោស​ពាក់​ព័ន្ធ​ទៅ​នឹង​ការ រិះ​គន់​លើក​បញ្ហា​ព្រំ​ដែន​ដ៏​ចម្រូង​ចម្រាស រវាង​កម្ពុជា​ និង​វៀត​ណាម។ កាល​ពីឆ្នាំ ២០១០ តុលាការ បាន​ផ្តន្ទា​ទោស​លោក ដោយ​កំបាំង​មុខ ឲ្យ​ជាប់​ពន្ធ​នា​គារ​សរុប ១២ ឆ្នាំ ​ដោយ​សារ​តែ​លោក បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀត​ណាម និង​ប្រើ​ប្រាស់​ផែន​ទី Google មក​ចោទ​ប្រកាន់​ពីការ​ទន្ទ្រាន​ទឹក​ដី​កម្ពុជា ពី​សំណាក់​វៀត​ណាម។
លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទិ្ធ​មនុស្ស និង​ជា​អនុ​ប្រធាន​ចលនា​ប្រជា​ធិប​តេយ្យ​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ នៃ​គ្រោះ​មហន្ត​រាយ​យ៉ាង​ធ្ងន់ធ្ងរ បើ​គ្មាន​ថ្នាក់​ដឹក​នាំ​ថ្មី​ធ្វើ​ការ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ នោះ។
គ្រោះ​មហន្ត​រាយ ដែល​លោក​កឹម សុខា បាន​លើក​ឡើង គឺ​សំដៅ​ទៅ​លើ​ការ​ហូរ​ចូល​នៃ​ជន​អន្តោ​ប្រវេសន៍​វៀត​ណាម ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច ទៅ​ឲ្យ​ក្រុម​ហ៊ុន​បរទេស ជា​ពិសេស​ក្រុម​ហ៊ុន​វៀត​ណាម​រហូត​ដល់​ទៅ ៩៩ ឆ្នាំ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើង កាន់​តែ​ធ្លាក់​ខ្លួន​ក្រីក្រ ដោយ​សារ​តែ​បាត់​បង់​ដីធ្លី សម្រាប់​ធ្វើ​ស្រែ​ចម្ការ ហើយ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក និង​ការ​ដឹក​នាំ​ប្រទេស​ដោយ​បក្ស​ទោល​តែ​មួយ និង​មនុស្ស​ដដែលៗ ដែល​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​«របប​ផ្តាច់​ការ»។
លោក​ បាន​បញ្ជាក់​ថា៖ «​យើង​មិនឲ្យ​កម្ពុជា ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ឡើយ យើង​នឹង​សង្គ្រោះ​កម្ពុជា។ វៀត​ណាម និង​ចិន ជា​ប្រទេស​កុម្មុយ​នីស្ត ​ប៉ុន្តែ​គេ​បាន​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​របស់​ពួកគេ។ ចំណែក​កម្ពុជា មិន​ទាន់​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​នៅ​ឡើយ​ទេ គឺ​ដឹក​នាំ​ដោយ​មនុស្ស​ដដែលៗ»។
បន្ទាប់​ពី​ទទួល​បាន​សារ​ពី​មេដឹក​នាំ ​គណបក្ស សមាជិក​ដែលបាន​ប្រមូល​ផ្តុំ​កាល​ពី​ម្សិល​មិញ បាន​សន្យា​វិល​ត្រឡប់​ទៅ​វិញ និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​នៅ​ថ្នាក់​មូល​ដ្ឋាន អំពី​ការ​បង្រួប​បង្រួម​គ្នា​រវាង​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ។
លោក យូស សារឿន មេ​ឃុំ​ព្រែក​តាសា ខេត្ត​ព្រៃ​វែង បាន​ថ្លែង៖ «ខ្ញុំ​នឹង​ពន្យល់​ប្រជា​ជន ថា​តើ​ការ​បង្រួប​បង្រួម​គឺ​ដើម្បី​អ្វី»។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​ហៅ​ការ​គិត​របស់​លោក សម រង្ស៊ី ថា​ជា​គំនិត​ក្មេងខ្ចី។ លោក បាន​បន្ថែម​ថា៖ «​គាត់​បាន​មើល​មក​ខ្មែរ​ជា​អាយ៉ង​សហរដ្ឋ​អាមេរិក ឬ​អាយ៉ង​វៀតណាម។ នេះ​ជា​កំហុស​ធ្ងន់​ធ្ងរ​ណាស់»។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គ​ការ ខុម ហ្វ្រែល ដែល​ជា​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត នៅ​កម្ពុជា បាន​ថ្លែង​ថា រឿង​ក្តី​លោក សម រង្ស៊ី មិន​អាច​ដោះ​ស្រាយ​បាន​ទេ ក្រៅ​ពី​ការ​សម្រុះ​សម្រួល​ផ្លូវ​នយោ​បាយ ព្រោះ​វា​កើត​ឡើង​ដោយ​សារ​អ្នក​នយោបាយ​មាន​គំនិត​ផ្ទុយ​គ្នា៕ TK

Comments system

Disqus Shortname